ច្បាប់កេរ្ដិ៍កាល

(១)កេរ្ដិ៍កាលពីព្រេងព្រឹទ្ធសាងសុចរិតទុកទៀងនៅ
សេដ្ឋីផ្ដាំប្រដៅបុត្រសង្សារទុកក្រោយហោង ។
កូនអើយកេរ្ដិ៍មេបាចូររក្សាគន់គិតគ្រង
ថែទាំចាំរួសរងប្រុងប្រយត្នប្រយោជន៍យូរ ។
ធម្មតាអ្នកជាជាតិការគេអាទិ៍ឱ្យគិតគូរ
កុំខ្ជិលដេកទទូរដល់ថ្ងៃរះពេញពន្លឺ ។
តាក់តែងខ្ញុំកំដរទោះចេញទៅរកធ្វើស្រែភ្លឺ
ចិញ្ចឹមគោក្របីរកខ្សែវល្លិបោះក្រោលឃ្នង ។
(៥)ធ្វើស្រែទិសប្រាំបីខ្ញុំប្រុសស្រីចេញជួយផង
មើលផ្ទះស្រះរបងវាំងចំណារគួររក្សា ។
ឱ្យមានក្ដីបារម្ភធ្វើស្រែកុំចោលចម្ការ
ដឹងដែកកាំបិតព្រាទុកឱ្យជាកុំឱ្យបាត់ ។
ដេកយប់ឱ្យរាំងទ្វារទ្រព្យសម្រាលរៀបប្រយត្ន
ចងទូកកុំឱ្យសាត់ផ្ទះបាក់បែកឆាប់ទល់ទ្រ ។
សារពើទ្រព្យអ្វីៗប្រុងស្មារតីទុកឱ្យល្អ
អុសទឹកស្រូវអង្ករយកចេញចាយមានកំណត់ ។
កុំអាងមានទ្រព្យច្រើនពុំក្រវើនរកផ្គត់ផ្គង់
យកចាយចាយដោយបទទោះនឹងទុកៗដោយខ្នាត ។
(១០)រទេះសេះដំរីរាប់បញ្ជីកុំឱ្យឃ្លាត
ខ្ញុំណាមានមាយាទទុកដាក់ដៃឱ្យរក្សា ។
សប្បុរសយល់ដោយមុខស៊ុកគ្រលុកពេកពុំជា
កំណាញ់ក្រៅតម្រាសោតសឹងអាប់ប្រយោជន៍យស ។
រក្សាខ្លួនឱ្យរុងរឿងឧតុង្គឧត្តមខ្ពស់
ប្រដាប់ដោយសក្ដិយសខ្លួនជាធំឱ្យថែថួន ។
ឱ្យទានតាំងចិត្ដស្មោះកុំអាឡោះអាល័យស្ងួន
ទ្រព្យនេះនឹងនាំខ្លួនទៅបរលោកពុំសោះសូន្យ ។
ទ្រព្យធនទោះថោកថ្លៃកុំដាក់ដៃឱ្យតែកូន
នូវអស់ទាំងបងប្អូនអ្នកដទៃរក្សាតាង ។
(១៥)ទុកចិត្ដខ្ញុំមើលដាក់ស្មើភ្នែកខ្វាក់ទាំងសងខាង
ឱ្យកូនគន់មើលតាងស្មើភ្នែកម្ខាងពុំពេញពីរ ។
ធ្វើអ្វីធ្វើឱ្យហើយកុំទុកឡើយបង្កើតកិរ
ស្អាតអស់សរិលកុំឱ្យមានក្ដីមន្ទិល ។
ដំណេកដេកជាខ្នាតឱ្យសម្អាតសំអាងជា
ទើបទេវតារក្សាចម្រើនសុខស្រីសួស្ដី ។
គ្រឹះហាឱ្យផ្ចិតផ្ចង់កុំឱ្យផង់ផុយធូលី
ជម្រះបារបោសដីឱ្យហ្មត់ហ្មងកើតសុខា ។
អញ្ជុលទុកឱ្យគង់ប្រាក់ក្នុងថង់ទុកឱ្យជា
ប្រើខ្ញុំមើលមុខវាទោះកាចជាមើលឱ្យស្ដែង ។
(២០)សារពើរួសរៀនរិះឱ្យចាំចេះៗចាចែង
ចង់គាប់ប្រើស្វះស្វែងរករៀនរិះសារពើក្ដី ។
សប្បុរសពេកចាញ់ធននាទុជ៌នចាញ់ឥន្ទ្រិយ
ប្រពន្ធល្អច្រើនចាញ់ប្ដីពាក្យច្រើនភូតចាញ់អាត្មា ។
ឈើផ្លែច្រើនចាញ់ស្លឹកត្រីច្រើនទឹកល្អក់ពុំជា
ទ្រព្យច្រើនព្រួយរក្សាទ្រព្យតិចណាព្រួយរិះគិត ។
ដេកយប់កុំដំអក់ឱ្យលង់លក់ក្រៅសុចរិត
ខ្ញុំណាមានគំនិតគួរឱ្យគិតប្រណីវា ។
ចងទូកបោះបង្គោលរិះរកថ្នោលពួរយុថ្កា
ការខ្យល់កាចពុំជាក្រែងពានពារបោកបែកបាត់ ។
(២៥)រៀនរិះសារពើក្ដីទោះស្រដីកាន់ពាក្យសត្យ
ចាំក្បួនចាំឱ្យស្ទាត់កុំអៀនប្រៀនសមពាក្យពោល ។
ការក្រកុំគិតងាយការសម្ពា​យជាកំរោល
សន្សឹមកុំបំបោលក្រែងពុំដល់ដូចប្រាថ្នា ។
រៀនរិះរួសរវាំងធ្វើស្រែប្រាំងស្រែវស្សា
ធ្វើស្រែមានចំណារធ្វើចម្ការចាររបង ។
ផ្លូវវៀចកុំបោះបង់ផ្លូវណាត្រង់កុំដើរហោង
ដើរដោយផ្លូវគន្លងតម្រាយអ្នកចាស់បុរាណ ។
ឆ្កែជាឱ្យបាយឆីដេកនៅដីចាំធនធាន
គ្រឿងសឹកទុកទាហានកេរ្ដិ៍គម្ពីរទុកប្រាជ្ញប្រាយ ។
(៣០)យល់តូចកុំអាលខំទោះយល់ធំកុំអាលស្រាយ
គិតក្ដីកុំគិតងាយមើពិនិត្យពិនិស្ច័យ ។
កូនអើយកេរ្ដិ៍មេបាចូររក្សាចាំសព្វថ្ងៃ
ទ្រព្យធនទោះថោកថ្លៃគួររក្សាកុំបីធ្លោយ ។
ពាក្យនេះជាត្រកាលជាខ្លឹមសារទៀងទុកឱ្យ
កូនចៅនៅឯក្រោយតែងទូន្មានអង្គអាត្មា ។
ថែទាំទើបគង់ទ្រព្យរៀបរណ្ដាប់ទុកទើបជា
ចាយវាយក្រៅតម្រាសឹងវិនាសធនធានផង ។
បានមកទុកឱ្យគង់កុំឱ្យបង់បាត់បំណង
រៀនរិះរក្សាគ្រងយកចេញចាយដោយរដូវ ។
(៣៥)ដឹងហាបឱ្យដឹងតុលភ្នែកឱ្យយល់ទៀងត្រាជូ
គិតត្រង់សព្វដោយផ្លូវក្ដីចន្លោះកុំបីមាន ។
ពាក្យនេះស្មើខ្លួនហើយកូនចៅអើយចូរចាំប្រាណ
អស់អាថ៌ឱវាទទានជាសូរេចបណ្ដាំហោង ៕៚

ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ
ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស

វិចារកថា កែវ ឈុន ៖ ច្បាប់កេរ្ដិ៍កាល ជាស្នាដៃរបស់កវីដ៏ឆ្នើមម្នាក់ ប៉ិនប្រសព្វទាំងសម្ដីថ្វីមាត់ ទាំងការកត់ត្រាតែងនិពន្វ ហើយជាអ្នកខំប្រឹងប្រែងធ្វើការរកស៊ីយ៉ាងខ្លាំង រហូតក្លាយខ្លួន អ្នកមានស្ដុកស្ដម ជាសេដ្ឋីមានទ្រព្យសម្បត្ដិយ៉ាងមហាសាលទៀតផង ។ បទកំណាព្យផ្ដែផ្ដាំ ទូន្មានកូនចៅក្នុងច្បាប់កេរ្ដិ៍កាល អ្នកនិពន្ធបានលើកឡើង អំពីការប្រកបកិច្ចការរកស៊ីប្រចាំថ្ងៃធម្មតាៗ របស់កសិករខ្មែរយើង ដូចជាការនែនាំឱ្យកូនចៅមានស្មារតីភ្ញាក់រឭក កុំឱ្យខ្ជិលច្រអូស ដេកដល់ថ្ងៃរះ ត្រូវក្រោករូតរះមើលថែរក្សាគោក្របីផ្ទះសម្បែង ខំប្រឹងប្រែងប្រកបកិច្ចការងារគ្រប់បែបយ៉ាង ធ្វើស្រែទាំងប្រាំង ទាំងវស្សា ទាំងចម្ការកុំឱ្យនៅទំនេរដៃសោះឡើយ ។

ក្រៅពីកិច្ចការ អ្នកនិពន្ធនៅបានផ្ដែផ្ដាំទូន្មានអំពីសីលធម៌ សុជីវធម៌ នៅក្នុងការរស់នៅឱ្យបានខ្ពស់ប្រសើរ ដោយបានធ្វើការប្រៀបធៀបអំពីហេតុផលជាក់ស្ដែង ជាច្រើនប្រការ ដូចជាថា កុំចិញ្ចឹមសត្វខ្លា កាន់កពស់ឱ្យខ្ជាប់ អូសទូកកុំឱ្យល្អាន អ្នកប្រាជ្ញរក្សាខ្លៅ អ្នកមានរក្សាខ្សត់ជាដើម និងមានពាក្យប្រៀបធៀបសាមញ្ញៗ ណែងណងជាច្រើនទៀត មានន័យជ្រាលជ្រៅ ពីរោះដក់ជាប់ចិត្ដរកអ្វីប្រៀបពុំបានឡើយ ។ អត្ថន័យក្នុងបទកំណាព្យច្បាប់កេរ្ដិ៍កាល បង្ហាញឱ្យឃើញជាក់ច្បាស់ថា អ្នកនិពន្ធគឺជាកសិករម្នាក់ ហើយដោយសារការឧស្សាហ៍ព្យាយាមខំប្រឹងប្រែងធ្វើការងារយ៉ាងច្រើន ក៏បានក្លាយទៅជាអ្នកមានទ្រព្យសម្បត្ដិយ៉ាងស្តុកស្ដមមហាសាល មិនមែនខ្ជិលច្រអូស ទន់ជ្រាយរវេបរវបដេកចាំព្រេងសំណាងនោះទេ គឺជាការភ្ញាក់រឭកទាន់ពេលវេលា ខ្នះខ្នែងមាំមួន រឹងប៉ឹងទាំងផ្នែកសតិអារម្មណ៍ បញ្ញាស្មារតី ឥតបណ្ដែតបណ្ដោយ ឱ្យធ្លាក់ចូលទៅក្នុងអបាយមុខដោយប្រការណាមួយឡើយ ។

តំណភ្ជាប់ទៅអត្ថបទផ្សេងទៀត…

🕮 ចំនួនអត្ថបទមាន: ២

📝 នានាកាព្យ

📝ច្បាប់កេរ្ដិ៍កាល
📝ច្បាប់​ក្រម