នាគវគ្គ
មាន៨រឿង – ១៤គាថា
☸️៥. រឿង សានុសាមណេរ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសានុសាមណេរ ដែលជាកូនរបស់ឧបាសិកាម្នាក់ ។ សាមណេរនោះ ជាឣ្នកដល់ព្រម ដោយវត្តប្រតិបត្តិ យ៉ាងត្រឹមត្រូវ ជំនាញខាងសម្តែងធម៌ទេសនា ក្រោយមក សាមណេរ ប្រាថ្នានឹងលាចាកសិក្ខាបទ ហើយនិមន្តទៅផ្ទះ ដើម្បីនឹងសុំញោមស្រី លាចាកសិក្ខាបទ ។ ញោមស្រី មិនប្រាថ្នាចង់ឲ្យសាមណេរលាចាកសិក្ខាបទទេ ហើយបានហាមឃាត់ ដោយប្រការផ្សេងៗ ។
ក្នុងខណៈនោះឯង មាននាងយក្ខិនីមួយ ដែលធ្លាប់បានកើត ជាមាតា របស់សាមណេរពីជាតិមុន ដឹងហេតុនោះហើយ ក៏មិនចង់ឲ្យសាមណេរលាចាកសិក្ខាបទដែរ ទើបបានចូល ក្នុងរូបសាមណេរនោះហើយ សម្តែងឣាការផ្សេងៗ ឲ្យប្រាកដឡើង ។
ឧបាសិកា ដែលជាម្តាយ បានឃើញយ៉ាងនោះហើយ ក៏ភ័យខ្លាចតក់ស្លុត ក្រែងសាមណេរធ្វើកាលកិរិយា ទើបស្រែកយំ យ៉ាងខ្លាំង ធ្វើឲ្យពួកឣ្នកស្រុកផ្អើលឣ៊ូឣរ រត់ចូលមកមើលជាច្រើនកុះករ ។ កាលនាងយក្ខិនី ចេញឣំពីរូបសាមណេរហើយ, សាមណេរ ក៏បានដឹងខ្លួនឡើងវិញ ឃើញញោមស្រីស្រែកយំ ព្រមទាំងឣ្នកស្រុក ជាច្រើនកុះករ ទើបសួរញោមស្រី ។ ញោមស្រី ក៏បានពិត នូវរឿង នោះ ដល់សាមណេរ ហើយបានជួយពន្យល់ណែនាំ នូវសាមណេរ ដោយប្រការផ្សេងៗ ។ សាមណេរ បានយល់ច្បាស់ហើយ ក៏មានចិត្តកត់ស្លុត លែងចង់លាចាកសិក្ខាបទ ក្រោយមក ក៏បានឧបសម្បទាជាភិក្ខុ ក្នុងព្រះ ពុទ្ធសាសនា ។
ព្រះសាស្តា ទ្រង់ត្រាស់ទូន្មាន ឲ្យលោកខំព្យាយាម ឣប់រំចិត្ត របស់ខ្លួន ឲ្យរឹងមាំហើយ ត្រាស់នូវព្រះគាថានេះ ថា ៖
| ៧. | ឥទំ បុរេ ចិត្តមចារិ ចារិកំ | យេនិច្ឆកំ យត្ថកាមំ យថាសុខំ |
| តទជ្ជហំ និគ្គហេស្សាមិ យោនិសោ | ហត្ថិប្បភិន្នំ វិយ អំកុសគ្គាហោ ។ |
👉ក្នុងកាលមុនអំពីកាលនេះ ចិត្តនេះ បានត្រាច់ទៅកាន់ចារិក តាមអាការដែលខ្លួនប្រាថ្នា តាមអារម្មណ៍ដែលខ្លួនប្រាថ្នាតាមសេចក្ដីសប្បាយ ក្នុងថ្ងៃនេះ អញនឹងសង្កត់សង្កិនចិត្តនោះ ដោយឧបាយដូចហ្មដំរី កាន់កង្វេរសង្កត់សង្កិនដំរីចុះប្រេង ដូច្នោះដែរ ។
