៤. ពន្ធនាគារ

តណ្ហាវគ្គ

មាន១២រឿង – ២៦គាថា

☸️៤. រឿង ពន្ធនាគារ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមន្ទីរឃុំឃាំង ក្នុងក្រុងសាវត្ថី ដែលគេធ្វើហើយ យ៉ាងរឹងប៉ឹងមាំមួនល្អ ព្រមទាំងពន្ធនាការ សម្រាប់ដាក់ឣ្នកទោស ក៏មាំទាំដូចគ្នាដែរ ។ ភិក្ខុទាំងឡាយ បានឃើញហើយ ទើបចូលទៅក្រាបទូល ដល់ព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន ចំណងដែលមាំមួន រឹងប៉ឹងជាងនេះ តើមានដែរឬទេ?” ។

ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ចំណងទាំងនេះ មិនសំខាន់ទេ ចំណង ពោលគឺតណ្ហា កម្រនឹងបុគ្គលណាមួយស្រាយបានណាស់” ដូច្នេះហើយ ទ្រង់នាំឣតីតនិទានមកសម្តែង ថា “សម័យថ្ងៃមួយ ព្រះពោធិសត្វ ប្រាថ្នាចង់បួស ហើយបានសុំភរិយាទៅបួស ។ ភរិយាបាន សុំឣង្វរករ ថា “ចាំដល់ឣូន សម្រាលកូនសិន សូមបងទៅបួសចុះ” ។ លុះសម្រាលកូនរួចហើយ, ភរិយា ក៏បានសុំឣង្វរករស្វាមីទៀតថា “ចាំឲ្យកូនដាច់ទឹកដោះសិនណា៎ បងសំឡាញ់ចិត្ត” ។ ពេលដែលកូនដាច់ទឹដោះហើយ, ភរិយា ក៏មានផ្ទៃពោះមួយទៀត ។ ព្រះពោធិសត្វ បានឃើញ ភរិយាមានផ្ទៃពោះហើយ មិនសប្បាយចិត្តសោះ បានលួចរត់ទៅ បួសជាតាបសឥសី រហូតបានសម្រេចឈានសមាបត្តិ នៅជាសុខសប្បាយ ក្នុងហិមវន្តប្រទេស” ក្នុងទីបញ្ចប់នៃឣតីតនិទាន ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

១២.ន តំ ទឡ្ហំ ពន្ធនមាហុ ធីរាតុយទាយសំ ទារុជបព្វជញ្ច
សារត្តរត្តា មណិកុណ្ឌលេសុបុត្តេសុ ទារេសុ ច យា អបេក្ខា ។

👉ចំណងណា ដែលកើតអំពីដែកក្ដី កើតអំពីឈើក្ដី​ កើតអំពីស្មៅយាប្លងក្ដី អ្នកប្រាជ្ញមិនហៅ​ចំណង​នោះ​ថា​ ជា​ចំណង​មាំមួនឡើយ ពួកជនណា ត្រេកអរក្រៃពេក​ ក្នុងកែវមណីនិងកុណ្ឌល​ទាំង​ឡាយ​ក្ដី​ សេចក្ដី​អាឡោះ​អាល័យ​កូន​និងប្រពន្ធទាំងឡាយក្ដី ។

១៣.ឯតំ ទឡ្ហំ ពន្ធនមាហុ ធីរាឱហារិនំ សិថិលំ ទុប្បមុញ្ចំ
ឯតម្បិ ឆេត្វាន បរិព្វជន្តិអនបេក្ខិនោ កាមសុខំ បហាយ ។

👉អ្នកប្រាជ្ញទាំងឡាយ​ ហៅសេចក្ដីត្រេកអរ​ និងសេចក្ដីអាឡោះអាល័យនោះ ថាជាចំណងមាំមួន​ ជាចំណងនាំចុះ ( ទាញ​សត្វ​ទម្លាក់​ទៅ​ក្នុង​អបាយ )​ ជា​ចំណងធូរទេ ប៉ុន្ដែសត្វស្រាយបានដោយកម្រ​ អ្នកប្រាជ្ញទាំងឡាយ​ កាត់​ចំណង​នោះចេញ​ ជាអ្នកមិនមានសេចក្ដីអាឡោះអាល័យ លះបង់កាមសុខ ហើយចេញបួស ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ១២

📜 ២៤-តណ្ហាវគ្គរឿង

📜១. ត្រីឈ្មោះកបិលៈ
📜២. សុករបោតិកៈ
📜៣. វិព្ភន្តកភិក្ខុ
📜៤. ពន្ធនាគារ
📜៥. ព្រះនាងខេមា
📜៦. ឧគ្គសេនសេដ្ឋីបុត្រ
📜៧. ចូឡធនុគ្គហបណ្ឌិត
📜៨. មារ
📜៩. ឧបកាជីវក
📜១០. សក្កទេវរាជ
📜១១. ឣបុត្តកសេដ្ឋី
📜១២. ឣង្កុរទេវបុត្រ