ភិក្ខុវគ្គ
មាន១២រឿង – ២៣គាថា
☸️២. រឿង ភិក្ខុសម្លាប់ហង្ស
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ជាឣ្នកពូកែ ក្នុងរឿងផ្ទាត់ដុំក្រួស ។ ថ្ងៃមួយ ភិក្ខុនោះ កំពុងឣង្គុយសន្ទនា ជាមួយនឹងភិក្ខុទាំងឡាយ បានឃើញហង្សហើរមក ទើបប្រាប់ភិក្ខុផងគ្នាថា “ខ្ញុំ នឹងផ្ទាត់ដុំក្រួស ឲ្យត្រូវភ្នែកហង្សខាងនេះ ហើយឲ្យធ្លុះទៅខាងនុ៎ះ” ។ ភិក្ខុទាំងឡាយ ជាសំឡាញ់ មិនជឿ ។ ភិក្ខុរូបនោះ បានផ្ទាត់ដុំក្រួស តម្រង់ទៅរកភ្នែកហង្សហើយ ត្រូវចំភ្នែកតែម្តង ។ ហង្សបានធ្លាក់ចុះមកស្លាប់ មួយរំពេចនោះឯង ។ ភិក្ខុទាំងឡាយ បានឃើញហើយ ទើបយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តា ។
ព្រះសាស្តា ទ្រង់បានត្រាស់តិះដៀល ដោយប្រការផ្សេងៗ ហើយត្រាស់នូវព្រះគាថានេះ ថា ៖
| ៣. | ហត្ថសញ្ញតោ បាទសញ្ញតោ | វាចាសញ្ញតោ សញ្ញតត្តមោ |
| អជ្ឈត្តរតោ សមាហិតោ | ឯកោ សន្តុសិតោ តមាហុ ភិក្ខុំ ។ |
👉ជនណា សង្រួមដៃ សង្រួមជើង សង្រួមវាចា សង្រួមអត្តភាព ជាអ្នកត្រេកអរក្នុងការចម្រើនកម្មដ្ឋាន ដែលមានក្នុងខ្លួន ជាហេតុមានចិត្តតម្កល់មាំ ជាអ្នកនៅឯកឯង តែងមានចិត្តត្រេកអរក្នុងធម៌ បណ្ឌិតទាំងឡាយ ហៅជននោះថា ភិក្ខុ ។
