ធ្វើបុណ្យពុំបានបុណ្យ
ព្រះភិក្ខុមួយអង្គត្រូវបាននិមន្ដមកសំដែងធម៌ក្នុងព្រះរាជវាំង មានក្សត្រ ព្រះរាជវង្សានុវង្ស មន្ដ្រីរាជការ អ្នកមុខអ្នកការ រាជបណ្ឌិត ចំនួនច្រើនចូលរួមស្ដាប់ព្រះធម៌។
សំលៀកបំពាក់(ចីវរ)របស់លោកមិនសមប្រកប ដាច់ដោចដោយច្រើនប្រការ ពុំសូវមានពណ៌ឆើតឆាយដូចអង្គដទៃ សូម្បីតែស្បែកជើងក៏ដាច់ដែរ។ លោកពុំសូវជាមានថេរដីកាច្រើន តែមានសតិសង្រួមនិងអប់រំមកល្អ។
ព្រះរាជាមួយព្រះអង្គទ្រង់ត្រាស់ថា តាំងពីខ្ញុំបានសោយរាជសម្បតិ្ដនេះមក ខ្ញុំបានថ្វាយបង្គំព្រះព្រឹកល្ងាច បានកសាងវត្ដវាអារាមរាប់មិនអស់ កសាងព្រះត្រៃបិដក ឧបត្ថម្ភព្រះភិក្ខុសាមណេរ សូមទូលសួរព្រះតេជព្រះគុណ
👉ថាតើខ្ញុំបានបុណ្យកុសលអ្វីខ្លះទេ?
🔸ព្រះភិក្ខុនោះតបថា ពុំបានទេ ប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណឃើញថាមាន តែតាមពិតពុំមាន។
👉ព្រះរាជាទ្រង់សួរតទៀតថា តើធ្វើដូចម្ដេចដើម្បីនឹងបានបុណ្យកុសល?
🔸ភិក្ខុនោះតបថា អ្នកសម្រេចដែលស្អាត បរិសុទ្ធហើយនោះទើបបានបុណ្យ។ បុណ្យកុសលនេះ រកពុំបានក្នុងលោកនេះ។
👉ព្រះរាជាសួរថាព្រះពុទ្ធមានពិតទេ នៅកន្លែងណា?
🔸ភិក្ខុនោះតបថា ព្រះពុទ្ធពុំមាន។
ព្រះរាជាទ្រង់ស្ដាប់នូវចម្លើយហើយឃើញថាមិនប្រក្រតី ទើបនិមន្ដលោកចេញពីព្រះរាជវាំង។
ហេតុអ្វី?
អ្នកខ្លះធ្វើបុណ្យ យកបុណ្យមកអួត ធ្វើបុណ្យដូចទីផ្សារភាគហ៊ុន ជាប់ជំពាក់នឹងបុណ្យ យកចំណេញផលប្រយោជន៍ពីបុណ្យ ធ្វើបុណ្យជំពាក់លុយធនាគារ ធ្វើបុណ្យឲ្យក្ដៅក្រហាយកូនចៅ ធ្វើបុណ្យដើម្បីឲ្យគេអួតសរសើរ ធ្វើបុណ្យដើម្បីបង្កើតទិដ្ឋិ មានៈ និងលាភយសសក្ដិ។ ធ្វើបុណ្យពុំមានបំណងដើម្បីលះលើកបាប អកុសល តំកល់ចិត្ដឲ្យស្ថិតក្នុងភាវនាធម៌ តើការធ្វើបែបនេះបានបុណ្យទេ?
Source: ភិក្ខុ យន់ សុធា
