ទសពិធរាជធម៌ ជាធម៌សម្រាប់ថ្នាក់ដឹកនាំកំពូលរបស់រដ្ឋមានជាអាទិ៍ ព្រះរាជា ប្រធានាធិបតី នាយករដ្ឋមន្ត្រី… យកមកប្រតិបត្តិស្របតាមរបបគ្រប់គ្រងរដ្ឋ ទោះជាតាមទំនៀមទម្លាប់ក្ដី តាមរដ្ឋធម្មនុញ្ញក្ដី ។
ក្នុងនាមជាម្ចាស់ផែនដីមួយ អ្នកដឹកនាំរដ្ឋ ឬអ្នកគ្រប់គ្រងរដ្ឋមិនថាជាស្ដេចចក្រពត្តិ បទេសរាជ ឬអ្នកដឹកនាំកំពូលត្រូវមានលក្ខណសម្បត្តិសម្រាប់ដឹកនាំដូចពាក្យ «រាជា» មានន័យថា អ្នកដែលអនុគ្រោះមហាជនដោយសង្គហធម៌ ៤ មានបទវិគ្រោះ «បុគ្គលញ៉ាំងខ្លួនដើម្បីអនុគ្រោះនូវមហាជនដោយសង្គហវត្ថុ ៤ នេះគឺ ទាន បិយវចនៈ អត្ថចរិយា និងសមានត្តតា ព្រោះហេតុនោះ បុគ្គលនោះឈ្មោះថា រាជា» ។ ព្រះរាជា ឬអ្នកដឹកនាំត្រូវប្រតិបត្តិនូវធម៌ ៤ ជំពូកដូចខាងក្រោម ៖
ក. ធម៌ជំពូកទី១: ទសពិធរាជធម៌
ថ្នាក់ដឹកនាំកំពូលនៃរដ្ឋដែលគេតែងឧទ្ទេសនាម ព្រះរាជា ប្រមុខរដ្ឋ អគ្គមគ្គុទ្ទេសក៍ ត្រូវប្រកបដោយធម៌ទាំងឡាយ ១០ ប្រការដែលលោកហៅថា ទសពិធរាជធម៌ គឺ ៖
១. ទាន
ទាន គឺការលះបង់ទេយ្យវត្ថុ ឬទ្រព្យសម្បត្តិដើម្បីប្រយោជន៍ដល់ប្រជានុរាស្ត្រ ។ ស្ដេច ឬអ្នកដឹកនាំរូបនោះឯងជាអ្នកធ្វើនូវឧបការៈ គឺធ្វើគុណប្រយោជន៍ចំពោះអ្វីដែលខ្លួនគ្រប់គ្រងគឺថាត្រូវធ្វើនូវអ្វីដើម្បីលះបង់ មិនមែនដើម្បីប្រមូលយកកម្រៃចំណេញឡើយ ។ លោកត្រូវឧទ្ទិសខ្លួនចំពោះអ្វីដែលខ្លួនបម្រើការដល់ប្រទេសជាតិ ហើយក៏ត្រូវផ្ដល់ភាពស្ដុកស្ដម្ភ និងជំនួយដល់ប្រជាជនដើម្បីធានានូវការរស់នៅ ជាសុខស្រួល និងសុវត្ថិភាព ។ អ្នកដឹកនាំនោះឯងត្រូវជួយសង្គ្រោះអ្នកដែលរងទុក្ខ និងមានសេចក្ដីលំបាកក្នុងការរស់នៅ ហើយជួយគាំទ្រអ្នកដែលបានធ្វើល្អឲ្យរឹងរឹតតែល្អជាងមុនថែមទៀត (ដូចមានសេចក្ដីចែងទុកក្នុងព្រះត្រៃបិដកលេខ១៥ ទំព័រ២០ មានពណ៌នាពីស្ដេចមហាវិជិតរាជ ដែលទ្រង់បានផ្ដល់ទ្រព្យសម្រាប់ទ្រទ្រង់វិស័យក្នុងសេដ្ឋកិច្ច និងពាណិជ្ជកម្ម) ។
២. សីល
សីល ការសង្រួមកាយវាចា បានដល់ការសង្រួម ឬរក្សានូវការប្រព្រឹត្តខាងសីលធម៌ (គឺវិន័យប្រចាំជីវិត) ឲ្យប្រពៃ ។ អ្នកដឹកនាំរូបនោះមានការប្រព្រឹត្តឥតខ្ចោះ គឺជៀសវាងការប្រព្រឹត្តខុសផ្លូវកាយ និងវាចា ។ អ្នកដឹកនាំនោះត្រូវមានទង្វើល្អ និងត្រូវធ្វើឲ្យមានកិត្តិយសខ្ពង់ខ្ពស់ ហើយត្រូវធ្វើជាគំរូសម្រាប់ប្រជាជន (ប្រព្រឹត្តខ្លួនឲ្យជាទិដ្ឋានុគតិ) ដើម្បីទទួលនូវការគោរពរាប់អានពីសំណាក់ប្រជាជន និងជៀសវាងពីការមើលងាយដោយប្រការណាមួយ ។
៣. បរិច្ចាគ
បរិច្ចាគ ការលះបង់ គឺធ្វើការដោយមិនគិតពីខ្លួនឯង គឺត្រូវលះបង់នូវភាពស្រួលស្រណុកផ្ទាល់ខ្លួន សូម្បីតែជីវិតរបស់ខ្លួនក៏ហ៊ានលះបង់ដើម្បីជាប្រយោជន៍ដល់ប្រជាជន ដល់សន្តិភាព និងស្ថិរភាពប្រទេសជាតិ ។
៤. អជ្ជវ
អជ្ជវ ភាពស្មោះត្រង់ គឺការប្រតិបត្តិតួនាទីដោយមានភាពស្មោះត្រង់ ។ អ្នកដឹកនាំនោះត្រូវមានភាពស្មោះត្រង់ ហើយរក្សាសច្ចធម៌ និងមិនមានមានះ គឺការលើកតម្កើងខ្លួនក្នុងការចាត់ចែងការងាររបស់ខ្លួន ។ អ្នកដឹកនាំនោះជាអ្នកស្មោះស្ម័គ្រ ទៀងត្រង់ និងមិនតម្កើងមានះរបស់ខ្លួនដើម្បីគំរាមកំហែងអ្នកក្រោមបង្គាប់ និងប្រជាជន ។
៥. មទ្ទវ
មទ្ទវ ភាពទន់ភ្លន់ គឺការដាក់ខ្លួនឲ្យសុភាពទន់ភ្លន់ ការទទួលខុសត្រូវរបស់អ្នកដឹកនាំនោះគឺជាអ្នកមិនមានភាពច្រឡោងខាម ។ អ្នកដឹកនាំនោះត្រូវមានភាពជាអភិជន រក្សាកិត្តិនាមដែលផ្អែកទៅលើអាករៈដ៏សុភាពរាបសាដែលជំរុញឲ្យមានការបូជា និងភក្ដីភាព តែមិនមានភាពទន់ជ្រាយឡើយ ។
៦. តប
តប ការដុតកម្ដៅកិលេស គឺច្រានចោលនូវការប្រកាន់ទោសតាមរយៈការប្រព្រឹត្តតឹងរ៉ឹង ។ អ្នកដឹកនាំត្រូវកម្ចាត់បង់នូវកិលេសតណ្ហា ហើយមិនឲ្យគ្រឿងសៅហ្មងទាំងនោះមកគ្របសង្កត់ចិត្តរបស់ខ្លួន ហើយក៏មិនបណ្ដោយកិលេសទាំងនោះមកបំផ្លាញសេចក្ដីសុខខាងផ្លូវចិត្ត និងមិនឲ្យក្លាយខ្លួនទៅជាអ្នកប្រព្រឹត្តអបាយមុខ ។ អ្នកដឹកនាំនោះជាមនុស្សសាមញ្ញធម្មតាក្នុងមាគ៌ាជីវិត និងបូជាខ្លួនដើម្បីការបំពេញតួនាទី ។
៧. អកោធ
អកោធ មិនខឹងក្រោធ គឺការទទួលដឹងនូវហេតុផល ដោយមិនមានសេចក្ដីក្រោធ ។ អ្នកដឹកនាំមិនត្រូវបញ្ចេញកំហឹងចេញមកក្រៅទាំងកំរោល មិនត្រូវវិនិច្ឆ័យអ្វីទាំងកំហឹងឡើយ តែត្រូវមានចិត្តធ្ងន់ធ្ងរ សង្កត់កំហឹងនោះមិនឲ្យចេញមកខាងក្រៅបាន ។ លោកមិនសម្រេចចិត្តអ្វីនៅពេលមានកំហឹងក្នុងខ្លួនលោកទេ ។ លោកតែងប្រព្រឹត្តឲ្យសុក្រឹតត្រឹមត្រូវក្នុងចិត្តដែលមានភាពល្អិនល្អន់ និងត្រជាក់ ។
៨. អវិហឹសា
អវិហឹសា ការមិនបៀតបៀន បានដល់ការធ្វើឲ្យមានស្ថិរភាពតាមបែបអហិង្សា ។ លោកមិនវង្វេងនឹងអំណាច ឬក៏ប្រើប្រាស់អំណាចនោះដើម្បីសង្កត់សង្កិនអ្នកក្រោមបង្គាប់ ។ លោកជាអ្នកមានសន្ដានចិត្តល្អ មិនស្វែងរកកំហុសដើម្បីចោទប្រកាន់អ្នកក្រោមបង្គាប់ ព្រោះការសងសឹក និងសេចក្ដីមិនពេញចិត្តដោយប្រការណាមួយឡើយ ។
៩. ខន្តី
ខន្តី សេចក្ដីអត់ធន់ បានដល់ការយកឈ្នះឧបសគ្គដោយភាពអំណត់ ។ លោកមានភាពអំណត់ចំពោះកិច្ចការលំបាក ហើយនិងតស៊ូនូវរាល់ភារកិច្ចដោយមិនគិតពីភាពនឿយហត់ មិនថាកិច្ចការនោះលំបាក ឬស្មុគស្មាញយ៉ាងណាក្ដី ។ លោកមិនចុះចាញ់ ឬចុះញ៉មនឹងអំពើអាក្រក់ដែលគេប្រព្រឹត្តចំពោះខ្លួន មិនថាជារឿងចំអក ជាពាក្យអសុរោះ និងពាក្យគួរឲ្យធុញទ្រាន់យ៉ាងណាក្ដី ។ លោកមិនអាក់ចិត្ត ហើយនិងមិនបោះបង់ចោលនូវភារកិច្ចដែលត្រឹមត្រូវដែលលោកគួរធ្វើ ឬបំពេញឡើយ ។
១០. អវិរោធន
អវិរោធន ការមិនធ្វើអ្វីដែលប្រាសចាកពីសច្ចធម៌ ។ លោកមិនបំពាននូវច្បាប់ ។ រាល់សកម្មភាពដឹកនាំរដ្ឋ លោកតែងតែគោរពគោលការណ៍នៃការគ្រប់គ្រងរដ្ឋដោយផ្អែកលើសុខុមាលភាព និងឧត្ដមប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាតិមាតុភូមិជាធំ ។ លោកបានតម្កល់ខ្លួនដោយប្រពៃក្នុងគោលការណ៍ត្រឹមត្រូវ និងមិនងាកចេញ ឬបង្វែរចេញពីភាពយុត្តិធម៌ ភាពត្រឹមត្រូវ ភាពជាផ្លូវការ និងគោលការណ៍នៃការគ្រប់គ្រងរួមបញ្ចូលទាំងទំនៀមទម្លាប់ និងប្រពៃណីដែលល្អ ។ លោកមិនជំទាស់នឹងបំណងស្របច្បាប់សមហេតុផលរបស់ប្រជាពលរដ្ឋ ។ លោកមិនរារាំងនូវសកម្មភាពទាំងឡាយដែលជាសេចក្ដីល្អ និងតម្រូវការសាធារណៈឡើយ ។ លោកមានជំហររឹងមាំក្នុងភាពត្រឹមត្រូវ សច្ចធម៌ មិនញាប់ញ័រនឹងពាក្យពីរោះ អសុរោះ ការបានលាភ ឬការមិនបានលាភ ការចូលចិត្ត និងការមិនចូលចិត្ត សេចក្ដីគាប់ចិត្ត និងសេចក្ដីមិនគាប់ចិត្ត គឺលោកតាំងចិត្តជាឧបេក្ខាក្នុងការបំពេញតួនាទីដ៏ឧត្ដុង្គឧត្ដមនេះ ។
គួរកត់សម្គាល់ថា ក្នុងទសពិធរាជធម៌នេះមានធម៌ខ្លះមានលក្ខណៈដូចគ្នានឹងបារមីដែលជាពុទ្ធការកធម៌យ៉ាងនោះឯង ដូចជា ទាន សីល ខន្តី ជាដើម ។ ព្រះរាជា ព្រះអង្គប្រារព្ធធម៌នេះក្នុងតួនាទីរបស់ព្រះអង្គ រីឯព្រះពោធិសត្វ ព្រះអង្គប្រតិបត្តិធម៌នេះដោយឆន្ទៈរបស់ព្រះអង្គដើម្បីបានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ។
ខ. ធម៌ជំពូកទី២: ការបំពេញនូវភារកិច្ចរបស់ស្ដេចចក្រពត្តិ
អគ្គមគ្គុទ្ទេសក៍រដ្ឋ ឬប្រមុខរដ្ឋ មានកាតព្វកិច្ចបំពេញតួនាទី៥ប្រការរបស់ស្ដេចចក្រពត្តិ ដូចខាងក្រោម ៖
១. ធម្មាធិបតេយ្យ
ធម្មាធិបតេយ្យ ការកាន់យកធម៌ជាធំ គឺថាលោកប្រកាន់នូវសច្ចធម៌ ភាពត្រឹមត្រូវ សេចក្ដីល្អ ហេតុផល គោលការណ៍ និងច្បាប់ត្រឹមត្រូវ ។ លោកគោរពលើកតម្កើងរក្សាខ្លួន និងតាំងខ្លួននៅក្នុងសច្ចភាពនិងប្រតិបត្តិតាមគោលការណ៍ទាំងនោះ ។
២. ធម្មិការក្ខា
ធម្មិការក្ខា ការរក្សាដែលប្រកបដោយធម៌ គឺថាផ្ដល់ការការពារយ៉ាងត្រឹមត្រូវ ។ លោកផ្ដល់ការការពារប្រកបដោយយុត្តិធម៌ដល់មនុស្សទាំងអស់នៅលើផែនដី ពោលគឺ មន្ត្រីរាជការ កងទ័ព នគរបាល មន្ត្រីបម្រើការតាមមូលដ្ឋាន សិស្ស និស្សិត បញ្ញវន្ត អាជីវករ កម្មករ កសិករ ព្រមទាំងមនុស្សទាំងអស់គ្រប់ស្រទាប់វណ្ណៈ ទាំងអ្នករស់នៅតាមជាយដែន ព្រះសង្ឃ និងអ្នកកាន់សាសនាផ្សេងៗដែលប្រកាន់នូវសីលធម៌ និងចរិយាធម៌ដោយហោចទៅសម្បីតែសព្វសត្វ និងបក្សាបក្សីក៏ត្រូវការអភិរក្ស គឺការអភ័យឲ្យមានជីវិតរស់នៅដោយសុខសាន្ត ។
៣.មាអធម្មការ
មាអធម្មការ ហាមឃាត់នូវរាល់ទង្វើដែលប្រាសចាកពីគន្លងធម៌ ។ លោករៀបចំវិធានការការពារ និងកែខៃ មិនអនុញ្ញាតឲ្យមាននូវទង្វើអយុត្តិធម៌ ការកេងប្រវញ្ច ការគាបសង្គត់ អំពើពុករលួយ ឬក៏ភាពចលាចលកើតឡើងនៅក្នុងប្រទេស ។ លោកជំរុញមនុស្សទាំងអស់ឲ្យតម្កល់ខ្លួននៅក្នុងភាពស្មោះត្រង់ និងគុណធម៌ ហើយនឹងបង្កើតនូវប្រព័ន្ធវិធីសាស្ត្រកាន់បន្ថយមនុស្សអាក្រក់ និងបណ្ដុះបណ្ដាលមនុស្សឲ្យបានល្អកាន់តែច្រើនឡើង ។
៤. ធនានុប្បធាន
ធនាបុប្បធាន ចែកចាយធនធានដល់អ្នកក្រីក្រ ។ លោកធានាថា មិនឲ្យមានភាពអត់ឃ្លាននៅក្នុងដែនដីរបស់លោក ដូចជាមានការរៀបចំឲ្យមនុស្សគ្រប់គ្នា មានឱកាសប្រកបរបរចិញ្ចឹមជីវិតដោយភាពសុចរិតទៀងត្រង់ និងត្រឹមត្រូវ ។
៥. បរិបុច្ឆា
បិរបុច្ឆា បទេសរាជ ប្រមុខរដ្ឋតែងតែសាកសួរញយៗសុំយោបល់ពីអ្នកប្រាជ្ញបណ្ឌិត ។ លោកមិនលះបង់ចោលនូវកិច្ចពិភាក្សា ។ លោកស្វែងរកនូវឧត្ដមភាពក្នុងប្រាជ្ញា និងគុណធម៌ខ្ពស់ និងចរិយាធម៌ ជាអ្នកដែលលើកតម្កើងនូវសីលធម៌ មិនមានសេចក្ដីប្រមាទ ឬវង្វេងភ្លេចខ្លួននឹងយសសក្តិ ជាមនុស្សដែលអាចជួយឲ្យចម្រើននូវបញ្ញា និងកុសលធម៌ទាំងឡាយ ។ លោកចូលទៅរកព្រះសង្ឃ និងពហុស្សូត ហើយសន្ទនា សាកសួរដើម្បីស្វែងរកចំណេះដឹង សេចក្ដីល្អ និងសច្ចធម៌ ។ លោកពិភាក្សាបញ្ហាផ្សេងៗនោក្នុងពេលដ៏សមគួរ និងទៀងទាត់ ដើម្បីលោកអាចតាមដាន និងអភិវឌ្ឍខ្លួនលោកបាន ហើយនិងអនុវត្តនូវគោលការណ៍ល្អក្នុងការស្វែងរកសេចក្ដីសុខក្សេមក្សាន្ត និងការរីកចម្រើនដោយពិតប្រាកដ ។
គ. ធម៌ជំពូកទី៣: ការអនុវត្តនូវសង្គហធម៌របស់អ្នកដឹកនាំ
អគ្គមគ្គុទ្ទេសក៍ តែងទនុកបម្រុងពលរដ្ឋរបស់លោកឲ្យរស់នៅក្នុងសាមគ្គីភាពដោយរាជសង្គហធម៌ ៤ យ៉ាង ដែលយើងបច្ចុប្បន្ននេះហៅថា «ឯកភាពជាតិ» ៖
១. សស្សមេធ
សស្សមេធ កិរិយាយល់ដឹងក្នុងការអភិវឌ្ឍនូវសេដ្ឋកិច្ច និងមុខជំនួញផ្សេងៗ ។ លោកជាអ្នកឈ្វេងយល់ និងមានសុភវិនិច្ឆ័យក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម កសិកម្ម ដែលអាចផ្ដល់ផលបានយ៉ាងច្រើនសម្រាប់ពលរដ្ឋភាគច្រើន ។
២. បុរិសមេធ
បុរិសមេធ ជាអ្នកដឹកនាំប្រកបដោយសេចក្ដីឈ្លាវៃ ស្គាល់លក្ខណៈ និងសមត្ថភាពមន្ត្រីរាជការដែលបម្រើរដ្ឋ ។ លោកប្រគល់តួនាទី និងការទទួលខុសត្រូវឲ្យសមតាមសមត្ថភាពរបស់មន្ត្រីនោះ ។ លោកបង្កើតគោលនយោបាយគាំទ្រ ពង្រឹងសមត្ថភាព និងលើកទឹកចិត្តដល់មន្ត្រីស្មោះត្រង់ និងត្រឹមត្រូវក្នុងការបម្រើប្រទេសជាតិ ។
៣. សម្មាបាស
សម្មាបាស ការបង្រួបបង្រួមប្រជានុរាស្ត្រដោយប្រពៃ បានដល់ការចងសម្ព័ន្ធភាពរវាងពលរដ្ឋទាំងអស់ ។ លោកជួយមនុស្សទាំងឡាយដោយនយោបាយដែលអាចឲ្យចិញ្ចឹមជីវិតបាន ដូចជាផ្ដល់ថវិកាសម្រាប់អ្នកក្រីក្រខ្ចីដើម្បីប្រកបអាជីវកម្មផ្សេងៗដើម្បីពង្រឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រួសារដែលអាចលើកកម្ពស់ជីវភាពគ្រួសារ ។
៤. វាចាបេយ្យ
វាចាបេយ្យ សម្ដីជាទីស្រលាញ់ លោកស្គាល់របៀបនៃការនិយាយបកស្រាយ និងការណែនាំ ។ លោកចាប់អារម្មណ៍ក្នុងការស្វាគមន៍មនុស្សគ្រប់ឋានៈ ហើយនិងចង់ដឹងអំពីសុខុមាលភាពរបស់មនុស្សទូទៅ មានសម្ដីពីរោះគួរឲ្យចង់ស្ដាប់គឺពោរពេញដោយខ្លឹមសារ និងមានហេតុផល ព្រមទាំងមានអត្ថប្រយោជន៍ ។ សម្ដីទាំងនោះអាចនាំទៅរកភាពរីកចម្រើន ការដោះស្រាយនូវបញ្ហា បង្កើតសាមគ្គីភាពយ៉ាងស្អិតល្មួត យល់គ្នាទៅវិញទៅមក ពង្រឹងការទុកចិត្ត និងការគោរពស្រលាញ់គ្នាក្នុងសង្គម ។
ឃ. ធម៌ជំពូកទី៤: រាជសង្គហវត្ថុ ៤ របស់អ្នកដឹកនាំ
១. ទាន
ទាន ការបំពេញទាន ដែលខ្លួនអាចធ្វើបានដោយបូជាទានក្ដីដោយសង្គហទានក្ដី ។
២. បិយវាចា
បិយវាចា វាចាជាទីស្រលាញ់ មានពាក្យសម្ដីគួរជាទីចូលចិត្តជាទីគាប់ចិត្ត ផ្អែមល្ហែម មិនពោលពាក្យគ្រោតគ្រាត អសុរោះ ។
៣. អត្ថចរិយា
អត្ថចរិយា ការប្រព្រឹត្តជាប្រយោជន៍ក្នុងសង្គមជាធំ មិនជាអ្នកគិតតែប្រយោជន៍ផ្ទាល់ខ្លួន ។
៤. សមានត្តតា
សមានត្តតា ភាពនៃបុគ្គលមានខ្លួនប្រព្រឹត្តស្មើក្នុងជេដ្ឋាបចាយនធម៌ គឺមានការគោរពស្រលាញ់ដល់រៀមច្បងដែលប្រកបដោយវុឌ្ឍិគឺជាអ្នកចម្រើនដោយសេចក្ដីល្អ ។
ង. ធម៌ជំពូកទី៥: ការជៀសវាងអគតិធម៌
នៅពេលដែលអ្នកដឹកនាំរដ្ឋអនុវត្តនូវភារកិច្ច លោកមិនបណ្ដោយឲ្យមានអគតិធម៌ ឬការប្រាសចាកពីយុត្តិធម៌ដែលជ្រៀតជ្រែកដោយអគតិ ៤ យ៉ាងគឺ ៖
១. ឆន្ទាគតិ
ឆន្ទាគតិ លំអៀងព្រោះប្រយោជន៍ ព្រោះស្រលាញ់ចូលចិត្ត ដោយសារបង ប្អូន សាច់ញាតិ មិត្តភក្ដិ ជាដើម ។
២. ទោសាគតិ
ទោសាគតិ លំអៀងព្រោះស្អប់ ដោយគំនិតគុំកួន មិនចូលចិត្ត និងរើសអើងជាដើម ។
៣. មោហាគតិ
មោហាគតិ លំអៀងព្រោះល្ងង់ មិនយល់ពីជម្រៅនៃបញ្ហា ។
៤. ភយាគតិ
ភយាគតិ លំអៀងព្រោះភ័យខ្លាចដោយការគាបសង្កត់ ដោយផលវិបាកដែលអាចធ្លាក់មកលើខ្លួន ។
បុគ្គលម្នាក់ៗទោះបីជាមេគ្រួសារក្ដី ជានាយដឹកនាំសហគមន៍ដ៏តូចមួយក្ដី ជាអ្នកដឹកនាំថ្នាក់ទាបក្ដី អាចព្យាយាមអនុវត្តនូវទសពិធរាជធម៌បានគ្រប់ៗគ្នា ដើម្បីបណ្ដុះ និងបំប៉នគុណធម៌របស់ខ្លួន ។
ប្រភព: មាគ៌ាជីវិតនៃព្រះពោធិសត្វ

រៀបរៀងដោយៈ បណ្ឌិត កុល ផេង
✍️ចងក្រងដោយ៖ ឈូកខ្មែរ
