ជំពូក៥. ការកសាងទសបារមី
ព្រះពោធិសត្វ គ្រប់ព្រះអង្គ បន្ទាប់ពីបានទទួលព្យាករណ៍ពីព្រះសម្មាសម្ពុទ្ធអង្គណាមួយរួចហើយ ក្នុងលក្ខណៈជានិយតពោធិសត្វត្រូវបំពេញនូវទសបារមី (បារមី១០) ដែលជាពុទ្ធការកធម៌បន្តទៅទៀត រហូតដល់បានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ដូចមានគាថាថា ៖
ពុទ្ធការកធម៌ (ទសបារមី១០) នោះមានដូចតទៅ ៖ ១. ទានបារមី ២. សីលបារមី ៣. នេក្ខម្មបារមី ៤. បញ្ញាបារមី ៥. វិរិយបារមី ៦. ខន្តិបារមី ៧. សច្ចបារមី ៨.អធិដ្ឋានបារមី ៩. មត្តាបារមី ១០. ឧបេក្ខាបារមី ។
គុណធម៌ដ៏ប្រពៃទាំង១០នេះ មានន័យវិសេសវិសាលដ៏ក្រៃលែងណាស់ ។ តែសូមលើកតែន័យសង្ខេបនៃបារមីនីមួយៗមកអធិប្បាយជូនអ្នកអានដើម្បី ពិចារណា និងសិក្សានូវលក្ខណសម្បត្តិ និងមាគ៌ាជីវិតនៃព្រះពោធិសត្វ ។ ព្រះពោធិសត្វគ្រប់ព្រះអង្គទាំងអស់ ទោះបីយោនកំណើតយ៉ាងយូររាប់កប្ប ជាមនុស្ស ឬសត្វក៏ដោយ តែងតែព្យាយាមយ៉ាងមុតមាំបំផុតក្នុងការបំពេញបារមីទាំង១០នេះ ដើម្បីបានលុះនូវសម្ពោធិញ្ញាណជាព្រះសម្មាសម្ពុទ្ធ ប្រៀបដូចបុរសម្នាក់ដែលយកក្អមទឹកទទេចំនួន១០មកតម្រៀបគ្នាដើម្បី រក្សាគ្រាប់ពូជ មានសណ្ដែក ល្ងជាដើម មួយថ្ងៃមួយគ្រាប់ៗ លុះត្រាតែក្អមទាំង១០នោះ ពេញទៅដោយគ្រាប់សណ្ដែក ឬល្ង ដូចក្ដីបំណង ។ ការដាក់គ្រាប់សណ្ដែក ឬល្ង មានថ្ងៃខ្លះ បុរសនោះអាចរក្សាគ្រាប់ពូជដាក់ក្នុងក្អមទី១ ថ្ងៃខ្លះដាក់ក្នុងក្អមទី២ជាដើម ។ ការបំពេញបារមីរបស់ព្រះពោធិសត្វនូវជាតិនីមួយៗ អាចបំពេញបារមីទាំង១០ ក៏មាន១ ឬ២-៣ ក៏មាន តែក្នុងជាតិទាំងនោះ មានបារមីមួយត្រូវមានទម្ងន់ធ្ងន់ជាងបារមីដទៃទាំងអស់ ឧទាហរណ៍ដូចជា កាលសោយព្រះជាតិជាព្រះវេសន្ដរទ្រង់ធ្ងន់ក្នុងការកសាងទានបារមីជាង គេ ។ តែព្រះអង្គក៏បានសាងសីលបារមី នេក្ខម្មបារមី បញ្ញាបារមី វិរិយបារមី ខន្តិបារមី សច្ចបារមី អធិដ្ឋានបារមី មេត្តាបារមី និងឧបេក្ខាបារមីដែរ ។ តែក្នុងបារមីទាំងអស់នេះ ព្រះវេសន្ដរពោធិសត្វទ្រង់ធ្ងន់ក្នុងទានបារមីជាងគេ ។
១. ទានបារមី
«ទាន» មានន័យថា «ទេយ្យវត្ថុដែលបុគ្គលគប្បីឲ្យ» ។ ការធ្វើទាន គឺជាការរំលែកនូវភោគសម្បត្តិ វិជ្ជាសម្បត្តិ កម្លាំងកាយ កម្លាំងចិត្ត ឬពេលវេលាសម្រាប់ជួយសម្រាលការស្រេកឃ្លាន និងរំដោះទុក្ខភ័យរបស់អ្នកដទៃ ។ ពោលដោយសង្ខេប ការធ្វើទានជាមធ្យោបាយមួយដ៏ប្រសើរក្នុងការពត់ចិត្តឲ្យចេះ ស្រលាញ់ អាណិត និងគិតពីសុខទុក្ខអ្នកដទៃ ។ ជាទូទៅ ទានបារមីដែលព្រះពោធិសត្វបានបំពេញមក គួរកត់សម្គាល់ថាមានលក្ខណៈខុសៗគ្នា៤យ៉ាងដូចខាងក្រោម ៖
ការផ្ដល់សម្ភារៈផ្សេងៗដើម្បីសម្រាល ឬរំដោះទុក្ខអ្នកដទៃ ទាន មានចំណីអាហារ ប្រដាប់ប្រដាប្រើប្រាស់ និងទ្រព្យសម្បត្តិនានាជាដើម ហៅថា «សង្គហទាន» ។
ទានដែលពុទ្ធរិស័ទតែងតែប្រគេនចំពោះព្រះសង្ឃ និងអ្នកមានគុណធម៌ខ្ពស់ ឬទានដែលព្រះពោធិសត្វ លោកថ្វាយ ប្រគេនព្រះសម្មាសម្ពុទ្ធ ឬតាបស មានភោជនីយាហារ ផ្កាភ្ញី ស្បង់ ចីវរ សេនាសេនៈជាដើម លោកហៅថា «បូជាទាន» គឺទានដែលប្រព្រឹត្តទៅដោយក្ដីគោរព ជាមួយចិត្តបរិសុទ្ធផូរផង់ ។ បូជាទាន មានកម្រិត និងអានិសង្សខ្ពស់ជាងសង្គហទាន ។
ការអនុគ្រោះមិនខឹងគុំកួនតបតនឹងអ្នកប្រព្រឹត្តកំហុសលើយើង និងការលើកលែងទោស ឬផ្ដល់សេរីភាពដល់មនុស្ស ឬសត្វដែលពុំមានសេរីភាព ឧទាហរណ៍ ការដោះលែងអ្នកទោស ឈ្លើយសង្គ្រាម ទាសករ អ្នកជំពាក់បំណុល និងលើកលែងទោសកំហុសរបស់សត្រូវជាដើម លោកហៅថា «អភយទាន» ។ ព្រះពោធិសត្វ ឬអ្នកដឹកនាំមានព្រះរាជាជាដើម តែងអនុវត្តនូវអភយទាននេះ ។ យើងទាំងអស់គ្នាក៏អាចប្រព្រឹត្តនូវធម៌អភយទាននេះក្នុងជីវិត ប្រចាំថ្ងៃរបស់យើងបានដែរ ។
ការអប់រំណែនាំអ្នកដទៃឲ្យចេះប្រកបវិជ្ជាជីវៈ ដោយសម្មាអាជីវោ (វិជ្ជាជីវៈត្រឹមត្រូវ) ដើរតាមគន្លងសុចរិតធម៌ដោយការសម្ដែងធម៌ទេសនា បង្រៀនសីលធម៌ សុវជីវធម៌ផ្សេងៗ ជាពន្លឺចង្អុលបង្ហាញផ្លូវទៅរកសុភមង្គលក្នុងកុសលធម៌ លោកហៅថា «ធម្មទាន» ។ ធម្មទាននេះជាទានដ៏ប្រសើរលើសទាននានាក្នុងលោកដែលព្រះពោធិសត្វបានបំពេញមក ។
ការឲ្យវត្ថុ១០យ៉ាង
ការអធិប្បាយនៃទានដោយព្រះមហាភិក្ខុនារទៈ ដែលសំអាងលើអដ្ឋកថានៃគម្ពីរចរិយាបិដក បរិយាយថា ព្រះពោធិសត្វលោកតែងឲ្យវត្ថុ១០ប្រការគឺ ៖
- អន្នទាន គឺឲ្យបាយ ឬភោជនាហារដល់ស្មូមទាំងឡាយដោយសេចក្ដីត្រិះរិះរបស់ព្រះអង្គថា អាត្មាអញនឹងញ៉ាំងសម្បត្តិ៥យ៉ាង គឺអាយុវែង១ ពណ៌សម្បុរល្អចាំនៅ១ សេចក្ដីសុខកាយសម្បាយចិត្ត១ កម្លាំងកាយ១ ប្រាជ្ញាស្មារតី១ និងសម្បត្តិដ៏ប្រសើរគឺលោកុត្តរផលដែលបុគ្គលគប្បីត្រេកអរឲ្យសម្រេច ដល់សត្វលោកទាំងពួង ដោយផលនៃទានដែលអាត្មាអញបានឲ្យនេះ ។
- បានទាន គឺឲ្យទឹកក្ដៅ ឬទឹកត្រជាក់ដល់អ្នកសូមទាំងឡាយដើម្បីបំបាត់នូវសេចក្ដីឃ្លាន គឺកាមកិលេសនៃសត្វទាំងឡាយ ។
- វត្ថុទាន គឺឲ្យសំពត់សម្រាប់ស្លៀកដណ្ដប់ដល់យាចកទាំងឡាយដើម្បីរក្សានូវពណ៌ សម្បុរឲ្យល្អ ដូចជាពណ៌នៃមាសផង ដើម្បីអភិបាលនូវសេចក្ដីខ្មាសបាប និងសេចក្ដីតក់ស្លុតចំពោះបាប និងគ្រឿងប្រដាប់សម្រាប់ស្លៀកពាក់នៃសត្វទាំងឡាយផង ។
- យានទាន គឺឲ្យគ្រឿងជិះគ្រឿងសែង ឬឲ្យស្ពានដល់បដិគ្គាហកៈទាំងឡាយដើម្បីសម្រេចនូវឥទ្ធិឫទ្ធិផង ដើម្បីសម្រួលឲ្យបាននូវសេចក្ដីសុខក្នុងព្រះនិព្វានផង ។
- គន្ធទាន គឺឲ្យគ្រឿងក្រអូបជាទានដើម្បីសម្រេចកេរ្តិ៍ឈ្មោះក្រអូបអំពីសីលគុណ ។
- មាលាវិលេបនទាន គឺឲ្យផ្កាកម្រង និងគ្រឿងងូត គ្រឿងលុបលាបផ្សេងៗជាទាន ដើម្បីសម្រេចនូវសុន្ទររាសីនៃព្រះពុទ្ធគុណ ។
- អាសនទាន គឺឲ្យស្ថានសម្រាប់អង្គុយជាទាន ដើម្បីសម្រេចនូវពោធិមណ្ឌលាសនៈ គឺញាណដ៏ផូរផង់ជាទីត្រាស់ដឹង ឈ្មោះថា «ពោធិ» ។
- សេយ្យទាន គឺឲ្យនូវទីស្ថានសម្រាប់ដេកជាទាន ដើម្បីសម្រេចសម្រាន្តនូវទីស្ថានក្រឡាព្រះបន្ទំឈ្មោះថា «តថាគតសេយ្យាសនៈ» ។
- អាវាសថទាន គឺឲ្យលំនៅជាទាន ដើម្បីសម្រេចនូវតេជានុភាពនៃខ្លួនព្រះអង្គឲ្យបានជាទីពឹងទីជ្រកនៃសត្វលោក ។
- បទីបេយ្យទាន គឺ ឲ្យនូវគ្រឿងសម្រាប់បំភ្លឺមានពន្លឺគោម និងពន្លឺចង្កៀងជាដើមជាទាន ដើម្បីសម្រេចនូវចក្ខុ៥យ៉ាងមានទិព្វចក្ខុជាដើម ។
យោងតាមគម្ពីរអដ្ឋសាលិនីអដ្ឋកថា ធម្មសង្គណី ព្រះពោធិសត្វបានប្រព្រឹត្តនូវទាន៦ប្រការទៀតគឺ ៖
- រូបទាន ជាការបូជានូវវត្ថុដែលមានពណ៌ទាំងឡាយ មានកម្រងផ្កា និងសំពត់ដែលមានពណ៌ល្អជាដើម ដល់ព្រះពុទ្ធរតនៈដើម្បីឲ្យបានសម្រេចឆព្វណ្ណរង្សី ។
- សន្ទទាន ឲ្យសំឡេងជាទាន គឺការបូជាតូរ្យតន្ត្រីដល់ព្រះរតនត្រ័យ និងប្រគេនប្រេង និងទឹកអំពៅជាថ្នាំធ្វើឲ្យមានសំឡេងពីរោះចំពោះធម្មកថិកទាំងឡាយ និងឃោសនាឲ្យគេមកប្រជុំស្ដាប់ធម៌ និងសម្ដែងធម៌ទេសនាឲ្យអ្នកទាំងពួងស្ដាប់ជាដើម ដើម្បីឲ្យមានសំឡេងពីរោះក្បោះក្បាយដូចជាសំឡេងមហាព្រហ្ម ។
- គន្ធទាន ឲ្យក្លិនជាទាន គឺបូជានូវគ្រឿងក្រអូប មានឫសក្រអូបជាដើម ដែលជាទីគាប់ចិត្តដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដើម្បីឲ្យបានសម្រេចនូវសីលាទិគុណ ។
- រសទាន ឲ្យរសជាទាន គឺបូជានូវវត្ថុដែលមានរសឆ្ងាញ់ មានរសមើម និងផ្កាជាដើមដល់ពុទ្ធាទិវត្ថុ ដើម្បីឲ្យបានសម្រេចនូវគុណវិសេស គ្រាន់ជាទីស្នេហាស្រលាញ់ដល់សត្តនិករក្នុងត្រៃភព ។
- ផោដ្ឋព្វទាន ឲ្យនូវវត្ថុ ផ្សព្វផ្សាយនូវកាយជាទាន គឺបូជានូវទិសេនសនៈទាំងឡាយ មានគ្រែជាដើម ដល់ព្រះរតនត្រ័យដើម្បីសេចក្ដីសុខក្សេមក្សាន្តជាសព្វញ្ញុពុទ្ធ ។
- ភេសជ្ជទាន ឲ្យនូវថ្នាំរម្ងាប់រោគជាទាន គឺបូជានូវវត្ថុ៣មុខគឺ សប្បិនិងនវនីត១ ទឹកអដ្ឋបាន១ ភត្ត១៤ប្រការ១ ដល់ព្រះរតនៈទាំង៣ដើម្បីឃាត់នូវជាតិ ជរា ព្យាធិ មរណៈ ទុក្ខ មិនឲ្យកើតមានដល់ព្រះអង្គឡើយ ។
ម្យ៉ាងទៀត ព្រះពោធិសត្វព្រះអង្គតែងឲ្យនូវទានឯទៀត១០ប្រការគឺ ៖
- ទាសានំភុជ្ជិស្សទាន គឺកិរិយាលះបង់នូវបាវព្រាវ ខ្ញុំកំដរឲ្យរួចជាអ្នជា នេះជាទានដើម្បីដោះស្រាយនូវព្រះអង្គមិនឲ្យជាខ្ញុំនៃកិលេស តណ្ហា ។
- អនវជ្ជខិឌ្ឌាវតីហេតុទាន គឺឲ្យនូវវត្ថុសម្រាប់លេង ដែលមិនមានទោសទៅជាទាន ដើម្បីសេចក្ដីត្រេកអរចំពោះព្រះសទ្ធម្មរបស់ព្រះអង្គ ។
- បុត្តទាន គឺឲ្យនូវកូនប្រុសស្រីទៅជាទានដល់ជនទាំងឡាយដើម្បីកិរិយានាំចូល ទោជិតកាន់ភាវៈនៃកូននោះ ជាកូននៃព្រះអង្គក្នុងជាតិជាអរិយបុគ្គល ។
- ទារទាន គឺឲ្យនូវប្រពន្ធជាទានដល់ជនទាំងឡាយ ដើម្បីកិរិយាបាននូវភាវៈនៃព្រះអង្គជាម្ចាស់នៃសត្វលោកទាំងពួង ។
- រជ្ជទាន គឺឲ្យនូវរាជសម្បត្តិជាទាន ដើម្បីបាននូវភាវៈនៃព្រះអង្គជាស្ដេច ព្រោះព្រះអង្គត្រាស់ដឹងនូវធម៌ ។
- ហត្ថទាន គឺឲ្យនូវព្រះហស្តជាទាន ដើម្បីឲ្យមានព្រះសទ្ធម្មក្នុងព្រះហស្ត ជាប្រយោជន៍ដល់សត្វទាំងឡាយ និងបានរើខ្លួនចេញចាកអន្លង់ទាំង៤ មានបញ្ចពិធកាមគុណជាដើម ។ អន្លង់ទាំង៤គឺ ៖ កាមោឃៈ អន្លង់គឺកាម១ ភវោឃៈ អន្លង់គឺភព១ ទិដ្ឋោឃៈ អន្លង់គឺទិដ្ឋិ១ អវិជ្ជោឃៈ អន្លង់គឺអវិជ្ជា១ ។
- កណ្ណនាសាទិទាន គឺ ឲ្យនូវចំណែករាងកាយ មានត្រចៀក និងច្រមុះជាដើមទៅជាទាន ដើម្បីបានចំពោះនូវឥន្ទ្រិយជាកុសលមានសទ្ធិន្ទ្រិយជាដើម ។
- ចក្ខុទាន គឺ ឲ្យនូវព្រះនេត្រទៅជាទាន ដើម្បីបានចំពោះនូវសមន្តចក្ខុ ។ ព្រះបរមពោធិសត្វព្រះអង្គតែងស្វែងរកនូវប្រយោជន៍ និងសេចក្ដីសុខឲ្យដល់សត្វទាំងឡាយគ្រប់កាលទាំងពួង ។ ម្យ៉ាងទៀត សត្វលោកទាំងឡាយ គប្បីចូលទោជិត រស់នៅក្នុងកិច្ចទាំងឡាយដ៏ឧត្តមមានកិរយាឃើញ និងឮ និងរលឹករឿយៗ និងធ្វើការបម្រើជាដើម ចំពោះព្រះអង្គ ។
- មំសលោហិតទាន គឺកិរិយាឲ្យនូវសាច់ និងឈាមទៅជាទានព្រោះព្រះអង្គមានបំណងថា សូមឲ្យអាត្មាមានសរីរៈរាងកាយបរិបូណ៌ ។
- ឧត្ដមង្គទាន គឺកិរិយាបូជានូវអង្គដ៏ឧត្ដម គឺព្រះសិសៈរបស់ព្រះអង្គទៅជាទាន ព្រោះព្រះអង្គគិតថា សូមឲ្យអាត្មាអញបានជាបុគ្គលឧត្ដមខ្ពង់ខ្ពស់ជាងសត្វលោកទាំងពួង ដូចការបំពេញទានរបស់ព្រះពោធិសត្វអរិយមេត្តេយ្យ មានលក្ខណៈសំខាន់មួយគឺ កាត់សីសៈបូជាព្រះពុទ្ធសិរីមត្តៈ មិនមានបំណងចង់បានការដឹងគុណ ឬផលប្រយោជន៍ពីបដិគ្គាហកៈ (អ្នកទទួលទាន) ក្នុងលោកនេះឡើយ ។
ការបំពេញទានរបស់ព្រះពោធិសត្វមានពុទ្ធភូមិជាអារម្មណ៍ គឺព្រះទ័យជាប់ជំពាក់ក្នុងសព្វញ្ញុតញ្ញាណ ពោលគឺការបានសម្រេចជាព្រះសម្មាសម្ពុទ្ធ ។ ទានបារមីរបស់ព្រះពោធិសត្វ មានលក្ខណៈលះបង់ខ្ពស់ដែលមនុស្សធម្មតាមិនអាចធ្វើឲ្យដូចបាន លុះត្រាបុគ្គលខំព្យាយាមបំពេញទានបន្តិចម្ដងៗ ចាប់ពីវត្ថុតូចតាចឡើងទៅ ។ ការធ្វើទាននេះ ព្រះពោធិសត្វមានព្រះទ័យក្លាហាន មិនញាប់ញ័រ ភិតភ័យ តក់ស្លុត ឬស្ដាយក្រោយឡើយ ។
ក្នុងការរក្សាទានបារមីនេះ ព្រះពោធិសត្វហ៊ានលះបង់ជាទាននូវអ្វីៗទាំងអស់ ដោយប្រកាន់ជំហរ៣កម្រិតដូចខាងក្រោម ៖
កម្រិតទី១ ទានបារមីៈ ព្រះពោធិសត្វពុំរារែកក្នុងការលះបង់នូវទ្រព្យសម្បត្តិ គ្រឿងប្រើប្រាស់របស់ព្រះអង្គធ្វើជាទានលុះអស់រលីង ហាក់ដូចជាទឹកដែលហូរចេញអស់ពីក្អមដែលផ្កាប់យ៉ាងណាមិញ ។ ការលះបង់របស់ព្រះពោធិសត្វមានរួមទាំងភរិយា និងបុត្រជាទានផងដែរ ។ ទាននេះឈ្មោះថា «ទានបារមី» ដែលជា «គុណជាតិសម្រាប់នាំសត្វលោកទៅកាន់ត្រើយដ៏ប្រសើរគឺព្រះនិព្វាន» ។
កម្រិតទី២ ទានឧបបារមីៈ ក្នុងការធ្វើទាន ព្រះពោធិសត្វប្រព្រឹត្តនូវកិរិយាលះបង់អវយវៈ មានអង្គតូច អង្គធំរបស់ព្រះអង្គជាទាន ។ ទាននេះឈ្មោះថា «ទានឧបបារមី» ដែលជា «គុណជាតិសម្រាប់នាំសត្វលោកទៅកាន់ត្រើយដ៏ប្រសើរ គឺព្រះនិព្វាន» ។
មានរឿងជាតកជាច្រើនក្នុងការសាងទានឧបបារមីនេះ ។ សូមលើកយករឿងមួយកាលព្រះពោធិសត្វសោយជាតិជាស្ដេចសិវិរាជ ព្រះអង្គ បានដាក់ទានព្រះនេត្រទាំងគូដល់ឥន្ទ្រព្រាហ្មណ៍ដែលចូលមកសូម ព្រះនេត្ររបស់ព្រះអង្គ បន្ទាប់ពីព្រះអង្គទ្រង់បានពិចារណាថា យើងបានដាក់ទានទ្រព្យសម្បត្តិគ្រប់បែបយ៉ាងអស់ហើយ បើមានអ្នកណាមួយមកសូមនូវអវយវៈ អង្គតូច អង្គធំរបស់អាត្មាអញ យើងនឹងដាក់ទាននូវអវយវៈ តូច ធំ របស់យើងជូនអ្នកនោះ ដោយពុំមានការអល់អែកស្ដាយក្រោយដ៏តិចតួចឡើយ ។
ត្រង់ចំណុចនេះ ព្រះសម្មាសម្ពុទ្ធទ្រង់រលឹកនូវទានដែលព្រះអង្គទ្រង់ប្រទាននូវចក្ខុ ទាំងគូ កាលព្រះអង្គកើតជាព្រះបាទសិវិរាជ «ក្នុង កាលមុនឲ្យក្ដី កំពុងឲ្យក្ដី ឲ្យរួចហើយក្ដី ចិត្តរបស់តថាគតឥតមានការរាយមាយឡើយ ព្រោះហេតុពោធិញ្ញាណតែម្យ៉ាង ។ ចក្ខុទាំងពីរមិនមែនជាទីស្អប់របស់តថាគតទេ ទាំងខ្លួនសោតទៀត ក៏មិនមែនជាទីស្អប់របស់តថាគតដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតឲ្យចក្ខុ !» ។
កម្រិតទី៣ ទានបរមត្ថបារមីៈ សូម្បីការលះបង់ដល់ជីវិតរបស់ព្រះអង្គក្ដី ព្រះអង្គហ៊ានបរិច្ចាគជិវិតព្រះអង្គផ្ទាល់ធ្វើជាទាន ។ ទាននេះហៅថា «ទានបរមត្ថបារមី» ដែលជា «គុណជាតិដ៏ប្រសើរសម្រាប់នាំសត្វលោកទៅកាន់ត្រើយបរមសុខ គឺព្រះនិព្វាន» ។
សរុបមក ការធ្វើទានរបស់ព្រះពោធិសត្វ ទាំងអាមិសទានក្ដី ធម្មទានក្ដី មានលក្ខណៈខុសពីមនុស្សយើងធម្មតា ព្រោះការធ្វើទានរបស់ព្រះអង្គ មាននូវសព្វញ្ញុតញ្ញាណជាអារម្មណ៍ គឺដើម្បីបានចាក់ធ្លុះត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ។ ក្នុងការសាងទានបារមីនេះ ព្រះពោធិសត្វតែសច្ចាប្រណិធានថា «គ្រប់អនាគតជាតិតទៅ អាត្មាអញសូមឲ្យមានចិត្តល្អជានិច្ច ហើយធ្វើខ្លួនឲ្យបានជាប្រយោជន៍ដល់សត្វលោកទូទៅ !» ។
២. សីលបារមី
«សីល» មានន័យថា «កិរិយាប្រព្រឹត្តនៅជាប្រក្រតី ឬសេចក្ដីរក្សាកាយ វាចា ចិត្តឲ្យល្អ» ។ ព្រះពោធិសត្វបំពេញនូវបារមីទី២ គឺសីលដែលជាទីតាំងនៃកុសលធម៌ទាំងឡាយមាន សីល៥ សីល៨ សីល១០ ឬអធិសីលតាមកម្រិតដែលអាចរក្សាបាន ។ បុគ្គលអាចសាងសីលបារមីក្នុងឋានៈជាឧបាសកក្ដី ឧបាសិកាក្ដី តែសីលដែលមានកម្រិត ខ្ពស់ជាងគេ គឺការរក្សាសីលក្នុងភេទផ្នួស ។ «ការរក្សាសីល គឺជាវិធីបង្ហាត់ចិត្តឲ្យបានបរិសុទ្ធបន្តិចម្ដងៗ» ជាពិសេសនិច្ចសីល (សីល៥) ជាវិន័យដ៏សំខាន់បំផុតសម្រាប់ត្រួតនគរទាំងបីរបស់យើងគឺ កាយ វាចា និង ចិត្ត ឲ្យប្រព្រឹត្តទៅក្នុងកុសលកម្ម ។
ការរក្សាសីលរបស់ព្រះពោធិសត្វតាមការកត់សម្គាល់មានលក្ខណៈពិសេស ដូចខាងក្រោម ៖
«រក្សាសីល» គឺដើម្បីជៀសវាងអំពើអកុសលកម្មដែលមិនមែនជាគុណធម៌ ។ អ្នករក្សាសីលត្រូវសច្ចាចំពោះព្រះពុទ្ធបដិមា ព្រះសង្ឃ ឬអាចារ្យថានឹងលះបង់នូវបាបកម្មដែលមានចែងក្នុងសិក្ខាបទទាំងឡាយ ហើយឧទ្ទិសខ្លួនថ្វាយចំពោះព្រះរតនត្រ័យជានិច្ច ហើយហ្វឹកហាត់ព្យាយាមបំពេញក្នុងកុសលទាំងឡាយមាន សមាធិ ភារវនា និង វិបស្សនា ជាដើម ។ ក្នុងន័យនេះ ការរក្សាសីលគឺជាការហ្វឹកហាត់ ត្រួតចិត្តដើម្បីឲ្យមានសេចក្ដីស្ងប់ ។
«រក្សាសីល» គឺដើម្បីជាប្រយោជន៍ដល់សត្វលោកទូទៅ ។ ការរក្សាសីលនេះ មានកម្រិតខ្ពស់ជាងគេ ដោយអធិដ្ឋានចិត្តជួយដោះទុក្ខអ្នកដទៃ មានការណែនាំគេឲ្យរក្សាសីលជាដើម ហើយត្រូវផ្សាយមេត្តាករុណាធម៌ចំពោះសព្វសត្វលោកដែលរងទុក្ខជា ទូទៅ ។
«រក្សាសីល» ឲ្យបានហ្មត់ចត់ស្អាត មិនឲ្យដាច់វិនាសទៅបាន ប្រកបដោយចតុប្បារិសុទ្ធិសីល ឬសីល៨ សីល៥ ឲ្យបានបរិបូណ៌ប្រពៃមានសទ្ធា សតិ វិរិយៈ និងបញ្ញា ជាគ្រឹះមូលដ្ឋាន ។
ក្នុងការរក្សាសីលនេះ ព្រះពោធិសត្វតែងតែប្រព្រឹត្ត និងរក្សាសីលដោយប្រកាន់ជំហរ៣កម្រិតដូចខាងក្រោមគឺ ៖
កម្រិតទី១ សីលបារមីៈ ព្រះពោធិសត្វពុំរារែកក្នុងការប្រព្រឹត្តនូវការរក្សាសីល ទោះបីត្រូវលះបង់នូវរាជសម្បត្តិក្ដី ទ្រព្យសម្បត្តិក្ដី ឬលះបង់នូវភរិយា និងបុត្រយ៉ាងណាក្ដី គឺព្រះអង្គមិនធ្វើឲ្យបាត់បង់នូវសីលរបស់ព្រះអង្គឡើយ ។ សីលនេះឈ្មោះថា «សីលបារមី» ដែលជា «គុណជាតិសម្រាប់នាំសត្វលោកទៅកាន់ត្រើយដ៏ប្រសើរ គឺព្រះនព្វាន» ។
កម្រិតទី២ សីលឧបបារមីៈ ក្នុងការកសាង និងរក្សាសីល ព្រះពោធិសត្វហ៊ានលះបង់នូវអវយវៈ អង្គតូច អង្គធំរបស់ព្រះអង្គយ៉ាងណា គឺព្រះអង្គមិនធ្វើឲ្យបាត់បង់នូវសីលរបស់ព្រះអង្គឡើយ ។ សីលនេះឈ្មោះថា «សីលឧបបារមី» ដែលជា «គុណជាតិសម្រាប់នាំសត្វលោកទៅកាន់ត្រើយដ៏ប្រសើរ គឺព្រះនព្វាន» ។
កម្រិតទី៣ សីលបរមត្ថបារមីៈ សូម្បីការលះបង់ដល់ជីវិតរបស់ព្រះអង្គ ព្រះអង្គហ៊ានបរិច្ចាគជិវិតព្រះអង្គផ្ទាល់ ដើម្បីរក្សា និងកសាងនូវសីលបារមីរបស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួន ដោយការតាំងចិត្តប្ដូរផ្ដាច់ ការពារសីលគឺព្រះអង្គមិនធ្វើឲ្យបាត់បង់នូវសីលរបស់ព្រះអង្គ ឡើយ ។ សីលនេះឈ្មោះថា «សីលបរមត្ថបារមី» ដែលជា «គុណជាតិសម្រាប់នាំសត្វលោកទៅកាន់ត្រើយបរមសុខ គឺព្រះនព្វាន» ។
ដូចមានរឿង ភូរិទត្តនាគរាជ ជាអ្នកកាន់សីលក្នុងសីលបរមត្ថបារមីជាដើម ។ ក្នុងការសាងសីលបារមីឲ្យបានខ្ជាប់ខ្ជួននេះ យើងត្រូវប្រុងប្រយ័ត្នការពារសីលរបស់យើងឲ្យដូចជា ៖ «សត្វ ត្រដេវវិច រក្សានូវស៊ុតវាយ៉ាងណាមិញ សត្វចាមរី រក្សានូវកន្ទុយវាយ៉ាងណាមិញ មាតារក្សានូវកូនប្រុសតែមួយយ៉ាងណាមិញ ជនមានភ្នែកតែម្ខាង រក្សានូវភ្នែកយ៉ាងណាមិញ អ្នកទាំងឡាយ កំពុងរក្សាសីល ជាអ្នកមានសីលជាទីស្រឡាញ់ក្រៃលែង ចូរជាអ្នកប្រកបដោយសេចក្ដីគោរពសីល ឲ្យបានសព្វកាល ក៏យ៉ាងនោះដែរ» ។
ដូច្នេះយើងត្រូវតាំងចិត្តប្ដូរផ្ដាច់ការពារសីលរបស់យើង ដោយប្រុងប្រយ័ត្នគ្រប់ពេលវេលា ហើយកុំធ្វេសប្រហែសឲ្យសោះ ។ សូមលើកឧទាហរណ៍ជាក់ស្ដែងនៃរឿងព្រះពោធិសត្វ កាលលោកយោនកំណើតជាព្រះរាជបុត្រនៃព្រះបាទព្រហ្មទត្ត (នៅនគរពារាណសី) ដែលត្រូវបានបំពេញតួនាទីជាឧបរាជប្រចាំនគរ ។ ក្នុងជាតិនោះ ព្រះពោធិសត្វត្រូវបានចាប់ជាចំណាប់ខ្មាំងនៃសេចក្ដីស្នេហារបស់ មហេសីចុងនៃព្រះបិតា ។ ដោយប្រកាន់នូវសីលធម៌ដ៏ខ្ពង់ខ្ពស់នោះឯង ព្រះពោធិសត្វស៊ូប្ដូរជិវិតមិនព្រមប្រព្រឹត្តបាបកម្មជាមួយព្រះមាតា ចុង ដោយបញ្ជាក់ថា ខ្ញុំមិនឲ្យខ្លួនខ្ញុំលង់ក្នុងអំពើបាបកម្មនៃកាមតណ្ហានេះ ទោះបីម្ចាស់ក្សត្រីកាត់ក្បាលរបស់ទូលបង្គំខ្ញុំរាប់រយពាន់ជាតិក៏ ដោយ ។ នេះជាជំហររបស់ព្រះពោធិសត្វក្នុងការរក្សាសីល ។
ក្នុងការកសាងបារមីនេះ ព្រះពោធិសត្វតែងតែតាំងចិត្តសច្ចាប្រណិធានថា ៖ «គ្រប់ អនាគតជាតិតទៅ អាត្មាអញសូមរក្សានូវសីលដែលជាវិន័យដ៏ថ្លៃថ្លាប្រចាំជីវិតឲ្យ បានខ្ជាប់ខ្ជួនជានិច្ច ! សូមឲ្យការប្រព្រឹត្តទៅនូវគ្រប់ទង្វើរបស់អាត្មាអញបានស្អាត បរិសុទ្ធសព្វៗកាល ដើម្បីជាប្រយោជន៍ដល់សត្វលោកទូទៅ !» ។
៣. នេក្ខម្មបារមី
«នក្ខម្មបារមី» គឺការចេញសាងផ្នួស មានន័យថា «កិរិយាចេញទៅដើម្បីគុណធំ ឬថាបព្វជ្ជា គឺផ្នួស ឬកិរិយាចេញសាងផ្នួស» ។
ព្រះពោធិសត្វតែងហ្វឹកហ្វឺនចិត្តព្រះអង្គក្នុងការលះបង់នូវទ្រព្យសម្បត្តិ យសស័ក្តិ គ្រួសារ និងកាមគុណ គឺការត្រេកត្រអាលក្នុងវត្ថុកាមដែលជាគ្រឿងជាប់ជំពាក់ក្នុង លោក ។ ការលះបង់នូវវត្ថុកាម និងកិលេសកាម ជាការលះបង់ដ៏ប្រសើរបំផុត ដើម្បីឈានទៅសម្រេចនូវពុទ្ធភូមិ ។ ព្រះពោធិសត្វបានលះបង់គ្រឿងជាប់ជំពាក់ទាំងនេះច្រើនអសង្ខេយ្យជាតិ ដោយការចេញសាងបព្វជ្ជា ជាតាបស ឬជាភិក្ខុសាមណេរ ។ ក្នុងការប្រព្រឹត្តព្រហ្មចរិយធម៌នេះ ជាតិខ្លះព្រះពោធិសត្វក៏សម្រេចដល់ទៅ ឈាន អភិញ្ញ សមាបត្តិក៏មានដូចជារឿងតេមិយកុមារចេញសាងបព្វជ្ជាជាដើម ។
ព្រះពោធិសត្វតែងប្រព្រឹត្តព្រហ្មចរិយធម៌យ៉ាងហ្មត់ចត់ ដោយប្រកាន់ជំហរ៣កម្រិតដូចខាងក្រោមគឺ ៖
កម្រិតទី១ នេក្ខម្មបារមីៈ ព្រះពោធិសត្វ តែងប្រព្រឹត្តនូវនេក្ខម្មបារមី ដោយព្រះអង្គមានការលះបង់នូវរាជសម្បត្តិ ទ្រព្យសម្បត្តិ យសសក្តិ គ្រួសារ និងកាមគុណ គឺការត្រេកត្រអាលក្នុងវត្ថុកាមដែលជាគ្រឿងជាប់ជំពាក់ក្នុងលោក ដោយការចេញសាងបព្វជ្ជា ជាតាបស ឬជាភិក្ខុ សាមណេរជាដើម ។ នេក្ខម្មនេះឈ្មោះថា «នេក្ខម្មបារមី» ដែលជា «គុណជាតិសម្រាប់នាំសត្វលោកទៅកាន់ត្រើយដ៏ប្រសើរ គឺព្រះនិព្វាន» ។
កម្រិតទី២ នេក្ខម្មឧបបារមីៈ ក្នុងការប្រតិបត្តិ និងរក្សាបារមី ព្រះពោធិសត្វហ៊ានលះបង់នូវអវយវៈ អង្គតូច អង្គធំរបស់ព្រះអង្គយ៉ាងណា គឺព្រះអង្គតាំងចិត្តមុតមាំ ដើម្បីរក្សានូវនេក្ខម្មៈរបស់ព្រះអង្គ ។ នេក្ខម្មៈនេះឈ្មោះថា «នេក្ខម្មឧបបារមី» ដែលជា «គុណជាតិសម្រាប់នាំសត្វលោកទៅកាន់ត្រើយដ៏ប្រសើរ គឺព្រះនិព្វាន» ។
កម្រិតទី៣ នេក្ខម្មបរមត្ថបារមីៈ សូម្បីការលះបង់ដល់ជីវិតរបស់ព្រះអង្គ ព្រះអង្គហ៊ានបរិច្ចាគជិវិតព្រះអង្គផ្ទាល់ ដើម្បីរក្សានូវការកសាងនេក្ខម្មៈរបស់ព្រះអង្គដោយការតាំងចិត្ត ប្ដូរផ្ដាច់ការពារព្រះផ្នួស គឺព្រះអង្គមិនធ្វើឲ្យបាត់បង់នូវនេក្ខម្មៈរបស់ព្រះអង្គឡើយ ។ នេក្ខម្មៈនេះ ឈ្មោះថា «នេក្ខម្មបរមត្ថបារមី» ដែលជា «នេក្ខម្មឧបបារមី» ដែលជា «គុណជាតិសម្រាប់នាំសត្វលោកទៅកាន់ត្រើយបរមសុខ គឺព្រះនិព្វាន» ។
ក្នុងការសាងនេក្ខម្មបារមីនេះ ព្រះពោធិសត្វតែងសច្ចាប្រណិធានថា «គ្រប់ អនាគតជាតិទៅ អាត្មាអញសូមកុំឲ្យជាអ្នកមានចិត្តអាត្មានិយម សូមឲ្យក្លាយជាអ្នកអាចលះបង់នូវការត្រេកត្រអាលសប្បាយផ្ទាល់ខ្លួន និងជាអ្នកសាងប្រយោជន៍ដល់សត្វលោកទូទៅ !»។
៤. បញ្ញាបារមី
«បញ្ញា» មានន័យថា «ធម្មជាតិដឹងដោយបការៈ ឬសេចក្ដីយល់ឃើញជាក់ច្បាស់» ។ «បញ្ញាបារមី» គឺជាគុណធម៌ដែលដឹងច្បាស់នូវសេចក្ដីពិតអាចកម្ចាត់នូវការល្ងិត ល្ងង់ ការភ័ន្តច្រឡំ ឬការសង្ស័យ ។ បុគ្គលណាដែលអាចត្រួតត្រា កាយ វាចា និងចិត្ត បានតាមវិន័យសីលធម៌ទាំងបីជំពូកខាងលើ មានឈ្មោះថា ជាអ្នករក្សាសីល ឬជាអ្នកដែលប្រកបដោយសីលធម៌ប្រចាំជីវិត គឺជាអ្នកបំពេញសីលបារមី ។ នេះគឺជាសេចក្ដីសុខពិតដែលអ្នកប្រាជ្ញតែងនិយមស្វែងរកសម្រាប់ ប្រយោជន៍ខ្លួនឯងផង និងសម្រាប់សង្គមមនុស្សជាតិផង ។ កាលបើបុគ្គលណាមួយមានសេចក្ដីស្ងប់ក្នុងចិត្តហើយ បុគ្គលនោះអាចសាងបញ្ញាបារមីបាន ។ ប្រភពនៃការបណ្ដុះបញ្ញាមានបី ៖
- បញ្ញាអាចកើតឡើងបានដោយករព្យាយាមសិក្សារៀនសូត្រ ស្ដាប់ពីសំណាក់បណ្ឌិត សប្បុរស ។ បញ្ញានោះឈ្មោះថា «សុតមយបញ្ញា» គឺបញ្ញាកើតពីការស្ដាប់ ការសិក្សារៀនសូត្រ ។ បញ្ញាកើតឡើងបានដោយករខិតខំព្យាយាមសិក្សាក្បួនខ្នាត និងស្ដាប់ឲ្យយល់ពីទស្សនៈ និងគតិបណ្ឌិតរបស់គ្រូអាចារ្យ ។
- ការ បានស្ដាប់ហើយធ្វើទុកក្នុងចិត្តដោយត្រូវទំនងត្រិះរិះពិចារណា សព្វគ្រប់ក៏កើតមានបញ្ញាឡើង ។ បញ្ញានេះឈ្មោះថា «ចិន្តមយបញ្ញា» គឺបញ្ញាកើតពីការត្រិះរិះពិចារណារកហេតុផល ។ បញ្ញាអាចធ្វើឲ្យបុគ្គលយល់ច្បាស់ក្នុងចិត្តនូវបញ្ហាអ្វីមួយដែល ត្រូវដោះស្រាយ ។ បញ្ញាអាចញ៉ាំងបុគ្គលឲ្យយល់ត្រូវ គិតត្រូវ និងធ្វើត្រូវ ជាគតិប្រចាំជីវិត ។
- បញ្ញាកើតពីករាហ្វឹកហាត់ចិត្តឲ្យស្ថិតនៅក្នុងអារម្មណ៍តែមួយ មិនឲ្យរវើរវាយ បញ្ញានេះឈ្មោះថា «ភាវនាមយបញ្ញា» ។ បញ្ញាជាពន្លឺដែលនាំឲ្យបុគ្គលចេញចាកផុតពីផ្លូវវង្វេងក្នុង លោកិយនេះ ។ បញ្ញាអាចកើនចម្រើនបានដោយបុគ្គលខំសន្សំកុសលដែលជាចំណែកនៃញាណ សម្បយុត្ត គឺធ្វើនូវកុសលប្រកបដោយបញ្ញាជារឿយៗ ទើបជាឧបនិស្ស័យនាំឲ្យបុគ្គលនោះកើតមកសម្បូរដោយបញ្ញា ។
បុគ្គលអ្នកសាងបញ្ញា គឺជាការចម្រើននូវគតិបណ្ឌិតឲ្យបានប្រសើរ ដោយតែងតែយកបញ្ញានោះ មកជួយរំដោះទុក្ខវេទនារបស់សត្វលោកទាំងពួង ។ បញ្ញាអាចប្រៀបបានទៅនឹងពន្លឺព្រះអាទិត្យ បើព្រះអាទិត្យរះឡើងកាលណា រស្មីនៃព្រះអាទិត្យនោះ តែងតែញ៉ាំងភាពខ្មៅងងឹតនៃរាត្រីឲ្យវិនាសអស់ពីលោកនេះទៅយ៉ាងណា បុគ្គលអ្នកមានបញ្ញាតែងតែបំភ្លឺ អប់រំ ណែនាំសត្វលោកគ្រប់គ្នាដែលកំពុងទទួលរងនូវភាពងងឹតគឺអវិជ្ជា ដែលជាសត្រូវនៃបញ្ញា ។ «អវិជ្ជា» គឺសេចក្ដីល្ងង់ខ្លៅ ប្រៀបដូចជាភាពងងឹត រីឯ «បញ្ញា» ប្រៀបដូចជាពន្លឺ ។ ការសាងបញ្ញាបារមី គឺជាករសាងពន្លឺដើម្បីបំបាត់អវិជ្ជា ។ បុគ្គលត្រូវសន្សំបញ្ញាបន្តិចម្ដងៗ គ្រប់ៗជាតិ ទើបសម្រេចដល់បញ្ញាដ៏កំពូលគឺ «សព្វញ្ញុតញ្ញាណ» ។
ក្នុងការរក្សាបញ្ញាបារមីនេះ ព្រះពោធិសត្វតែងតែប្រព្រឹត្ត និងរក្សាបញ្ញាបារមីដោយប្រកាន់ជំហរ៣កម្រិតដូចខាងក្រោមគឺ ៖
កម្រិតទី១ បញ្ញាបារមីៈ ក្នុងការសាងនូវបញ្ញា គឺព្រះពោធិសត្វតែងតែលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ខិតខំធ្វើការសិក្សាឈ្វេងយល់ពីគ្រប់ទីកន្លែង និងសាកសួរអ្នកប្រាជ្ញគ្រប់ជាតិ ដើម្បីទទួលបាននូវបញ្ញា ទោះបីត្រូវលះបង់នូវទ្រព្យសម្បត្តិ រាជសម្បត្តិ យសសក្តិ និងគ្រួសារដ៏ដោយ ។ ព្រះអង្គខំធ្វើនូវប្រយោជន៍ធំ និងប្រយោជន៍តូចរបស់សត្វលោកទាំងឡាយឲ្យសម្រេច ។ កិរិយានោះឯងហៅថា «បញ្ញាបារមី» ដែលជា «នេក្ខម្មឧបបារមី» ដែលជា «គុណជាតិសម្រាប់នាំសត្វលោកទៅកាន់ត្រើយដ៏ប្រសើរ គឺព្រះនិព្វាន» ។
កម្រិតទី២ បញ្ញាឧបបារមីៈ ការសាងបញ្ញា និងការរក្សាបញ្ញារបស់ព្រះពោធិសត្វ ព្រះអង្គហ៊ានលះបង់នូវអវយវៈ អង្គតូច អង្គធំ យ៉ាងណា គឺព្រះអង្គតាំងចិត្តមុតមាំ ដើម្បីរក្សានូវបញ្ញា គឺមិនឲ្យរលត់សាបសូន្យនូវបញ្ញារបស់ព្រះអង្គឡើយ ។ ក្នុងការសាងបញ្ញាព្រះអង្គខំធ្វើនូវប្រយោជន៍ធំ និងប្រយោជន៍ឲ្យបានសម្រេចដល់សត្វលោកទាំងឡាយ ។ ព្រះហឫទ័យយ៉ាងមុតមាំនេះឈ្មោះថា «បញ្ញាឧបបារមី» ដែលជា «គុណជាតិសម្រាប់នាំសត្វលោកទៅកាន់ត្រើយដ៏ប្រសើរ គឺព្រះនិព្វាន» ។
កម្រិតទី៣ បញ្ញាបរមត្ថបារមីៈ សូម្បីការលះបង់ដល់ជីវិតរបស់ព្រះអង្គ ព្រះអង្គហ៊ានបរិច្ចាគជិវិតព្រះអង្គផ្ទាល់ ដើម្បីរក្សានូវការសាងបញ្ញារបស់ព្រះអង្គដោយព្រះអង្គខំប្រឹងប្រែង រហូតដល់ប្ដូរជិវិត ដើម្បីបំពេញនូវកិច្ចដល់ជនទាំងឡាយឲ្យបានសម្រេច ។ គឺព្រះអង្គមិនធ្វើឲ្យបាត់បង់នូវបញ្ញារបស់ព្រះអង្គឡើយ ។ ព្រះហឫទ័យដ៏អង់អាចមុតមាំនេះហើយដែលមានឈ្មោះថា «បញ្ញាបរមត្ថបារមី» ដែលជា «នេក្ខម្មឧបបារមី» ដែលជា «គុណជាតិសម្រាប់នាំសត្វលោកទៅកាន់ត្រើយបរមសុខ គឺព្រះនិព្វាន» ។
ក្នុងការបំពេញបញ្ញាបារមីនេះ តួអង្គព្រះពោធិសត្វ សូម្បីលោកយោនយកកំណើតជាសត្វសុនខក្ដី ក៏លោកហ៊ានឆ្លងកាត់យ៉ាងមោះមុតនូវឧបសគ្គដល់ជីវិត ប្រឈមមុខជាមួយស្ដេចផែនដី តែដោយឥរិយាបថស្លូតបូតប្រកបដោយបញ្ញា ដើម្បីតវ៉ារកយុត្តិធម៌ជូនសុនខទាំងឡាយដែលជាបរិវាររបស់នៅតាម ព្រៃស្មសាននាជាយក្រុងពារាណសី ។
ក្នុងការសាងបន្តនូវបញ្ញាបារមីរាល់ៗជាតិ ព្រះពោធិសត្វរមែងធ្វើសច្ចាប្រណិធានចំពោះខ្លួនលោកថា «គ្រប់ អនាគតជាតិតទៅ អាត្មាអញសូមប្រាថ្នាឲ្យមានបញ្ញាបរិបូរដើម្បីអាចមើលធ្លុះនូវភាព ពិតលើបញ្ហា ឬវត្ថុទាំងឡាយដែលកើតមានឡើងចំពោះមុខ ! សូមឲ្យអាត្មាអញ មើលឃើញនូវពន្លឺសច្ចធម៌ ហើយអាចដឹកនាំសត្វទាំងឡាយពីភាពងងឹតទៅរកពន្លឺ ! អាត្មាអញសូមប្រាថ្នាឲ្យបានត្រាស់ដឹង ហើយអាចដឹកនាំសត្វលោកទាំងឡាយឲ្យបានត្រាស់ដឹងផង ! អាត្មាអញសូមចែករំលែក អានិសង្សនៃការសាងបញ្ញារបស់អាត្មាអញជាប្រយោជន៍ដល់សត្វលោកទាំង ឡាយ !» ។
៥. វិរិយបារមី
«វិរិយៈ» មានន័យថា «សេចក្ដីតស៊ូព្យាយាម សេចក្ដីប្រឹងប្រែង» ។ ជាទូទៅវិរិយៈ មានន័យថា ការខំប្រឹងប្រែង ព្យាយាមតស៊ូដោយកម្លាំងកាយ (ជាធំ) ចិត្ត និងប្រាជ្ញា ដើម្បីឲ្យបានសម្រេចនូវគោលបំណងអ្វីមួយដែលយើងបានកំណត់ទុកជា មុន ។ និស្សិតដែលបានខំព្យាយាមសិក្សាអស់ពីសមត្ថភាព ទោះបីជួបប្រទះការលំបាកគ្រប់បែបយ៉ាងក្ដី ដើម្បីទទួលបានជោគជ័យក្នុងការសិក្សារបស់ខ្លួនជាដើម ជាឧទាហរណ៍ជាក់ស្ដែងនៃការប្រតិបត្តិវិរិយធម៌ និស្សិតនោះត្រូវបានចាត់ទុកជាអ្នកបានបំពេញនូវវិរិយធម៌ដ៏ប្រសើរ ទើបសម្រេចបាននូវគោលបំណងចម្បងរបស់ខ្លួន ។
ការប្រារព្ធវិរិយធម៌នេះ យើងអាចប្រៀបធៀបនឹងនារីដែលរចនាកម្រងផ្កា ដោយរៀបផ្កាមួយទងម្ដងៗ ក៏អាចក្លាយជាកម្រងផ្កាដ៏ល្អប្រណីតបាន ។ នេះក៏មិនខុសគ្នាពីនារីដែលត្បាញសំពត់សូត្រនាងតែងបញ្ចូលសូត្រ ក្នុងត្រល់មួយសរសៃម្ដងៗ លុះក្លាយជាសំពត់សូត្រដ៏ល្អប្រណីត ចម្រុះដោយពណ៌ផ្សេងៗគ្នា ។ សត្វចាបចៀបកប្បាសតែងតែយកស្មៅ ឬវល្លិតូចៗ មួយម្ដងៗ សាងជាសម្បុកដ៏ល្អបាន ។ រីឯបុព្វបុរសយើងក៏បានសាងប្រាសាទនគរវត្តដ៏ល្អខ្ពស់ស្កឹមស្កៃ ល្បីល្បាញលើលោក ដោយយកដុំថ្មមួយដុំម្ដងៗ មកតម្កល់លើគ្នា ក្នុងការសាងសង់អស់ពេលដ៏យូររាប់សតវត្សរ៍ ។ ឧទាហរណ៍ទាំងនេះបញ្ញាក់អំពីការអនុវត្តនៃវិរិយធម៌ក្នុងជីវិតរបស់ សត្វលោក ។
ចំពោះវិរិយបារមីជាគុណធម៌មួយដ៏ខ្ពស់ មានន័យទូលំទូលាយណាស់ ដែលព្រះពោធិសត្វ តែងប្រារព្ធព្យាយាមឲ្យបានសម្រេចនូវគោលបំណងក្នុងជីវិត ទោះបីមានឧបសគ្គដ៏ធំមហិមាមកជំទាស់យ៉ាងណាក្ដី ។ ក្នុងការប្រតិបត្តិដើម្បីសាងវិរិយបារមីនេះ ព្រះពោធិសត្វគ្រប់រូបតែងប្រាថ្នាឲ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ដើម្បីឲ្យបានរួចផុតចាកទុក្ខក្នុងវដ្ដសង្សារផង និងដើម្បីជួយចម្លងសត្វលោកទាំងពួងឲ្យឆ្លងផុតចាកទុក្ខទៅកាន់ ព្រះនិព្វានផង ។
ដូច្នេះដើម្បីសាងវិរិយបារមី ព្រះពោធិសត្វពីជាតិមួយទៅជាតិមួយ លោកបានសាងកុសលធម៌ និងដុសខាត់សម្អាតកម្ជិលចេញពីព្រះអង្គអស់ ។ ព្រះអង្គមិនបណ្ដោយឲ្យពេលវេលា និងអាយុរបស់ព្រះអង្គរសាត់បាត់ទៅដោយគ្មានប្រយោជន៍ឡើយ ។ លោកមិនបានបណ្ដោយឲ្យខ្លួនលោកវង្វេងដោយការធ្វេសប្រហែល ដូចជាអ្នកដេកលក់ងប់ងល់នារាត្រីជ្រៅ ឬអ្នកវង្វេងលង់ខ្លួនក្នុងជ្រោះនៃក្ដីសប្បាយ និងត្រេកត្រអាលដោយកាមគុណ ដែលជានីវរណធម៌ ជាធម៌រារាំងពុំឲ្យបុគ្គលសម្រេចនូវទិសដៅក្នុងជីវិតឡើយ ។
ក្នុងការរក្សាវិរិយបារមីនេះ ព្រះពោធិសត្វតែងសាងវិរិយបារមីដោយម៉ត់ចត់ គឺប្រកាន់ជំហរ៣កម្រិតដូចខាងក្រោមគឺ ៖
កម្រិតទី១ វិរិយបារមីៈ ទោះបីការសាងវិរិយបារមីត្រូវជួបឧបសគ្គដល់ការលះបង់ទ្រព្យសម្បត្តិ យសសក្តិ ឬប្រពន្ធកូនក្ដី ព្រះអង្គគឺពុំលះបង់វិរិយបារមីប្រែប្រួលពីគោលដៅដែលលោកបានប្រកាន់ យកយ៉ាងមុតមាំនោះឡើយ ។ វិរិយនេះមានឈ្មោះថា «វិរិយបារមី» ដែលជា «នេក្ខម្មឧបបារមី» ដែលជា «គុណជាតិសម្រាប់នាំសត្វលោកទៅកាន់ត្រើយដ៏ប្រសើរ គឺព្រះនិព្វាន» ។
កម្រិតទី២ វិរិយឧបបារមីៈ ទោះបីព្រះពោធិសត្វត្រូវលះបង់នូវអង្គកាយ គឺអវយវៈអង្គតូច អង្គធំ មានដៃ និងជើងជាដើម ព្រះអង្គមិនស្ដាយឡើយ ហើយព្យាយាមចម្រើនវិរិយធម៌ឲ្យបានសម្រេច នេះឈ្មោះថា «វិរិយឧបារមី» ដែលជា «នេក្ខម្មឧបបារមី» ដែលជា «គុណជាតិសម្រាប់នាំសត្វលោកទៅកាន់ត្រើយដ៏ប្រសើរ គឺព្រះនិព្វាន» ព្រោះសេចក្ដីព្យាយាម ។
កម្រិតទី៣ វិរិយបរមត្ថបារមីៈ ព្រះពោធិសត្វ ព្យាយាមសាងវិរិយបារមី ដោយមិនព្រមលះបង់នូវការព្យាយាមរបស់ព្រះអង្គឡើយ ទោះបីព្រះអង្គត្រូវប្រឈមមុខចំពោះឧបសគ្គដែលមានគ្រោះថ្នាក់ដល់ ជីវិតក្ដី ព្រះអង្គនៅតែតស៊ូយ៉ាងស្វិតស្វាញ ទាំងកម្លាំងកាយ (ជាធំ) កម្លាំងចិត្ត និងបញ្ញា ដោយមិនបោះបង់នូវទិសដៅដែលព្រះអង្គប្រាថ្នាទុកពីមុនមក ។ នេះឈ្មោះថា «វិរិយបរមត្ថបារមី» ដែលជា «នេក្ខម្មឧបបារមី» ដែលជា «គុណជាតិសម្រាប់នាំសត្វលោកទៅកាន់ត្រើយដ៏ប្រសើរ គឺព្រះនិព្វាន» ។
ក្នុងការសាងវិរិយបារមីនេះ ព្រះពោធិសត្វបានឆ្លងកាត់ជាច្រើនជាតិ ដូចរឿងព្រះមហាជនកជាតកជាដើម ដែលព្រះអង្គត្រូវហែលឆ្លងកាត់មហាសមុទ្រដ៏ធំធេង មើលកោះត្រើយមិនឃើញផង ក៏ព្រះអង្គនោតែមិនលះបង់នូវសេចក្ដីព្យាយាមដ៏មោះមុតនេះ ។
ក្នុងការសាងបន្តនូវវិរិយបារមីរាល់ៗជាតិ ព្រះពោធិសត្វរមែងធ្វើសច្ចាប្រណិធានចំពោះខ្លួនលោកថា «គ្រប់ អនាគតជាតិតទៅអាត្មាអញសូមប្រាថ្នាឲ្យមានកម្លាំងពលំខ្លាំងក្លា ហើយព្យាយាមតស៊ូយ៉ាងស្វិតស្វាញរហូតអាត្មាអញបានសម្រេចនូវគោលដៅ របស់អាត្មាអញ ! សូមឲ្យអាត្មាអញមានចិត្តអង់អាចជម្នះគ្រប់គ្រោះថ្នាក់ និងឧបសគ្គទាំងឡាយ ! សូមឲ្យអាត្មាអញមានលទ្ធភាពបម្រើសត្វលោកទាំងឡាយឲ្យអស់ពី សតម្ថភាព» ។
៦. ខន្តិបារមី
«ខន្តិ» គឺជាអំណត់អត់ធន់ ជាគុណធម៌ខាងផ្លូវចិត្តក្នុងការគាំទ្រទុក្ខវេទនាគ្រប់បែបយ៉ាង ដោយយកធម៌ជាគោលដើម្បីសាងបារមីឆ្ពោះទៅកាន់ពុទ្ធភូមិ ។ ការខំសាងខន្តិបារមីនេះ អាចញ៉ាំងឲ្យបុគ្គលរំងាប់បាននូវការព្រួយបារម្ភ ការតូចចិត្ត និងអាចធ្វើឲ្យចិត្តបាននឹងធឹង ហើយរកសុខក្នុងឧទ័យបាន ។ ខន្តិ ជាសភាវៈផ្ទុយពីទោសៈ គឺកំហឹង ។ កំហឹងនេះជាប្រភពនៃអំពើសាហាវយង់ឃ្នងនៃការកាប់សម្លាប់ និងសង្គ្រាមនានា ។ ការសាងខន្តិបារមីមានលក្ខណៈសំខាន់គួរឲ្យកត់សម្គាល់ដូច ខាងក្រោម ៖
- ខន្តិបារមី ដោយមិនប្រព្រឹត្តតតបវិញនឹងអំពើអាក្រក់ដែលគេរំលោភបំពានលើ ព្រះពោធិសត្វ ។ ព្រះពោធិសត្វតែងតែខំអត់សង្កត់ចិត្តនូវរាល់អំពើឆ្គាំឆ្គងទាំងឡាយ របស់មនុស្ស សត្វ ដោយចិត្តករុណាដ៏ធំទូលាយ ។
- កាយ វាចា ចិត្ត របស់ព្រះពោធិសត្វតែងតែប្រព្រឹត្តទៅដោយអាការៈមិនក្រោធ ខឹង ច្រឡោត ឆេវឆាវ ជាប្រក្រតី ។
- ព្រះពោធិសត្វ តែងតែចាត់ទុកអ្នកដែលប្រព្រឹត្តអំពើឆ្គាំឆ្គងលើលោក ដូចជាអ្នកទាំងនោះ ជាបងប្អូនជាប់សាច់ឈាមជាមួយលោក ហើយលោកតែងតែអត់ឱននូវសេចក្ដីល្មើសរបស់អ្នកទាំងនោះ ដោយធម៌មេត្តាករុណារបស់លោក ។
- ក្នុងការសាងខន្តិ បារមីនេះ ព្រះពោធិសត្វមិនខឹងតបរករឿងហេតុទប់ទល់ជាមួយអ្នកដែលប្រមាធមើល ងាយ ខឹងតិះដៀលព្រះអង្គដោយគ្មានកំហុស ឬដោយរំលោភក្ដី ។ នេះមិនមានន័យថា ព្រះពោធិសត្វមិនមានវាចាតបតនោះឡើយ គឺព្រះពោធិសត្វមានការនិយាយស្ដីតបវីញ តែដោយពាក្យពីរោះ និងទឹកចិត្តមិនប្រកាន់ទោសនោះឯង ។
ក្នុងការរក្សាខន្តិបារមីនេះ ព្រះពោធិសត្វហ៊ានលះបង់នូវអ្វីៗទាំងអស់ តែមិនឲ្យដាច់នូវសន្តិធម៌នេះឡើយ ដោយប្រកាន់ជំហរ៣កម្រិតដូចខាងក្រោមគឺ ៖
កម្រិតទី១ ខន្តិបារមីៈ ព្រះពោធិសត្វមានខន្តីចំពោះគ្រប់សត្វដែលធ្វើការឆ្គាំឆ្គងលើ ព្រះអង្គ ដោយចង់បានទ្រព្យសម្បត្តិ ប្រពន្ធ កូនរបស់ព្រះអង្គក្ដី ព្រះអង្គមិនមានចិត្តបៀតបៀន ឬខឹង ក្រោធចំពោះបុគ្គលទាំងនោះឡើយ គឺព្រះអង្គរក្សានូវ «ខន្តិបារមី» ដែលដែលជា «គុណជាតិសម្រាប់នាំសត្វលោកទៅកាន់ត្រើយបរមសុខ គឺព្រះនិព្វាន» ។
កម្រិតទី២ ខន្តិឧបបារមីៈ ទោះបី មានការបៀតបៀនពីសំណាក់បុគ្គល ឬសត្វដទៃដែលចង់បាន ឬធ្វើឲ្យបាត់បង់ និងខូចខាតដល់រាងកាយអវយវៈ អង្គតូច អង្គធំក្ដី ព្រះអង្គមិនមានការខឹងក្រោធ ចំពោះសត្វលោកទាំងនោះឡើយ គឺព្រះអង្គរក្សានូវ «ខន្តិឧបបារមី» ដែលជា «គុណជាតិសម្រាប់នាំសត្វលោកទៅកាន់ត្រើយបរមសុខ គឺព្រះនិព្វាន» ។
កម្រិតទី៣ ខន្តិបរមត្ថបារមីៈទោះបី មានករបៀតបៀនពីបុគ្គលដទៃ សូម្បីដល់ជីវិតរបស់ព្រះអង្គក្ដី ព្រះអង្គមិនមានការតក់ស្លុត និងការប្រទូស្តតបតវិញឡើយ គឺព្រះអង្គរក្សានូវ «ខន្តិបរមត្ថបារមី» ដែលជា «គុណជាតិសម្រាប់នាំសត្វលោកទៅកាន់ត្រើយបរមសុខ គឺព្រះនិព្វាន» ។
ក្នុងការសាងនូវខន្តិបារមីរាល់ៗជាតិ ព្រះពោធិសត្វរមែងធ្វើសច្ចាប្រណិធានចំពោះខ្លួនលោកថា «គ្រប់ អនាគតជាតិតទៅ អាត្មាអញសូមប្រាថ្នាឲ្យបានជាអ្នកមានអំណត់អត់ធន់ជានិច្ច ! ហើយអាចអត់ទ្រាំចំពោះពាក្យទ្រគោះបោះបោក និងកំហុសអ្នកទដៃដែលមានចំពោះអាត្មាអញ ! អាត្មាអញសូមឲ្យបានជាអ្នកដែលចេះអត់ឱនដល់សត្វលោកទាំងឡាយ ហើយយល់ឃើញនូវចំណុចដ៏ល្អៗរបស់សត្វលោកទាំងនោះជាងជាងរកកំហុស របស់គេ !» ។
ដូចនៅក្នុងរឿងខន្តិវាទីតាបស ព្រះពោធិសត្វមិនបានខឹងតបត សូម្បីបន្តិចបន្តួចសោះចំពោះស្ដេចកលាពុ ដែលបៀតបៀនព្រះអង្គឡើយ ។
៧. សច្ចបារមី
«សច្ច» មានន័យថា «ការពិតប្រាកដ សេចក្ដីទៀងត្រង់» ។ សច្ច គឺជាកិរិយាប្រព្រឹត្តទោក្នុងវាចា មិនព្រមពោលនូវពាក្យមិនពិត ។ សច្ចបារមី ជាគុណជាតិ ឬធម៌ដ៏ប្រសើរមយយរបស់អរិយបុគ្គលដែលលោកតែងអនុវត្តក្នុងជីវិត ដើម្បីឲ្យបានត្រាស់ដឹងជាព្រះសព្វញ្ញុពុទ្ធ ។ ការសាងសច្ចបារមីនេះ ព្រះពោធិសត្វលោកបានទទួលនូវគុណសម្បត្តិដ៏ខ្ពង់ខ្ពស់បំផុត គឺព្រះនិព្វាន ។ បារមីនេះគឺសំដៅការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវសច្ចធម៌ គឺរក្សាពាក្យពិតគ្រប់សកម្មភាពអ្វីៗទាំងអស់ក្នុងជីវិត ទោះបីព្រះពោធិសត្វត្រូវប្រឈមមុខចំពោះគ្រោះថ្នាក់ដ៏ធំដល់ជីវិត ក៏លោកពុំលះបង់នូវសច្ចធម៌ឡើយ ។ ក្នុងការសាងសច្ចបារមីនេះ ក៏ដូចជាបារមីដទៃទៀតដែរ គឺព្រះពោធិសត្វព្រះអង្គប្រកាន់ខ្ជាប់នូវកិរិយា «មិនពោលនូវពាក្យខុសពីការពិត» ដោយលោកប្រកាន់ជំហរ៣កម្រិតដូចខាងក្រោមគឺ ៖
កម្រិតទី១ សច្ចបារមី ព្រះពោធិសត្វព្រះអង្គស៊ូលះបង់នូវទ្រព្យសម្បត្តិ រាជសម្បត្តិ យសស័ក្តិគ្រប់បែបយ៉ាង រួមទាំងបុត្រ និងភរិយា ដើម្បីរក្សា «សច្ចធម៌» ដែលជា «គុណជាតិដ៏ប្រសើរសម្រាប់នាំសត្វលោកទៅកាន់ត្រើយបរមសុខ គឺព្រះនិព្វាន» ។
កម្រិតទី២ សច្ចឧបារមីព្រះពោធិសត្វលោកស៊ូលះបង់អវយវៈ គឺអង្គតូច អង្គធំនៃរាងកាយរបស់ព្រះអង្គក្នុងការរក្សាសច្ចធម៌ដើម្បីសាង «សច្ចឧបបារមី» ដែលជា «គុណជាតិដ៏ប្រសើរសម្រាប់ដឹកនាំសត្វលោកទៅកាន់ត្រើយបរមសុខ គឺព្រះនិព្វាន» ។
កម្រិតទី៣ សច្ចបរមត្ថបារមី ព្រះពោធិសត្វស៊ូលះបង់ជីវិតក្នុងការរក្សាសច្ចធម៌ដើម្បីសាង «សច្ចបរមត្ថបារមី» ដែលជា «គុណជាតិដ៏ប្រសើរសម្រាប់នាំសត្វលោកទៅកាន់ត្រើយបរមសុខ គឺព្រះនិព្វាន» ។
ក្នុងរឿងព្រះវិធូរបណ្ឌិត ព្រះពោធិសត្វបានឲ្យដំបូន្មានព្រះរាជាថា ក្នុងព្រះឋានៈជាស្ដេចផែនដី ព្រះអង្គត្រូវតែគោរពនូវសច្ចធម៌ ទោះបីព្រះអង្គត្រូវលះបង់រាជសម្បត្តិ នគរ ឬព្រះជន្មក៏ដោយ ។
ក្នុងការកសាងបារមីនេះ ព្រះពោធិសត្វគ្រប់ៗជាតិតែងតែធ្វើសច្ចាប្រណិធានរបៀបនេះថា «គ្រប់ អនាគតជាតិតទៅ អាត្មាអញសូមប្រាថ្នាឲ្យប្រកាន់ខ្ជាប់នូវពាក្យពិត ! ក្នុងកិរិយាប្រព្រឹត្តទៅនៃជីវិត អាត្មាអញសូមកុំឲ្យរៀចវេរពីការពិតដើម្បីផ្ដល់នូវសេចក្ដីសុខដល់ មនុស្សសត្វទូទៅ !» ។
៨. អធិដ្ឋានបារមី
«អធិដ្ឋាន» មានន័យថា «កិរិយាតាំងចិត្តទទួលកិច្ចដែលគួរគាប់កាន់យក» ។ អធិដ្ឋាន គឺ ជាកិច្ចដែលសមាទានប្រកាន់យកយ៉ាងមុតមាំនូវគោលដៅអ្វីមួយ ហើយមិនរើរុះផ្លាស់ប្ដូរ ប្រែប្រួល ដោយសារជួបប្រទះការលំបាក ឬឧបសគ្គណាមួយ ។ ព្រះពោធិសត្វកាន់យកដោយឈ្លាសវៃនូវឧបាយនៃករុណាចិត្ត ហើយមានចិត្ត និងចេតសិកតែងប្រប្រឹត្តទៅតាមអាការ់នៃសេចក្ដីអធិដ្ឋាននោះ ។ អំពើនេះហៅថា ការសាង «អធិដ្ឋានបារមី» ដែលជា «គុណជាតិដ៏សម្រាប់ចម្លងសត្វលោកទៅកាន់ត្រើយបរមសុខ គឺព្រះនិព្វាន» ព្រោះសេចក្ដីតាំងចិត្តព្យាយាមមុតមាំ ។ ដើម្បីរក្សាឲ្យបានគង់វង្សនូវអធិដ្ឋានបារមីនេះ ព្រះពោធិសត្វតែងប្រកាន់ខ្ជាប់នូវជំហរ៣កម្រិតដូចខាងក្រោម គឺ ៖
កម្រិតទី១ អធិដ្ឋានបារមី ទោះបីការតាំងចិត្ត អធិដ្ឋានបារមីនេះ ត្រូវជួបឧបសគ្គរហូតដល់ការលះបង់នូវទ្រព្យសម្បត្តិ កូន ប្រពន្ធក៏ដោយ ព្រះពោធិសត្វពុំរើរុះ ប្រែប្រួលពីគោលដៅដែលលោកបានប្រកាន់យកយ៉ាងមុតមាំនោះឡើយ ដោយព្រះអង្គរក្សានូវ «អធិដ្ឋាន» ដែលជា «គុណជាតិដ៏ប្រសើរសម្រាប់នាំសត្វលោកទៅកាន់ត្រើយបរមសុខ គឺព្រះនិព្វាន» ព្រោះសេចក្ដីតាំងចិត្តដ៏មាំនេះ ។
កម្រិតទី២ អធិដ្ឋានឧបបារមី ទោះបីការតាំងចិត្តអធិដ្ឋានបារមីនេះ ជួបនូវការលំបាក ឬឧបសគ្គដែលព្រះពោធិសត្វត្រូវឆ្លងកាត់នោះ ដោយព្រះអង្គត្រូវលះបង់នូវអវយវៈ គឺអង្គតូច អង្គធំនៃរាងកាយរបស់ព្រះអង្គក៏ដោយក្ដី ដើម្បីប្រកាន់យកនូវធម៌ជាកុសលនោះ ព្រះអង្គមិនរើរុះពីសេចក្ដីសម្រេចចិត្តដ៏មុតមាំរបស់ព្រះអង្គ ឡើយ ។ នេះហៅថា «អធិដ្ឋានឧបបារមី» ដែលជា «គុណជាតិដ៏ប្រសើរសម្រាប់នាំសត្វលោកទៅកាន់ត្រើយបរមសុខ គឺព្រះនិព្វាន» ដោយសារការតាំងចិត្តដ៏មុតមាំនេះ ។
កម្រិតទី៣ អធិដ្ឋានបរមត្ថបារមី ក្នុងការតាំងចិត្តដែលជាកិរិយា សមាទាននូវកុសលធម៌ (គោលបំណងសាងកុសលធម៌) ណាមួយហើយនោះ ព្រះពោធិសត្វមិនអាចរលាស់ចោលឡើយ ទោះបីព្រះអង្គត្រូវប្រឈមមុខនឹងការលះបង់ជិវិតផ្ទាល់របស់ខ្លួន ក្ដី ។ សេចក្ដីមិនកម្រើកដោយខ្លាចបាត់បង់ជីវិតនេះហើយហៅថា «អធិដ្ឋានបរមត្ថបារមី» ដែលជា «គុណជាតិដ៏ប្រសើរសម្រាប់នាំសត្វលោកទៅកាន់ត្រើយបរមសុខ គឺព្រះនិព្វាន» ។
ក្នុងការសាងអធិដ្ឋានបារមីនេះ ព្រះពោធិសត្វត្រូវផ្អែកលើការព្យាយាមទាំងកម្លាំងកាយ និងកម្លាំងចិត្តជាមូលដ្ឋានចម្បង ។ ព្រះពោធិសត្វតែងធ្វើសេចក្ដីសច្ចាប្រណិធានដូច្នេះថា «គ្រប់ អនាគតជាតិតទៅ អាត្មាអញសូមឲ្យចិត្តមុតមាំប្ដូរផ្ដាច់ក្នុងការសម្រេចបំណងកុសល ធម៌ ! សូមឲ្យអាត្មាអញមានចិត្តរឹងមាំដូចដែកតែសភាវៈទន់ភ្លន់ដូចផ្កា និងជាអ្នកកាន់សីលធម៌ខ្ពស់ជានិច្ច !» ។
សន្និដ្ឋាន
ដើម្បីជាសក្ខីភាពបញ្ជាក់ពីកម្រិតនៃអធិដ្ឋានបារមីរបស់ព្រះពោធិសត្វ សូមលើកយករឿងសត្វឥន្ទ្រីមួយ (ដែលជាតួអង្គព្រះពោធិសត្វយោនកំណើត) មកនិទានដោយសង្ខេបដូចតទៅ ៖
កាលយូរលង់កន្លងមក ព្រះសម្មាសម្ពុទ្ធ ព្រះសមណគោតមទ្រង់បានចាប់កំណើតជាសត្វឥន្ទ្រីមួយ ហើយរស់នៅក្បែរទីក្រុងកបិលពស្តុ ។ ថ្ងៃមួយ សត្វឥន្ទ្រីបានហើរឆ្លងកាត់ទីក្រុង ហើយបានឃើញក្បួនដង្ហែព្រះសម្មាសម្ពុទ្ធមួយអង្គដែលគង់ប្រថាប់លើ បុស្បុករចនាដោយសំពត់ពណ៌ផ្កាភ្ញីដ៏ប្រណីតឥតមានពីរ ។ សត្វឥន្ទ្រីគយគន់មើលប្រកបដោយចិត្តបីតិរីករាយឥតឧបមា ចំពោះព្រះភ័ក្ត្រដ៏ភ្លឺត្រចះត្រចង់បញ្ចេញឆព្វណ្ណរង្សីគ្រប់ទិសទី ជាភាពអស្ចារ្យដ៏មហាក្រៃលែង ។ រំពេចនោះ ឥន្ទ្រីក៏មានពោធិចិត្តផុសឡើងភ្លាម ដោយចង់បានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធមួយអង្គ ហើយតាំងចិត្តថានឹងទៅថ្វាយបង្គំគោរពព្រះសម្មាសម្ពុទ្ធអង្គ នោះ ។ តែយល់ថា ខ្លួនជាសត្វស្លាប តើធ្វើដូចម្ដេចទៅនឹងចូលជិតព្រះសម្មាសម្ពុទ្ធបាន ? គិតដូច្នោះហើយ ឥន្ទ្រីក៏ត្រលប់ទៅកាន់កន្លែងដែលធ្លាប់អាស្រ័យនៅតាមមាត់បឹងឯ ជាយក្រុងវិញ ហើយប្ដេជ្ញាចិត្តថា នឹងគោរពព្រះសម្មាសម្ពុទ្ធឲ្យបានពេញ៧ថ្ងៃ៧យប់ ។ បន្ទាប់មកសត្វឥន្ត្រីក៏បានអធិដ្ឋានថា «តាម សេចក្ដីសម្រេចចិត្តដ៏មុតមាំនេះ អាត្មាអញសូមសច្ចាប្រណិធានថា ដោយគុណបារមីដែលកើតឡើងពីការគោរពព្រះសម្មាសម្ពុទ្ធនាពេលនេះ សូមឲ្យអាត្មាអញបានត្រាស់ជាព្រះពុទ្ធមួយអង្គទៅពេលអនាគត» ។
ប្រាថ្នាដូច្នោះហើយ ក៏លើកស្លាបទាំងពីរសំកាំងឱនក្បាលជាសញ្ញាគោរព ដោយបែរមុខឆ្ពោះទៅទីតាំងដែលអ្នកបានឃើញព្រះសម្មាសម្ពុទ្ធ ។ សត្វឥន្ទ្រីឈរជើងស្ដាំតែម្ខាង អត់កម្រើកដូចដុំថ្មមួយដុំអត់ចំណីអាហារអស់រយៈពេល៧ថ្ងៃ៧ យប់ ។ កម្លាំងកាន់តែចុះខ្សោយជាលំដាប់ពី១ថ្ងៃទៅ១ថ្ងៃ ។ កម្លាំងកាន់តែចុះខ្សោយជាលំដាប់ពី១ថ្ងៃទៅ១ថ្ងៃ ។ លុះចប់ថ្ងៃទី៧ សត្វឥន្ទ្រីក៏ស្លាប់ចាកលោក ហើយរំពេចនោះក៏បានចាប់កំណើតទៅជាទេវបុត្រមួយអង្គនៅស្ថាន តាវតិង្ស ។
នេះបង្ហាញពីកម្លាំងកាយនៃការព្យាយាម និងកម្លាំងចិត្តដ៏មោះមុត ដ៏អស្ចារ្យក្នុងការសាងអធិដ្ឋានបរមត្ថបារមីនៃសត្វឥន្ទ្រីដែលជា តួអង្គព្រះពោធិសត្វពីអតីតជាតិ ។
៩. មេត្តាបារមី
«មេត្តាបារមី» គឺជាមេត្តាមហាសាល ដោយផ្ដល់សេចក្ដីស្រឡាញ់ដល់សត្វទាំងអស់ដោយគ្មានព្រំដែន ដោយពុំរើសអើងពីជាតិសាសន៍ និងប្រភពកំណើតជាដើម ។ មេត្តាធម៌ជាសេចក្ដីស្រឡាញ់បរិសុទ្ធ ផុសចេញពីបេះដូង ដោយមានសេចក្ដីប្រាថ្នាឲ្យសត្វលោកទូទៅមានសេចក្ដីសុខជានិច្ចនៅ ក្នុងជីវិត ។ ព្រះពោធិសត្វពុំដែលមានចិត្តព្យាបាទដល់អ្នកដទៃឡើយ ទោះបីជាសត្រូវរបស់ព្រះអង្គក៏ដោយ ។ ក្នុងការសាងមេត្តាបារមីនេះ ព្រះពោធិសត្វតេងប្រកាន់យកបញ្ញាឈ្លាសវៀងវៃជាឧបាយ ដោយមានមេត្តាធម៌ដ៏ជញរាលជ្រៅចំពោះសត្វលោកជាមូលដ្ឋាន ។ ការកសាងមេត្តាបារមីនេះមានបីកម្រិតដែរគឺ ៖
កម្រិតទី១ មេត្តាបារមី ទោះបី ព្រះពោធិសត្វត្រូវលះបង់ដល់បុត្រ និងភរិយាក៏ដោយក៏លោកនៅតែរក្សាឲ្យជាប់នូវមេត្តាធម៌ គឺកិរិយាមិនបានញ៉ាំងការចម្រើន និងសេចក្ដីសុខរបស់សត្វទាំងឡាយឲ្យវិនាសដោយសារការបៀតបៀន ឬសម្លាប់កូន ប្រពន្ធរបស់ព្រះអង្គឡើយ ។ សេចក្ដីមិនព្យាបាទតបតដល់អ្នកបៀតបៀនព្រះអង្គនេះហើយឈ្មោះថា «មេត្តាបារមី» ដែលជា «គុណជាតិដែលធ្វើឲ្យសត្វលោកបានឆ្លងទៅកាន់ត្រើយដ៏ប្រសើរ គឺព្រះនិព្វាន» ។
កម្រិតទី២ មេត្តាឧបបារមី ទោះបីព្រះពោធិសត្វត្រូវលះបង់អវយវៈ គឺអង្គតូច អង្គធំនៃរាងកាយរបស់ព្រះអង្គ ដោយការបៀតបៀនរបស់អ្នកដទៃក៏ដោយ ព្រះអង្គមិនមានចិត្តចង់ព្យាបាទដល់អ្នកទាំងនោះឡើយ ។ ការមិនចងពៀរនេះហើយឲ្យឈ្មោះថា «មេត្តាឧបបារមី» ដែលជា «គុណជាតិដែលធ្វើឲ្យសត្វលោកបានឆ្លងទៅកាន់ត្រើយដ៏ប្រសើរ គឺព្រះនិព្វាន» ។
កម្រិតទី៣ បរមត្ថមេត្តាបារមី ទោះបី ព្រះពោធិសត្វត្រូវលះបង់ជីវិតរបស់ព្រះអង្គ ដោយការប្រមាថបៀតបៀនធ្វើបាបពីសំណាក់អ្នកដទៃក្ដី ក៏ព្រះអង្គមិនប្រព្រឹត្តនូវអំពើតបតឲ្យអ្នកនោះទទួលការវិនាសខាត បង់នូវប្រយោជន៍ឡើយ ។ ការមិនតបតចងពៀរព្យាបាទចំពោះជននោះវិញ នេះឈ្មោះហៅថា «បរតម្តមេត្តាបារមី» ដែលជា «គុណជាតិដែលធ្វើឲ្យសត្វលោកបានឆ្លងទៅកាន់ត្រើយដ៏ប្រសើរបំផុត គឺព្រះនិព្វាន» ។
ក្នុងការកសាងបារមីនេះ ព្រះពោធិសត្វគ្រប់ៗជាតិតែងតែធ្វើសច្ចាប្រណិធានរបៀបនេះថា «គ្រប់ អនាគតជាតិតទៅ អាត្មាអញសូមប្រាថ្នាឲ្យមានចិត្តល្អ មានករុណាធម៌ និងជាទីស្រឡាញ់រាប់អានរបស់មនុស្សទូទៅ ! អាត្មាអញសូមឲ្យមានទឹកចិត្តស្រឡាញ់ និងតម្កល់សត្វលោកទាំងឡាយឲ្យដូចជា ម្ដាយ ឪពុក បង ប្អូនរបស់អាត្មាអញដូចៗគ្នាទាំងអស់ !» ។
ដើម្បីជាសក្ខីភាពបញ្ជាក់ពីករកសាងមេត្តាបារមី សូមលោកអ្នកមេត្តាសិក្សារឿងពលបាលកុមារជាតក និងរឿងព្រះសុវណ្ណសាមកុមារ ជាដើម ។
១០. ឧបេក្ខាបារមី
«ឧបេក្ខា» មានន័យថា «សភាពជាកណ្ដាល» ។ ឧបេក្ខា ជាកិរិយាកម្ចាត់បង់នូវសេចក្ដីត្រេកអរ និងការមិនថ្នាំងថ្នាក់ មិនខឹង ហើយប្រព្រឹត្តទៅស្មើចំពោះសត្វ និងសង្ខារទាំងឡាយ ដោយតម្កល់ចិត្តជាកណ្ដាលគ្មានលំអៀង ។ ក្នុងករសាងឧបេក្ខាបារមីនេះ ព្រះពោធិសត្វតែងហាត់ពត់ចិត្តឲ្យមានតុល្យភាព (កណ្ដាល) ដោយមានឧបេក្ខាចិត្តជាឧបាយ ។ នេះបានសេចក្ដីថា គ្មានប្រការអ្វីដែលអាចញ៉ាំងព្រះពោធិសត្វធ្វើឲ្យលោកមានចិត្ត អបអរ រំភើបញាប់ញ័រ ឬភ័យខ្លាចដ៏តិចតួចឡើយ ។ ក្នុងស្ថានភាពនៃចិត្តជាឧបេក្ខា ព្រះពោធិសត្វពុំមានការរំភើបញាប់ញ័រចំពោះអដ្ឋលោកធម៌ (ធម៌ក្នុងលោកទាំង៨) មាន ៖ ១. មានភាព ២. អត់លាភ ៣. មានយស ៤. អត់យស ៥. សរសើរ ៦. និទ្ទា ៧. សុខ ៨. ទុក្ខ ។
ក្នុងកាលៈទេសៈណាក៏ដោយ នៅពេលដែលលោកធម៌ទាំង៨ប្រការនេះកើតឡើង ព្រះពោធិសត្វលោកគង់ស្ថិតនៅក្នុងសភាពនឹងដដែល ហាក់ដូចជាថ្មដែលត្រូវខ្យល់បក់បោកនៅនឹងថ្កល់យ៉ាងនោះដែរ ។ ការបំពេញឧបេក្ខាបារមីត្រូវចែកចេញជាបីកម្រិត ដូចបារមីដទៃទៀតដែរគឺ ៖
កម្រិតទី១ ឧបេក្ខាបារមី ចិត្ត នៃព្ដរះពោធិសត្វតាំងនៅជាកណ្ដាលជានិច្ចចំពោះលោកធម៌ដែលកើតមានឡើង ហើយដល់សត្វលោកទាំងឡាយ ទោះបីអ្នកនោះមានឧបការគុណក្ដី អ្នកមិនមានឧបការគុណក្ដី មានបុត្រ និងភរិយារបស់លោកជាដើម ។ កិរិយាតាំងនៅជាកណ្ដលាចំពោះលោកធម៌នេះឈ្មោះថា «ឧបេក្ខាបារមី» ដែលជា «គុណជាតិសម្រាប់ដឹកនាំសត្វលោកឆ្ពោះទៅកាន់ត្រើយដ៏ប្រសើរ គឺព្រះនិព្វាន» ព្រោះការតាំងចិត្តជាកណ្ដាលនេះ ។
កម្រិតទី២ ឧបេក្ខាឧបបារមី ព្រះពោធិសត្វ តែងតាំងចិត្តជាមធ្យម កណ្ដាលជានិច្ចចំពោះលោកធម៌ដែលកើតឡើងដល់សត្វលោកទាំងឡាយ ទោះបីអ្នកនោះមានឧបការគុណធំក្ដី អ្នកមានឧបការគុណតូចក្ដី ទោះបីព្រះពោធិសត្វត្រូវលះបង់ ឬបូជា (បូជនីយកម្ម) នូវអវយវៈ អង្គតូច ឬអង្គធំរបស់ព្រះអង្គក្ដី ព្រះពោធិសត្វដែលលោកតាំងចិត្តក្នុងឧបេក្ខាបារមីបានហើយនោះដោយ ព្រះអង្គបានកាត់ព្រះទ័យលែងជាប់ជំពាក់នឹងអដ្ឋលោកធម៌ (គឺធម៌ទាំង៨ប្រការក្នុងលោក) ។ កិរិយាដែលព្រះពោធិសត្វប្រព្រឹត្តនេះគឺជាការសាង «ឧបេក្ខាឧបបារមី» ដែលជា «គុណជាតិសម្រាប់ដឹកនាំសត្វលោកឆ្ពោះទៅកាន់ត្រើយដ៏ប្រសើរ គឺព្រះនិព្វាន» ។
កម្រិតទី៣ ឧបេក្ខាបរមត្ថបារមី ព្រះពោធិសត្វតែតម្កល់សន្ដានចិត្តយ៉ាងមធ្យម ជាកណ្ដាលជានិច្ចចំពោះសត្វលោក និងសង្ខារទាំងឡាយ ទោះបីសត្វទាំងនោះមានឧបករគុណស្រាលក្ដី ឬធ្ងន់ក្ដី ដែលអាចប៉ះពាល់ដល់ជីវិតរបស់ព្រះអង្គក្ដី ព្រះអង្គនៅរក្សាព្រះទ័យរបស់ព្រះអង្គដដែល ដោយពុំមានការរំភើប ញាប់ញ័រដ៏តិចតួចឡើយ ។ កិរិយាដែលព្រះពោធិសត្វប្រព្រឹត្តនេះ គឺជាការសាង «ឧបេក្ខាបរមត្ថបារមី» ដែលជា «គុណជាតិសម្រាប់ដឹកនាំសត្វលោកឆ្ពោះទៅកាន់ត្រើយដ៏ប្រសើរ គឺព្រះនិព្វាន» ។
ក្នុងការសាងឧបេក្ខាបារមីនេះ ព្រះពោធិសត្វគ្រប់ៗជាតិតែងតែធ្វើសច្ចាប្រណិធានរបៀនេះថា «គ្រប់ អនាគតជាតិតទៅ អាត្មាអញសូមប្រាថ្នាជាអ្នកមានសភាវៈនឹងធឹង ស្ងប់ស្ងៀម និងប្រកបដោយសន្តិភាព ! អាត្មាអញ សូមឲ្យមានតុល្យភាពក្នុងចិត្តជានិច្ច ! អាត្មាអញសូមឲ្យបានប្រកបនូវឧបេក្ខាដ៏បរិសុទ្ធបំផុត ! អាត្មាអញសូមប្រាថ្នាឲ្យបានបម្រើសត្វលោក ដោយចិត្តបរិសុទ្ធហើយសូមឲ្យមានចិត្តបរិសុទ្ធដើម្បីបម្រើសត្វ លោក !» ។
លក្ខណាទិចតុក្កៈនៃទសបារមី
សភាវធម៌ដែលមានពិតដោយបរមត្ថធម៌ ឬសាមញ្ញលក្ខណៈនៃធម៌ទាំងនោះឈ្មោះថា «លក្ខណៈ» ។ ពាក្យថា «រស» មានពីរគឺ កិច្ចរស និងសម្បត្តិរស ។ ផល ឬអាករប្រាកដឈ្មោះថា «បច្ចុបដ្ឋាន» ។ ហេតុជិតនាំឲ្យធម៌នោះកើតឈ្មោះថា «បទដ្ឋាន» ។ កន្លែងខ្លះពោលថា ហេតុជិតផលឈ្មោះថា «បទដ្ឋាន» ។
លក្ខណាទិចតុក្កៈនៃទសបារមីគឺក្នុងបារមីនីមួយៗដែលព្រះពោធិសត្វប្រារព្ធ ត្រូវប្រកបដោយលក្ខណៈ៤ចំណុចដូចខាងក្រោម ៖
១. លក្ខណាទិចតុក្កៈនៃទានបារមី
- បរិច្ចាគលក្ខណា មានការបរិច្ចាគជាលក្ខណៈ ដើម្បីកម្ចាត់នូវតណ្ហា គឺការស្រេកឃ្លាន ។
- ទេយ្យធម្មេ លោភវិទ្ធំសនរសា មានករកម្ចាត់លោភៈក្នុងទេយ្យធម៌ជាកិច្ច គឺឲ្យទានដើម្បីអប់រំចិត្ត កុំឲ្យលោភលន់ចង់បានទ្រព្យអ្នកដទៃ ។
- អនាសត្តិបច្ចុបដ្ឋានា មានកម្លាំងអាចជាផល ឬដល់ព្រមដោយភព និងការចម្រើនផល គឺអប់រំកុំឲ្យជាប់ជំពាក់នឹងទេយ្យវត្ថុដែលផ្ដល់ជាទាន ។
- បរិច្ចជិតព្វវត្ថុបទដ្ឋានា មានវត្ថុដ៏សមគួរសម្រាប់ធ្វើជាទាន ។
២. លក្ខណាទិចតុក្កៈនៃសីលបារមី
- សីលនក្ខណា មានការរៀរចាកទុច្ចរិត ដោយតម្កល់ចិត្តយ៉ាងមុតមាំក្នុងការរក្សាសីលជាលក្ខណៈ ។
- ទុសីល្យវិទ្ធំសនរសា កម្ចាត់នូវភាពទ្រុស្តសីល គឺការមិនប្រព្រឹត្តនូវអកុសលកម្ម និងទម្លាប់អាក្រក់ជាកិច្ច ។
- សោចេយ្យបច្ចុបដ្ឋានា មានសេចក្ដីស្អាតទាំងកាយ វាចា ចិត្ត គឺអប់រំចរិតលក្ខណៈក្នុងសភាវៈស្អាតស្អំ ។
- ហិរោត្តប្បទដ្ឋានា មានការខ្មាសបាប និងខ្លាចបាបជាហេតុ ដោយប្រព្រឹត្តតែកុសលកម្ម ។
៣. លក្ខណាទិចតុក្កៈនៃនេក្ខម្មបារមី
- កាមតោ ច ភវតោ ច និក្ខម្មលក្ខណា មានការចេញចាកកាមជាលក្ខណៈ គឺសេចក្ដីត្រេកត្រអាលលើលោក (សំឡេង ក្លិន រស ផោដ្ឋព្វៈ និងទ្រ្យសម្បត្តិ បុណ្យស័ក្តិ កិត្តិយស) ដើម្បីចាកផុតពីវដ្ដសង្សារ ។
- តទាទីនវវិភាវនរសា មានការប្រកាសកាមជាទោស គឺចាត់ទុកកាមារម្មណ៍ជាទោស ។
- តតោ ឯវ វិមុខភាវប្បច្ចុបដ្ឋានា មានការបែរក្រោយចាកទោសនោះឯងជាផល គឺគេចចេញពីទោសណៃកាមនោះ ជាបច្ចុបដ្ឋាន ។
- សំវេគបទដ្ឋានា មានសេចក្ដីតក់ស្លុត និងសង្វេគដោយការយល់ដឹងតាមករភាវនា ជាហេតុជិត ។
៤. លក្ខណាទិចតុក្កៈនៃបញ្ញាបារមី
- យថាសភាវបដិវេធលក្ខណា មានការចាក់ធ្លុះតាមសភាវៈជាលក្ខណៈ ឬឃើញច្បាស់ប្រាកដជាលក្ខណៈ គឺការដឹងច្បាស់នូវសភាវធម៌ ។
- វិសយោភាសនរសា បទីបោ វិយ មានការភ្លឺច្បាស់ក្នុងអារម្មណ៍ជាកិច្ច ។
- អសម្មោហបច្ចុបដ្ឋានា មានការមិនវង្វេងជាផល គឺអស់នូវសេចក្ដីវង្វេង ឬមន្ទិលដោយបញ្ញា ។
- សមាធិបទដ្ឋានា ចតុសច្ចបទដ្ឋានា វា មានសមាធិ គឺការតម្កល់ចិត្ត ត្រូវមានអរិយសច្ចធម៌បួនជាហេតជិត ។
៥. លក្ខណាទិចតុក្កៈនៃវិរិយបារមី
- ឧស្សាហលក្ខណា មានសេចក្ដីព្យាយាមក្នុងការបំពេញកុសលជាលក្ខណៈ ។
- ឧបត្ថម្ភនរសា មានការឧបត្ថម្ភដោយសហជាតធម៌ជាកិច្ច ឬគុណធម៌ដទៃទៀតជាកិច្ច ។
- អសំសីទនបច្ចុបដ្ឋានា មានការមិនធ្លាក់ចុះក្នុងអកុសលធម៌ជាបច្ចុបដ្ឋានជាផល
- វិរិយារម្ភវត្ថុបទដ្ឋានា សំវេគបទដ្ឋានា វា មានវិរិយារម្ភវត្ថុ ឬមានសេចក្ដីស្លុតជាហេតុជិត គឺសេចក្ដីព្យាយាម និងសង្វេគតាមជំនឿជាហេតុជិត ។
៦. លក្ខណាទិចតុក្កៈនៃខន្តិបារមី
- ខមនលក្ខណា មានសេចក្ដីអត់ធន់ជាលក្ខណៈ ។
- ឥដ្ឋានិដ្ឋសហនរសា មានការអត់ធន់ក្នុងសភាវៈ ចំពោះរបស់ល្អ និងមិនល្អជាកិច្ច ។
- អធិវាសនបច្ចុបដ្ឋានា អវិរោធបច្ចុបដ្ឋានា វា រៀរចាកពីទំនាស់ និងអត់ធន់ចំពោះសេចក្ដីក្រោធរបស់អ្នកដទៃ ។
- យថាភូតទស្សនបទដ្ឋានា យល់ដឹងអំពីវត្ថុទាំងឡាយក្នុងសភាវធម៌ពិត ។
៧. លក្ខណាទិចតុក្កៈនៃសច្ចបារមី
- អវិសំទនលក្ខណា មិនបំភាន់អ្នកដទៃឲ្យយល់ច្រឡំ ដោយឃ្លាតចាកពីសច្ចធម៌ ។
- យថាសភាវវិភាវនរសា បង្ហាញនូវសភាវៈនៃអ្វីៗទាំងឡាយតាមការពិតជាកិច្ច ។
៨. លក្ខណាទិចតុក្កៈនៃអធិដ្ឋានបារមី
- ពោធិសម្ភារេសុ អធិដ្ឋានលក្ខណា មានការតាំងមាំក្នុងការសម្រេចពោធិជាលក្ខណៈចាំបាច់ ។
- តេសំ បដិបក្ខាភិភវនរសា មានការគ្របសង្កត់លើឧបសគ្គដើម្បីបំពេញ ។
- តត្ថ អចលតាបច្ចុបដ្ឋានា មានការមិនកម្រើកញាប់ញ័រចំពោះឧបសគ្គនោះជាផល ។
- ពោធិសម្ភារបទដ្ឋានា មានពោធិសម្ភារ (ជាគ្រឿងត្រាស់ដឹង) ជាហេតុជិត ។
៩. លក្ខណាទិចតុក្កៈនៃមេត្តាបារមី
- ហិតាការប្បវត្តិលក្ខណា មានសភាពប្រព្រឹត្តទៅក្នុងការចង់ជួយអ្នកដទៃ ។
- ហិតូបសំហាររសា អាឃាតវិនយរសា វា ប្រកបដោយសភាវៈសប្បុរស និងកម្ចាត់បង់នូវសេចក្ដីស្អប់ខ្ពើម ។
- សមភាវបច្ចុបដ្ឋានា មានសេចក្ដីស្ងប់ ឬសភាវៈត្រជាក់ក្នុងការទំនាក់ទំនងជាមួយអ្នកដទៃជាផល ។
- សត្តានំ មនាបភាវទស្សនបទដ្ឋានា មានសេចក្ដីរីករាយចំពោះសត្វលោកជាហេតុជិត ។
១០. លក្ខណាទិចតុក្កៈនៃឧបេក្ខាបារមី
- មជ្ឈត្តាការប្បវត្តិលក្ខណា មានការប៉ិនប្រសប់ក្នុងការរក្សាអការៈជាកណ្ដាល ជាលក្ខណៈ ។
- សមភាវទស្សនរសា ក្នុងការរក្សា ឬទទួលភាពជាកណ្ដាលចំពោះវត្ថុដែលពេញចិត្ត ឬមិនពេញចិត្តជាកិច្ច ។
- បដិឃានុនយវូបសមបច្ចុបដ្ឋានា មានការស្ងប់ក្រោធជាប់ជំពាក់ និងសេចក្ដីត្រេកអរជាផល ។
- កម្មស្សកតាបច្ចវេក្ខណាបទដ្ឋានា មានការពិចារណាលើកម្មផលរបស់សត្វលោកជាហេតុ ។
កំណត់សម្គាល់របស់អ្នកនិពន្ធក្នុងការសាងបារមី
ការសាងបារមីទាំង១០នេះ បានចប់បរិបូរហើយ ញ៉ាំងអង្គព្រះសម្មាសម្ពុទ្ធឲ្យទទួលនូវគុណធម៌ដ៏មហាវិសេសវិសាលខ្ពស់ ពមផុតលើលោក គឺការត្រាស់ដឹងជាព្រះសព្វញ្ញុពុទ្ធ ចាក់ធ្លុះនូវអវិជ្ជាគ្រប់បែបយ៉ាង ។ ពេលនោះព្រះអង្គទ្រង់ប្រកបដោយទិព្វញ្ញាណ១០គឺ «ទសពលញ្ញាណ» ។ តើទសពលញ្ញាណទាង១០ មានអ្វីខ្លះ ? ទសពលញ្ញាណនៃព្រះសម្មាសម្ពុទ្ធមានដូចតទៅ ៖
- ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់នូវហេតុតាមហេតុផង ទ្រង់ជ្រាបច្បាស់នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង គឺព្រះអង្គទ្រង់ជ្រាបនូវអ្វីដែលត្រូវ អ្វីដែលខុសតាមសេចក្ដីពិត ។
- ព្រះសម្មាសម្ពុទ្ធទ្រង់ ជ្រាបច្បាស់នូវវិបាកនៃកុសលកម្ម និងអកុសលកម្មដែលសត្វលោកបានធ្វើហើយ ទាំងអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ តាមសេចក្ដីពិត ។
- ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់នូវបដិបទា ជាដំណើរទៅកាន់សុគតិ និងទុក្គតិ ក្នុងទីទាំងពួង (នៃសត្វលោក) តាមសេចក្ដីពិត ។
- ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់នូវលោក (បានដល់ខន្ធ ធាតុអាយតនៈ) ដែលមានធាតុ (បានដល់ចក្ខុធាតុជាដើម ឬកាមធាតុជាដើម) ច្រើនយ៉ាង មានធាតុ (បានដល់លក្ខណៈផ្សេងៗរបស់ធាតុទាំងនោះ) ផ្សេងៗគ្នា តាមសេចក្ដីពិត ។
- ព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាបច្បាស់នូវអធ្យាស្រ័យផ្សេងៗគ្នារបស់សត្វទាំងឡាយ តាមសេចក្ដីពិត ។
- ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់នូវឥន្ទ្រិយក្លៀវក្លា និងទន់ខ្សោយរបស់ពួកសត្វដទៃ ពួកបុគ្គលដទៃ តាមសេចក្ដីពិត ។
- ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់នូវសេចក្ដីសៅហ្មង សេចក្ដីផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ តាមសេចក្ដីពិត ។
- ព្រះសម្មាសម្ពុទ្ធរលឹកឃើញជាតិដែល បាននូវអាស្រ័យក្នុងអតីតកាលកន្លងមកជាអនេកជាតិ គឺរលឹកបាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន ច្រើនសំវដ្ដកប្ប ច្រើនវិវដ្ដកប្ប ច្រើនសំវិវដ្ដកប្បក៏បានថា ក្នុងភពឯនោះអាត្មាអញមានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណោះ អាត្មាអញលុះចុតិចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯនោះដែលទៅកើតក្នុងភពឯនោះទៀត អាត្មាអញក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ចុតិចាកអត្តភាពនោះហើយ ទើបមកកើតក្នុងភពនេះឯង ។
- ព្រះសម្មាសម្ពុទ្ធ មានចក្ខុដ៏ជាទិព្វ ដ៏បរិសុទ្ធកន្លងហួសចក្ខុរបស់ធម្មតា តែងឃើញនូវសត្វទាំងឡាយដែលច្យុតដែលកើតជាសត្វទាបថោកខ្លះ ខ្ពង់ខ្ពស់ខ្លះ មានសម្បុរល្អខ្លះ មានសម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ ជ្រាប់ច្បាស់នូវសត្វទាំងឡាយដែលអន្ទោលទៅតាមកម្ម (របស់ខ្លួន) ថាអើហ្ន៎ សត្វទាំងអម្បាលនេះ ។ល។ រមែងជ្រាបច្បាស់ (យ៉ាងនេះ) ។
- ព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាបច្បាស់នូវ ចេតោវិមុត្តិនូវបញ្ញាវិមុត្តិមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួនក្នុងបច្ចុប្បន្នហើយ សម្រេចសម្រាន្តនៅដោយឥរិយាបថ៤ ។ នេះឯងគឺទសពលញ្ញាណទាំង១០ ដែលព្រះពុទ្ធទ្រង់សម្រេចបាន ។
ជាមួយគ្នានេះដែរ ព្រះសម្មាសម្ពុទ្ធទ្រង់សម្រេចបាននូវ «ទសកាយពល» (កម្លាំងកាយ១០) ដែលអាចប្រៀបធៀបជាមួយកម្លាំង១០ត្រកូលដំរី (ពូជ) ដូចខាងក្រោម ៖
- កម្លាំងដំរីត្រកូលកាឡាវកដំរីប្រក្រតី១០ ស្មើនឹងកម្លាំងដំរីត្រកូលគង្គេយ្យ១
- កម្លាំងគង្គេយ្យ១០ ស្មើនឹងកម្លាំងដំរីត្រកូលបណ្ឌរ១
- កម្លាំងបណ្ឌរ១០ ស្មើនឹងដំរីត្រកូលតម្ព១
- កម្លាំងតម្ព១០ ស្មើនឹងបិង្គល១
- កម្លាំងបិង្គល១០ ស្មើនឹងកម្លាំងគន្ធ១
- កម្លាំងគន្ធ១០ ស្មើនឹងមង្គល១
- មង្គល១០ ស្មើនឹងហេមវត១
- ហេមវត១០ ស្មើនឹងឧបោសថ១
- ឧបោសថ១០ ស្មើនឹងកម្លាំងដំរីឆទ្ទន្ត១
- កម្លាំងដំរីឆទ្ទន្ត១០ ទើបស្មើនឹងកម្លាំងកាយព្រះពុទ្ធ១អង្គ ។
ដោយទំនងនេះ កម្លាំងកាយព្រះសម្មាសម្ពុទ្ធ១ព្រះអង្គស្មើនឹងកម្លាំងដំរីប្រក្រតី ១ពាន់កោដិ ឬស្មើនឹងកម្លាំងបុរស១០ពាន់កោដិ ។
ខាងលើនេះ ជាទសពលញ្ញាណ និងកាយពលរបស់ព្រះសម្មាសម្ពុទ្ធដែលបានត្រាស់រួចហើយ ។ ចំពោះព្រះពោធិសត្វដែលពុំទាន់ត្រាស់ដឹង គឺក្នុងសភាវៈជានិយតពោធិសត្វ ដូចជា ព្រះវេស្សន្ដរ ព្រះតេមិយៈ ព្រះមហាជនក ។ល។ ក៏ព្រះអង្គទ្រង់សម្រេចបាននូវញាណ និងឫទ្ធិដ៏ខ្លាំងក្លាជាពន់ពេក សូមលើកតែ វសិតា ១០ ដែលព្រះមហាភិក្ខុ វសុពន្ធុ អធិប្បាយ ថា ពោធិសត្វដែលចម្រើនខាងផ្លូវចិត្ត បានខ្ពស់ហើយទ្រង់អាចសម្ដែងឫទ្ធិឲ្យឃើញបានចំពោះអ្នកដែលមាន សេចក្ដីងឿងឆ្ងល់ទាំងពួង ពីព្រោះព្រះអង្គបានសម្រេចនូវវសិតា១០យ៉ាង ។ ឫទ្ធិ១០យ៉ាងនេះមានចែងក្នុងគម្ពីរឈ្មោះ ទសភូមិកសូត្រ មហាវ្យុត្តប្បត្តិ និងធម្មសង្គហៈ ។
យោងតាមគម្ពីរទសភូមិកសូត្រ ព្រះពោធិសត្វ នៅពេលដែលលោកឈានដល់ភូមិទី៨ គឺជនមានិទេស (ការចាប់កំណើតដែលលែងធ្លាក់ចុះ) ព្រះអង្គបានសម្រេចនូវឫទ្ធិ១០ដូចខាងក្រោម ៖
ញាណវសិតា ព្រះអង្គទ្រង់យល់យ៉ាងល្អិតល្អន់នូវគុណសម្បត្តិរបស់ព្រះពុទ្ធ ទាំងឫទ្ធិ ហេតុជាទីតាំងជំនឿ ទាំងលក្ខណៈពិសេសដែលមានចំពោះតែអង្គ និងសញ្ញាសម្គាល់ធំតូចលើកាយព្រះអង្គ ។ ដូច្នេះ ព្រះអង្គជាម្ចាស់លើវិជ្ជា ។
អាយុវសិតា (ឫទ្ធិអាយុវែង) ព្រះពោធិសត្វមានអធិបតេយ្យទៅលើក្រសែនៃជីវិត បានសេចក្ដីថា ព្រះអង្គអាចបន្តជីវិតរបស់ព្រះអង្គឲ្យរស់វែងឆ្ងាយលើសអាយុកប្ប ហួសពីករគណនាក៏បាន ។
ចេតោវសិតា ព្រះអង្គមានអធិបតេយ្យទៅលើចិត្ត ព្រោះព្រះអង្គបានសម្រេចនូវវិជ្ជាគ្មានព្រំដែន ពោលគឺសមាធិគ្រប់ប្រភេទ ។
បរិក្ខារវសិតា ព្រះអង្គទ្រង់មានជំនាញខាងការផ្គត់ផ្គង់ ព្រោះព្រះអង្គទ្រង់ជ្រាបសព្វកិច្ចការដែលត្រូវរៀបចំ និងសម្អិតសម្អាងផ្នែកខាងផ្លូវលោក និងចក្រវាល ។
កម្មវសិតា ព្រះអង្គមានអធិបតេយ្យទៅលើទង្វើ ព្រោះព្រះអង្គយល់ច្បាស់ថា ផលទាំងឡាយសុទ្ធតែកើតចេញពីទង្វើក្នុងពេលដ៏សមគួរ ។
ឧប្បត្តិវសិតា ព្រះអង្គមានចំណេះស្ទាត់ខាងកំណើត ព្រោះព្រះអង្គបានឈ្វេងយល់ពីដើមកំណើតនៃពិភពលោក និងចក្រវាល ។
អធិមុត្តិវសិតា ព្រះអង្គមានអធិបតេយ្យទៅលើជំនឿ ឬទៅលើការតាំងប្រាថ្នា ព្រោះព្រះអង្គបានឃើញដោយប្រពៃនូវព្រះសម្ពុទ្ធគ្រប់ព្រះអង្គលើ ពិភពលោក និងចក្រវាល ។
បណិធានវសិតា ព្រះអង្គមានអំណាចទៅលើរាល់ការតាំងសត្យាធិដ្ឋាន ព្រោះព្រះអង្គបានឃើញដោយប្រពៃនូវសម័យដែលនឹងត្រូវត្រាស់ជាអង្គ ព្រះសម្មាសម្ពុទ្ធក្នុងអំឡុងព្រះសម្មាសម្ពុទ្ធអង្គណាមួយដែលជាការ សមតាមការតាំងប្រាថ្នារបស់ព្រះអង្គ ។
ឥទ្ធិវសិតា ព្រះអង្គជាអ្នកកំពូលខាងឫទ្ធិសម្រាប់សម្ដែងឲ្យអ្នកឆ្ងល់អស់ ចម្ងល់ ព្រោះព្រះអង្គបានឃើញដោយប្រពៃនូវរាល់ការធ្វើបាដិហារ្យរបស់អង្គ ព្រះសម្មាសម្ពុទ្ធទាំងឡាយ ។
ធម្មវសិតា ព្រះអង្គមានអានុភាពទៅលើធម្មទេសនា ព្រោះព្រះអង្គសម្ដែងធម៌មានលម្អ និងពីរោះ ទាំងបទដើម ទាំងបទកណ្ដាល និងបទចុង ។
ប្រភព: មាគ៌ាជីវិតនៃព្រះពោធិសត្វ

រៀបរៀងដោយៈ បណ្ឌិត កុល ផេង
✍️ចងក្រងដោយ៖ ឈូកខ្មែរ
