ពុទ្ធសាសនាជាមួយការកែបញ្ហាពិភពលោក
១. ស្ថានភាពពុទ្ធសាសនាក្នុងសង្គមលោក
បើយើងសម្លឹងមើលព្រះពុទ្ធសាសនតាមរយៈខ្សែភ្នែករបស់អ្នកវិជ្ជាការ ៣ក្រុមសំខាន់ៗ គឺអ្នក វិទ្យាសាស្រ្តធម្មជាតិដែលព្យាយាមសិក្សាស្រាវជ្រាវសច្ចភាព ជាប់ពាក់ព័ន្ធជាមួយធម្មជាតិទូទៅ ហើយនាំយកផលវិជ្ជាការនោះមកបង្ហាញដែលហៅថាវិទ្យាសាស្រ្តធម្មជាតិ(Natural Sciences)។ អ្នកសង្គមសាស្រ្តដែលព្យាយាមសិក្សាស្រាវជ្រាវ សច្ចភាពជាប់ពាក់ព័ន្ធជាមួយសង្គម ហើយនាំ យក ផលវិជ្ជាការនោះមកបង្ហាញ ហៅថា សង្គមសាស្រ្ត (Social Sciences) ។ អ្នកមនុស្សសាស្រ្ត ព្យាយាមសិក្សាស្រាវជ្រាវសច្ចភាពជាប់ពាក់ព័ន្ធជាមួយមនុស្ស ហើយនាំយកផលវិជ្ជា ការនោះ មកបង្ហាញ ហៅថាមនុស្សសាស្រ្ត (Humanities) ហេតុនោះ ឃើញថាពុទ្ធសាសនាមានឋានៈ ឬ ស្ថាន ភាពជាសាស្រ្តនោះ ៗ ពោលគឺ ៖
- ពុទ្ធសាសនា (ពុទ្ធធម៌) មានឋានៈជាវិទ្យាសាស្រ្តធម្មជាតិ ព្រោះផ្តល់វិជ្ជានិងសច្ច ភាពជាប់ទាក់ ជាមួយធម្មជាតិតួនាទីធម្មជាតិនិងផលធម្មជាតិដូចជាសេចក្តីពិតជាប់ទាក់ទងជាមួយ ធាតុ ដី ទឹក ភ្លើង ខ្យល់ទាំងដែលមាននៅក្នុងខ្លួនមនុស្សនិងជុំវិញខ្លួនមនុស្សឬសេចក្តីពិតក្នុងរឿងហេតុបច្ច័យ ដែលមាននិយាម ៣ សំខាន់ (ត្រៃលក្ខណ៍) និង និយាម ៥ ដែលមានឥទ្ធប្បច្ចយតាជាដើម ។
- ពុទ្ធសាសនា (ពុទ្ធធម៌) មានឋានៈជាសង្គមសាស្រ្ត ព្រោះផ្តល់វិជ្ជានិង សេចក្តីពិត ជាប់ពាក់ ព័ន្ធ ជាមួយសង្គម (Society) ច្បាប់សង្គម (Social Law) តួនាទីសង្គម (Social Role) និង ផលនៃសង្គម (Social Result) ដូចជា សង្គមពុទ្ធពុទ្ធបរិស័ទ ជំនុំជនពុទ្ធច្បាប់កតិកា របស់សង្គម ពុទ្ធតួនាទីរបស់ ពុទ្ធសាសនិកដែលនឹងត្រូវបដិបត្តិចំពោះគ្នានិងគ្នា និងផលដែល នឹងកើតចេញ ពីការបដិបត្តិតាម ច្បាប់កតិកានោះៗសឹងប្រាកដនៅក្នុងគោល នៃសីលធម៌មានសីល៥ ឬមនុស្ស ធម៌ ៥ ទិស ៦ ជាដើម ។
- ពុទ្ធសាសនា (ពុទ្ធធម៌) មានឋានៈជាមនុស្សសាស្រ្ត ព្រោះផ្តល់វិជ្ជានិងសេចក្តី ពិតជាប់ពាក់ព័ន្ធ ជាមួយ មនុស្សទាំងខាងផ្នែកកាយភាពនិងចិត្តភាវៈ(ផ្នែកកាយនិងចិត្ត)។ វិជ្ជាការនៃមនុស្សពោល ដោយរួមនាមថា ខ័ន្ធ ៥ គឺរូបធាតុ (រាងកាយ) មានអង្គប្រកប សំខាន់ ៤ គឺ ដី ទឹក ភ្លើង ខ្យល់ និង នាមធាតុ (ចិត្ត) គឺ វេទនា (អារម្មណ៍) សញ្ញា (ចំណាំ) សង្ខារ (គិត) និងវិញ្ញាណ (ដឹង) និងអាយ តនៈ ១២ គឺជាឧបករណ៍ឬមធ្យោបាយភ្ជាប់ជាមួយធម្មជាតិខាងក្នុងនៃមនុស្សជាមួយធម្មជាតិខាង ក្រៅដែលចែកចេញជាពីរក្រុមគឺ អាយតនៈខាងក្នុង ៦ ដែលជាចលករសំខាន់ នៅក្នុងខ្លួន មនុស្ស បានដល់ ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត ហើយអាយតនៈខាងក្រៅ ៦ ជារឿងដែល មនុស្សបដិសម្ព័ន្ធ បានគឺ រូប សម្លេង ក្លិន រស សម្ផស្សៈ និងធម្មារម្មណ៍ហើយ ដែលសំខាន់ បំផុតនោះគឺបានបង្ហាញយ៉ាងច្បាស់ទៅទៀតថា មនុស្សជាសត្វដែលបង្វឹកបាន និងត្រូវការបង្វឹក ឲ្យព្យាយាមកែខៃរឿងអាក្រក់ដែលកើតឡើងក្នុងខ្លួន និងជាមួយរឿងអាក្រក់ដែល មិនទាន់បាន កើតឡើងឲ្យឃ្លាតចេញឆ្ងាយ ក្នុងខណះនោះដែរ ឲ្យព្យាយាមរក្សារឿងល្អ ទាំងឡាយដែលកើត ឡើង ហើយ និងធ្វើរឿងល្អទាំងឡាយឲ្យកើតឡើងបន្ថែម (សម្មប្បធាន ៤) ដោយការបង្វឹកអប់រំ ខ្លួន ៣ ផ្នែក ឆ្លងកាត់ ៣ របប គឺ បង្វឹកកាយដោយរបបរក្សាសីល បង្វឹកចិត្តដោយរបបសមាធិ និង បង្វឹកចិត្តដោយរបបបញ្ញា (ត្រៃសិក្ខា ឬមគ្គមានអង្គ ៨) ដើម្បីដឹងសភាពនៃបញ្ហា (ទុក្ខ) ហេតុនៃ បញ្ហា (សមុទ័យ) ស្គាល់ច្បាស់នូវគោលបំណង ពិតនៃជីវិត (និរោធ) និងចាប់ផ្តើម អនុវត្តន៍ តាម មាគ៌ានោះ ៗ (មគ្គមានអង្គ៨ ឬត្រៃសិក្ខា) ជាដើម ដើម្បីឲ្យរួចផុតពីការប្រកាន់មាំក្នុងខ័ន្ធ ឬ ភាវ សុខ-ទុក្ខ ដែលចូលមករំខានចិត្ត ។
💡ពោលពីទស្សនៈរបស់អ្នកប្រាជ្ញទាំង ៣ សាស្ត្រ ក៏អាចនឹងបញ្ជាក់ស្ថានការណ៍ សំខាន់ដែលវ អ្នកប្រាជ្ញសរុបទុកថាពុទ្ធសាសនាជាសាសនានៃបញ្ញា ព្រោះផ្តល់នូវភាព ច្បាស់លាស់ នៃភាពរួម របស់មនុស្សភាវៈ សង្គម និងបរិដ្ឋានធម្មជាតិ ដែលត្រូវពឹងពាក់អា ស្រ័យដំរងនៅ និងចលនា ទៅ ដោយឋិតនៅក្រោមហេតុផលរវាងគ្នានិងគ្នា ជានិរន្តរ៍នោះគឺជនសង្គម-វប្បធម៌និងបរិដ្ឋាន ធម្មជា តិក៏ឋិតនៅក្រោមច្បាប់ដូចគ្នាគឺច្បាប់នៃហេតុនិងផលចំពោះគ្នា ដែលហៅថា ឥទ្ធប្បច្ចយតា បដិច្ច សមុប្បាទ (causation or dependent origination)នោះ គឺ ភាពជាមនុស្សក្តីភាពជាសង្គម-វប្បធម៌ ក្តី និងភាពជាធម្មជាតិក្តី ក៏តែងតែ ឋិតនៅក្រោមគោលការណ៍ ឬច្បាប់ដែលពោលមកនេះ ។
២. វិជ្ជានិងគំនិត ដើម្បីចូលជិតវិបត្តិសង្គមលោក
មានវិជ្ជានិងគំនិតណាខ្លះដែលឆ្លុះបញ្ចាំងពីពុទ្ធធម៌ឲ្យមនុស្សលោកគួរសិក្សា និងនាំមកអនុវត្តន៍ ដើម្បីសម្រាលឬកែខៃវិបត្តិភិភពលោកនាពេលបច្ចុប្បន្នដែលរមិលមើលទៅនឹងជាវិបត្តិដែល មាន អង្គរួមសម្បូណ៌បែប គឺ វិបត្តិបរិដ្ឋានធម្មជាតិ វិបត្តិសង្គម និងវប្បធម៌ និងវិបត្តិមនុស្សជាតិ ។កំដៅ ពិភព លោកកើនឡើង មានន័យថាជាករណីវិបត្តិផ្នែកបរិដ្ឋានធម្មជាតិ ព្រោះ របបនិវេសគ្រប់ ចំណែកមាន ដី ទឹក ភ្លើង ខ្យល់ ជាដើមត្រូវបានបំផ្លិចបំផ្លាញ ដោយស្នាដៃរបស់មនុស្សជាសំខាន់ ។ វិវាទផ្នែកសង្គម និយោបាយ សេដ្ឋកិច្ច ជាដើម ជាករណីវិបត្តិខាងសង្គម-វប្បធម៌ ឬអារ្យធម៌ ដែលជាសសៃសម្ព័ន្ធ ឲ្យមនុស្សនៅរួមគ្នាបានយ៉ាងស្ងប់សុខ ក៏ត្រូវបានទំលាយ ដោយស្នាដៃ មនុស្ស ជាសំខាន់ ។ ការកើតភាវៈថ្លោះធ្លោយផ្នែកខាងសតិបញ្ញា វិជ្ជា និងទស្សនគតិ ជាករណី វិបត្តិខាងគំនិត ជំនឿនិងបញ្ញា ព្រះមនុស្សខ្វះចំណេះដឹង និងការស្វែងយល់ក្នុងសភាពបញ្ហា មូល ហេតុនៃបញ្ហា ទីបំផុតនៃបញ្ហា ដែលគួរនឹងកើតឡើង និងវិធីបដិបត្តិឲ្យបានចម្រើន រួចផុតពីបញ្ហ ហៅតាមធម្មភាសាថា ខ្វះបរិយត្តិ បដិបត្តិ ដូច្នោះ បដិវេធមិនកើត ទើប ភាវៈវិបត្តិកើតឡើង ។
តាមទស្សនៈនិងចណេះដឹងតិចតួចដែលនឹងអ្នកសរសេរនាំមករួមចំណែកសិក្សាជាសំណួរចម្លើយ នោះបាន ដូចនេះគោលពុទ្ធធម៌ ឬ វិជ្ជាការគ្រប់ចំណែក ដែលព្រះពុទ្ធ ទ្រង់សម្តែងទុក និង បានរួបរួមទុកជាពួកជាក្រុមក្នុងនិកាយពុទ្ធសាសនា ដែលមានលក្ខណៈសម្បូណ៌ ជាសកលសច្ចៈ នេះឯងគឺជាឧបករណ៍កែខៃវិបត្តិពិភពលោក ព្រោះចំណេះវិជ្ជាដែលមាន នាមថាពុទ្ធធម៌ នោះជា អង្គរួមដោយសម្បូណ៌បែប ទាំងផ្នែកមនុស្សសង្គម-វប្បធម៌និងបរិដ្ឋានធម្មជាតិដោយសម្លឹងឃើញ ថា ដើម បញ្ហា គោលដៅ និងវិធីប្រ តិបត្តិឋិតនៅលើមនុស្ស ចំណែកបរិដ្ឋាន ខាង ក្រៅមានសង្គម វប្បធម៌ និងបរិដ្ឋានធម្មជាតិ នោះគ្រាន់តែជាអង្គប្រកប ឬ បច្ច័យជម្រុញការបង្កើត និងការកែខៃ បញ្ហាបណ្ណោះឯង ពោលគឺ មនុស្សបានអភិវឌ្ឈន៍អប់រំខ្លួនឲ្យកើតឡើងនូវឥស្សរភាព ទាំងផ្លូវកាយ (physical freedom) សង្គម (social freedom) ចិត្ត (Emotional freedom) ស្មារតី (spiritual freedom) ហើយវិបត្តិដែលពោលមកក៏មិនកើត ឬ កើតតែមានផល ជះឥទ្ធិពល ចំពោះមនុស្ស តិចចុះ ទាំងនេះព្រោះគោលពុទ្ធធម៌ បង្រៀនឲ្យមនុស្សមានសេរីភាពទៅលើបួន ចំណុច ដូចដែល ពោលមកហើយនេះ ។
ពុទ្ធធម៌ដែលពោលមកនេះ បើពោលដោយសរុបគោលពុទ្ធធម៌ ឬគោលធម្មជាតិ ដែលជាប់ ពាក់ព័ន្ធជាមួយបរិដ្ឋានធម្មជាតិដោយរួម (Natural Environments) សង្គមវប្បធម៌ដោយរួម (សង្គមនិយោបាយ សេដ្ឋកិច្ចជាដើម Social-cultural environment) និង ដែលជាប់ពាក់ ព័ន្ធជា មួយមនុស្សឯង (Mankind) ព្រះតេជគុណពុទ្ធទាស អង្គប្រាជ្ញពុទ្ធសាសនា ឲ្យនិយមន័យ ព្រះធម៌ ថាមាន ៤ អត្ថន័យសំខាន់ដូច្នេះគឺ ៖
- ព្រះធម៌ គឺធម្មជាតិនេះឯង (Nature Itself) បានដល់សភាពនៃវត្ថុនោះ ៗទាំងខាងក្នុងនិង ខាង ក្រៅនៃចិត្តមនុស្សហៅដោយរួមថាសភាវធម៌។ ធម្មៈ ឬ ធម្មជាតិចំណែកនេះ ជារឿងដែលមនុស្ស ត្រូវដឹង (បរិញ្ញាធម្ម) គឺរឿងដែលមនុស្សហៅក្នុងភាសា ធម៌ (អរិយសច្ចៈ ៤) ថាទុក្ខ (Suffering) ជារឿងដែលមនុស្សត្រូវសិក្សារៀនសូត្រ ជារឿង ដែលជាប្រកដការណ៍ ជាស្ថានការណ៍ដែល មនុស្ស អាចចាប់ពាល់បាន ឬ ប៉ះពាល់ដល់អារម្មណ៍ ដែលគោលពុទ្ធធម៌ពោលថា មានហេតុកើត (សមុទ័យ) ។
- ព្រះធម៌ គឺ ច្បាប់ធម្មជាតិ (Law of Nature) បានដល់សច្ចធម៌ គឺ សេចក្តីពិតដែលជាអ្នកឃុំគ្រង កាន់កាប់រឿទាំងនេះ ឲ្យឋិតនៅ និងចលនាផ្លាស់ប្តូរទៅតាមសេចក្តីពិត ឬច្បាប់នោះ ៗ មនុស្ស សត្វ ធញ្ញជាតិ សង្គមវប្បធម៌ និងបរិដ្ឋានធម្មជាតិ ដែលមនុស្សដឹង ឬ មិនដឹង សុទ្ធសឹងតែឋិតនៅ ក្រោមច្បាប់សច្ចធម៌ ដែលពោលមកទាំងស្រុង ។ ព្រះធម៌ក្នុងន័យនេះ ហៅជាភាសា ធម៌ (អរិយ សច្ច ៤) ថាសមុទ័យ (Cause of Suffering) ជារឿងដែលមនុស្សត្រូវមើលឃើញ និងរកមធ្យោ បាយ កំចាត់ចេញ ឬធ្វើតាម(បហានធម៌) ។
- ព្រះធម៌ គឺ តួនាទី ឬនាទីធម្មជាតិ (Duty of Nature) បានដល់ការប្រតិបត្តិធម៌ គឺរឿងដែល ត្រូវធ្វើត្រូវសម្តែងនូវតួនាទីឲ្យត្រូវឲ្យបានត្រង់ឲ្យសមស្របទៅតាមច្បាប់ធម្ម ជាតិ និងច្បាប់សង្គម (មនុស្ស) ដែលសមស្របទៅតាមច្បាប់ធម្មជាតិ ព្រោះប្រសិនបើធ្វើ សុខ ឬសម្តែងខុស ឬប្រតិបតិ្ត ខុសច្បាប់នឹងកើតផលអាក្រក់តែប្រសិនបើប្រតិបត្តិត្រូវនឹងកើតផលល្អសឹងមានសម្តែងឲ្យ ឃើញ ទាំងក្នុងចំណោមធញ្ញជាតិ សត្វ ទាំងឡាយក្នុង ក្រុមមនុស្ស ហៅព្រះធម៌ក្នុងន័យនេះថា កម្ម គឺទង្វើដែលធ្វើ (Action) ប្រសិនបើធ្វើតាម ច្បាប់ហៅថា កម្មល្អ គឺជាទង្វើដែលនឹងធ្វើ ជាហេតុនាំ ឲ្យ កើតផលល្អ ប្រសិនបើធ្វើខុសច្បាប់ហៅថា កម្មអាក្រក់ គឺជាទង្វើដែល នឹងធ្វើហេតុឲ្យកើត ផលអាក្រក់ ទាំងចំពោះខ្លួនឯង និងអ្នកដទៃ វត្ថុដទៃ ។ ព្រះធម៌ក្នុងន័យនេះហៅជាភាសាធម៌ថា (អរិយសច្ច ៤) ថា មគ្គ ជារឿងមនុស្សត្រូវធ្វើត្រូវប្រព្រឹត្តឲ្យត្រឹមត្រូវ ឲ្យបានត្រង់តាមច្បាប់ ទាំងផ្លូវ កាយ វាចា និងចិត្ត ឬត្រូវបង្វឹកចិត្តវិញ្ញាណ ឲ្យបានដឹង បង្វឹកចិត្តឲ្យគិត ឲ្យជឿ និងបង្វឹក កាយឲ្យ ប្រតិបត្តិឲ្យត្រូវ ទើបនឹងជាហេតុនាំឲ្យកើតផលល្អបាន (ភាវនាធម៌) ។
- ព្រះធម៌ គឺ ផលធម្មជាតិ (Result of Nature) បានដល់បដិវេធធម៌ រឿងដែលជា ផលនៃការ ប្រតិបត្តិធម៌ គឺទង្វើត្រឹមត្រូវតាមច្បាប់ធម្មជាតិ ដែលបានពោលទុកក្នុងខទី ២ (សច្ចធម៌) ។ ព្រះធម៌ (អរិយសច្ច ៤) ក្នុងន័យនេះ ហៅជាភាសាធម៌ថា និរោធ (Cessation) ក្នុងករណី របស់នុស្ស ព្រះធម៌ ចំណែកនេះ ជារឿងដែលត្រូវចូលទៅដល់ ឬធ្វើឲ្យភ្លឺច្បាស់ (សច្ឆិកិរិយា) ។
ព្រះធម៌ក្នុងន័យទាំង ៤ ដែលពោលមកហើយនេះ ពេលពិចារណា ភាពជាប់យោង សណ្តោង សម្ព័ន្ធនៃព្រះធម៌ទាំងស្រុង ក៏នឹងជ្រាបថា ជារឿងហេតុនិងផល ដែលភាសាព្រះធម៌ហៅថា ឥទ្ធប្បច្ចយតាធម៌ ឬភាសាវិទ្យាសាស្រ្តហៅថា គោលហេតុផល នោះឯង គឺសភាវធម៌ជាផល សច្ចធម៌ជាហេតុហើយបដិវេធធម៌ជាផល បដិបត្តិធម៌ជាហេតុ ចំណែកបដិបត្តិ ធម៌និងបដិវេធធម៌ នឹងជាផល ។
ព្រះធម៌ទាំង ៤ ប្រការនេះ មាននៅក្នុងទីទូទៅ និងមាននៅទាំងក្នុងចំណោមវត្ថុមានជីវិត ធញ្ញ ជាតិ សត្វ និងវត្ថុដែលមិនមានជីវិត មានដី ទឹក ជាដើម ។ មនុស្សនៅក្នុង ក្រុមសត្វដែលមានជីវិត ទើបឋិតនៅក្រោមធម៌ទាំង ៤ ប្រការនេះ ដោយមិនមានកំហុសឆ្គងឡើយ ។ តែក្នុងឋានៈ ដែល មនុស្សត្រូវផ្សាភ្ជាប់ជាមួយមនុស្ស សត្វនិងបរិដ្ឋានដទៃ ៗ ដែលឋិតនៅក្រោម គោលហេតុនិង ផលដូចគ្នា មនុស្សត្រូវស្គាល់សភាវធម៌ និងឃើញសច្ចធម៌ទាំងសភាពបរិដ្ឋាន និងខ្លួនឯងហើយ ត្រូវធ្វើឲ្យត្រឹមត្រូវតាមសច្ចធម៌និងធម្មសច្ចៈនៃវត្ថុនោះៗទើបនឹងបានទទួលផលគឺបដិវេធធម៌ដែល ត្រឹមត្រូវជួយកែខៃបញ្ហា និងអភិវឌ្ឍន៍មនុស្សបាន ។
៣. យើងនឹងនាំយកគោលធម៌ ៤ ប្រការនេះ កែខៃវិបត្តិបានយ៉ាងណា?
ចម្លើយគឺ នាំយកវិជ្ជានិងគំនិតនេះ មកអនុវត្តន៍ជាភ្នតគំនិត និងទិសដៅ ធ្វើការឈ្វេងយល់ ក្នុង សភាពវិបត្តិ មូលហេតុវិបត្តិ ជាគោលដៅនៃការកែបញ្ហាវិបត្តិ និងមគ្គវិធីប្រតិបត្តិក្នុងការកំចាត់ ឬ បន្ថយបន្ថោរវិបត្តិខាងដើមឲ្យជៀសចេញទៅ ឬបន្ថយកម្លាំងឲ្យ អន់ចុះ ឲ្យបិវត្តិក្លាយជាឱកាស ព្រោះមានសេចក្តីពិតផ្នែកប្រច័ក្ខក្នុងសង្គមមនុស្សតាំងតែ ពីអតីតមកថា បញ្ហាជាភព កំណើតនៃ បញ្ញាសឹងសមស្របជាមូយពាក្យភាសិតរបស់អ្នក ប្រាជ្ញមួយរូបពោលថា “បញ្ហាមិនមាន បញ្ញា មិនមក” ដែលសំខាន់គឺ សាស្តាគ្រប់ព្រះអង្គ ទាំងព្រះពុទ្ធ គ្រឹស្ត ឥស្លាម ក៏ដើរតាមមាគ៌ានេះ ។ វិបត្តិបរិដ្ឋានពិភពលោកក្តី វិបត្តិសេដ្ឋកិច្ចក្តី សង្គមនិយោបាយក្តី សុទ្ធសឹងតែគេច មិនផុតពីគោល ហេតុផល ឬគោលវិជ្ជានិងគំនិតដែលហៅថាព្រះធម៌ ៤ ប្រការខាងដើម។
វិបត្តិបរិដ្ឋានពិភពលោក (World Environment Crises) ការដែលមនុស្ស ឬមនុស្សលោក នឹងកែ ខៃវិបត្តិបរិដ្ឋាន ឬចាកចេញពីភាវៈនៃកំណើនកម្តៅ ឬភាវៈដែលមិនគួរជាទីប្រាថ្នា យើង ហៅថា បរិដ្ឋានធម្មជាតិជាហេតុនាំទុក្ខឲ្យពួកយើងនោះ មនុស្សត្រូវចេះគោលវិជ្ជានិងគំនិត ៤ ប្រការនេះ ជាឧបករណ៍អភិវឌ្ឍន៍ខ្លួនឯង ទាំងកាយនិងចិត្ត គឺ ៖
- មនុស្សត្រូវដឹងសភាវធម៌ គឺ សភាពការណ៍នៃភាវៈកម្តៅពិភពលោកជាដើម ដើម្បីឲ្យបានដឹង ថា គឺ អ្វី ឋិតនៅក្នុងលក្ខណៈណា ឬសភាពយ៉ាងណា ដូចជា ក្តៅលំដាប់ណា ខ្នាតណាជាដើម ។ ជាទូទៅមនុស្សអាចចាប់ប៉ះភាពក្តៅបានផ្នែកខាងក្រៅ ដោយអាស្រ័យប្រសាទ សម្ភស្សផ្នែក ខាងកាយ ហើយបញ្ជូនទៅកាន់ចិត្តឲ្យមានអារម្មណ៍ ចាំបាន គិតបាន និង ដឹងបាន ហើយជា ហេតុ កើត ទុក្ខ គឺជម្រុញកាយ ចិត្តឲ្យទុរនទុរាព្រោះកាយក្តៅ ឧណ្ហភូមិ ក្នុងរាងកាយខាងក្រៅ មិនមានតុល្យ ភាពតាមធម្មតា ឬហេតុបច្ច័យដែលធម្មជាតិកំណត់ឲ្យ ផលគឺកើតសេចក្តីទុក្ខ កាយនិងទុក្ខផ្លូវចិត្ត ចំណែកលោកនេះ គឺ ដី ទឹក អាកាសជាដើម ដែលឋិតនៅខាង ក្រៅ កាយ ចិត្តមនុស្សនោះ វាមិន មានអ្វីកើតទុក្ខក្តៅជាមួយមនុស្សឡើយ ដូច្នោះ ការដឹងសភាវធម្មជាតិ នៃ វិបត្តិកម្តៅពិភពលោក នឹងមានន័យសំខាន់ត្រង់ការសោយអារម្មណ៍ ខាងផ្លូវកាយនោះឯង តែ សម្រាប់ការយល់ ឃើញ របស់មនុស្សទូទៅ ដែលយល់ដឹងសាស្រ្តសម័យថ្មី ក៏នឹងរមិលមើល សភាវ ធម្មជាតិ កម្តៅពិភព លោកនៅត្រង់ លំដាប់ឧណ្ហភូមិនៃពិភពលោក ដែលមានកម្រិតកើន ឡើង តាមមាត្ររង្វាស់ដែល មនុស្ស គិតរកឃើញ បួកជាមួយការសោយអារម្មណ៍ក្តៅរបស់ខ្លួន ឯង ការទទួលយកផ្នែកអា រម្មណ៍ទាំងពីរលក្ខណៈនេះ ភាសាធម៌ប្រើពាក្យថា ដឹងសភាវធម៌ នៃវិបត្តិកម្តៅពិភពលោក (Knowing the Nature of the Hot World Crisis) ។
ចំណែកឯវិបត្តិបរិដ្ឋានបន្ទាប់ទដៃ ៗ ទៀត ទាំងខាងធម្មជាតិក្តី សង្គមវប្បធម៌ក្តី ដូចជា ដីបាក់ ទឹកជំនន់ ភ្លើងឆេះព្រៃ សង្គ្រាមសាសនា សង្គ្រាមនយោបាយ សង្រ្គាមសេដ្ឋកិច្ច សង្រ្គាមពូជ សាស្រ្ត ជាដើម ក៏មានន័យដូចគ្នា គឺ មនុស្សត្រូវចាប់ផ្តើមដឹងសភាព ឬសភាវធម៌នៃរឿង នោះ ៗ ជាខាងដើម ។ - ត្រូវមើលឃើញសច្ចធម៌ គឺមនុស្សត្រូវឃើញ ឬធ្វើការស្វែងយល់ហេតុបច្ច័យ ដែលនឹង បង្កឲ្យ កើតភាវៈវិបត្តិបរិដ្ឋាន មានវិបត្តិកម្តៅពិភពលោកជាដើម ថាមានហេតុបច្ច័យអ្វីខ្លះ ដូចជាហេតុ ដែលឋិតនៅក្នុងធម្មជាតិ ឬច្បាប់ធម្មជាតិ តួនាទីធម្មជាតិ ផលធម្មជាតិឯងដោយត្រង់ ឬហេតុ ដែល កើតចេញពីស្នាដៃរបស់មនុស្សចូលទៅជាប់ពាក់ព័ន្ធ ឬទាំងពីរចំណែកនេះតែម្តង និងជា ហេតុ បង្កឲ្យកើតវិបត្តិបរិដ្ឋានឡើងក្នុងលោក ដូចជា វិបត្តិកម្តៅពិភពលោក ហើយមនុស្សមាន អារម្មណ៍ថា លោកគឺខ្លួនឯងក្តៅជាងមុន និងមើលឃើញថា ធញ្ញជាតិ សត្វ ក៏បានទទួលផលផង ដែរតែហេតុបច្ច័យក្នុងន័យពិស្តារ និងជ្រាលជ្រៅជាងនេះនោះ មនុស្សត្រូវជួយ គ្នាសិក្សាស្រាវ ជ្រាវតទៅ ។ អញ្ចឹងទើបសរុបបានថា គោលគំនិតនេះ គឺព្រះធម៌ ២ ប្រការដម្បូងនេះ ដែលមាន នាមថា សភាវធម៌និងសច្ចធម៌ ឬទុក្ខអរិយសច្ច និងទុក្ខសមុទយអរិយសច្ច នោះដោយតួ នាទីរបស់ មនុស្ស ចាំបាច់នឹងត្រូវដឹងត្រូវឃើញ គឺដឹងសភាព និងឃើញហេតុបច្ច័យកើតរបស់វា ទើបជួយ កែខៃបញ្ហា មិនឲ្យកើតផលអាក្រក់ដល់ខ្លួនឯងបាន ។
- ត្រូវធ្វើតាមព្រះធម៌ ឬបដិបត្តិធម៌ គឺមនុស្សត្រូវឌិតដៃឌិតជើងប្រព្រឹត្តប្រតិបត្តិព្រះធម៌ ក្នុងខទី ៣ បានដល់សច្ចធម៌ គឺហេតុបច្ច័យ ដែលជាផលនាំឲ្យកើតភាវវិបត្តិ ដូចជាកម្តៅពិភពលោក ជា ដើម ដោយការជួយសាងសមតុល្យភាពឲ្យកើតឡើងទាំងខ្លួនឯង និងបរិដ្ឋានផ្នែកខាងក្រៅ ដែល មនុស្សទូទៅដឹងនិងធ្វើបានខ្លះហើយ គឺសាងគ្រឿងកាត់ បន្ថយឧណ្ហភូមិឲ្យបានសមស្របជាមួយ ឧណ្ហភូមិនៃរាងកាយខ្លួនត្រូវការ និងកាត់បន្ថយ ការកាប់ឈើ បំផ្លាញព្រៃ ឬចលនាឲ្យមានការដាំ ដើម ឈើ រក្សាទឹកជាដើម ។ ត្រង់ចំណុចនេះឯង ដែលព្រះតេជគុណពុទ្ធទាស បានអធិប្បាយថា “ការប្រតិបត្តិព្រះធម៌គឺ ការបំពេញតួនាទី” ហើយដែលពោលត្រឹមត្រូវតាមគន្លងធម៌ក៏គឺ ត្រឹមត្រូវ តាមច្បាប់ធម្មជាតិ ឬសច្ចធម៌ គឺការពិតដែលជាអង្គរួម និងធម្មសច្ចៈ គឺការពិតចំពោះវត្ថុនោះ ៗ ឯង ។
- ត្រូវមាន ឬ ត្រូវបានបដិវេធធម៌ គឺ មនុស្សត្រូវស្វែងរកមធ្យោបាយកែខៃឲ្យបាន ថាការមិន មាន វិបតិ្តបរិដ្ឋាន ដូចជាកម្តៅពិភពលោកជាដើម ដែលពោលមកនោះ គឺអ្វី និង ត្រូវកំណត់ទិសដៅ ទុកថា យើងនឹងចូលទៅឲ្យដល់ក្របដល់ភាវៈ ឬសភាវៈនោះ សឹងយើងគិតថានោះ គឺសុខ ភាវៈ ខាងផ្លូវកាយរបស់យើង ហើយនឹងជះឥទ្ធិផលចំពោះសុខភាវៈខាងផ្លូវចិត្តរបស់យើងផង នាំខ្លួន ឯងចូលទៅកាន់ និងឋិតនៅជាមួយគោលធម៌គឺ សច្ចៈ ៣ គឺ សច្ចានុលក្ខណា គឺសទ្ធាជឿមាំក្នុង ភាពជាមនុស្សរបស់ខ្លួនថា អាចចូលទៅដល់ សច្ចានុពោធា គឺការតាម ដឹងសេចក្តី ពិតទាំង ឡាយ បានដោយអាស្រ័យ សច្ចានុបត្តិ គឺការតាមប្រព្រឹត្តប្រតិបត្តិ ដោយប្រើកម្លាំងកាយ កម្លាំង ចិត្តរបស់ខ្លួននោះគឺការអាស្រ័យការប្រតិបត្តិធម៌ជាឧបករណ៍ចូលទៅដល់បដិវេធធម៌ នោះ ឯង ។
វិបត្តិសេដ្ឋកិច្ចពិភពលោក (World Economic Crisis) រឿងដែលឈ្មោះថា សេដ្ឋកិច្ចនោះជា ចំណែក មួយនៃជីវិតមនុស្សគ្រប់គ្នា ។ អ្នកប្រាជ្ញបានឲ្យនិយមន័យពាក្យនេះថា “សេដ្ឋកិច្ច” ថា បានដល់ កិច្ចដ៏ប្រសើរ គឺកិច្ចដែលនឹងជួយជីវិតមនុស្សតំរងនៅ និងជម្រុញតទៅ បានពោលថា សារៈសំខាន់នៃរបបសេដ្ឋកិច្ច គឺ ការផលិត ការចែកចាយផលិតផល និងការបរិភោគផលិតផល ដែលជាប់ពាក់ព័ន្ធជាមួយបច្ច័យក្នុងការតំរងជីពរបស់មនុស្ស គឺវត្ថុជាគ្រឿង ឧបភោគបរិភោគក្នុង ជីវិតប្រចាំថ្ងៃ សឹងបច្ចុប្បន្នរបបសេដ្ឋកិច្ចរបស់មនុស្ស ត្រូវបានកំណត់ឲ្យឋិតទៅ លើចំណូលនិង ចំណាយដែលជាហិរញ្ញវត្ថុចូលមកជាចលករជម្រុញភារកិច្ចនិងការបានមក នូវបច្ច័យក្នុងការតំរង រក្សាជីវិត ពេលវដ្តនៃហិរញ្ញវត្ថុមានបញ្ហារអាក់រអួល ព្រោះការថ្លោះធ្លោយខាង ផ្នែកបញ្ញារបស់ មនុស្ស ក៏បង្កឲ្យកើតបញ្ហាផ្សេង ៗ តាមមកទៀតជាច្រើន និងមានផលជះឥទ្ធិពល ដល់មនុស្ស ទូទាំងពិភពលោក ។ មនុស្សមិនប្រាថ្នានឹងជួបប្រទះបញ្ហាវិបត្តិសេដ្ឋកិច្ច តែសេដ្ឋកិច្ច ក៏ឋិតនៅ ក្នុងឋានៈជាព្រះធម៌ប្រការមួយ និងឋិតនៅក្រោមគោលនៃហេតុផល ដែលភាសាពុទ្ធធម៌ ហៅថា គោលអរិយសច្ចៈឬ គោលឥទ្ធប្បច្ចយតាបដិច្ចសមុប្បាទនោះឯង គឺវាមានហេតុបច្ច័យឲ្យ កើត មានហេតុបច្ច័យឲ្យរលត់ ។ ពុទ្ធសាសនិកជនដែលបានសិក្សាគោលធម៌ ដែលមាន នាមថា ឥទ្ធ ប្បច្ចយតា បដិច្ចសមុប្បាទ ឬ អរិយសច្ច ឬ គោលធម៌ ៤ ន័យ ដែលពោលកន្លងមកហើយនេះ ក៏ នឹងឋិត នៅជាមួយភាវៈវិបត្តិ និងធ្វើការយល់ចូលចិត្តរួមទាំងកែខៃវិបត្តិឲ្យ បានជាឱកាសបានគឺ ៖
- ត្រូវដឹង គឺដឹងថា សភាពបញ្ហា ឬ សភាវធម៌របស់សេដ្ឋកិច្ច ឬវិបត្តិសេដ្ឋកិច្ចគឺអ្វី យ៉ាងម៉េច ពេល ណា ជាដើម ។
- ត្រូវឃើញ គឺ ធ្វើការសិក្សាស្វែងយល់ឲ្យបានថា វិបត្តិដែលពោលមក នោះមានអ្វីជាហេតុនាំ កើត ស្វែងរកហេតុបច្ច័យនោះឲ្យឃើញ ។
- ត្រូវធ្វើ គឺ ត្រូវឌិតដៃឌិតជើងប្រព្រឹត្តប្រតិបត្តិ ចាត់ការហេតុបច្ច័យដែលបង្កឲ្យកើតវិបត្តិ ដូច ដែល បានដឹងសភាព ឃើញហេតុបច្ច័យពិតរបស់ភាវៈវិបត្តិនោះបាន ។
- ត្រូវបាន គឺ ចូលទៅដល់ភាវៈប្រក្រតី ឬភាវៈរួចផុតពីវិបត្តិ មានឥស្សរភាព មិនឋិតនៅជាទាសៈ នៃបញ្ហា តែប្រើបញ្ញាជាឧបករណ៍ឃុំគ្រងខ្លួន ។
ពុទ្ធសាសនិកជន ដែលចូលទៅដល់ព្រះធម៌របស់ព្រះពុទ្ធជាម្ចាស់ នឹងមិនក្តៅក្រហាយ មិន កើតទុក្ខជាមួយភាវៈវិបត្តិខាងដើមនេះ រហូតដល់ហួសហេតុព្រោះមានចំណេះវិជ្ជា ភាពច្បាស់ លាស់ ក្នុងសច្ចធម៌ ឬច្បាប់ធម្មជាតិថា ធម៌ទាំងឡាយកើតចេញពីហេតុ ហើយនឹងរលត់ ទៅវិញ ក៏ព្រោះ ហេតុរលត់ គឺមានកើត មានរលត់ ជាធម្មតា ។ តាមភ្នតគំនិត វិធីប្រតិបត្តិ តាមធម៌ ៤ ប្រការហើយ ពុទ្ធសាសនិកអាចនាំយកគោលពុទ្ធធម៌ ខបញ្ហាមកកែខៃបញ្ហាទុក្ខភាវៈ ដែលកើត ឡើងក្នុងកាយ ចិត្ត របស់មនុស្សបានផង ដោយអាស្រ័យវិជ្ជា ការយល់ចូល ចិត្តក្នុង ក្បួនការ កើត ទុក្ខ ក្នុងចិត្តរបស់ មនុស្សដែលហៅថា បដិច្ចសមុប្បាទ ឬអវិជ្ជា សង្ខារ…ជាតិ ភព ដែលហៅថា សមុទយទ្វារ និង មានសទ្ធា ប្រាមោទ្យ…វិមុត្តិ ដែលហៅថា និរោធ ជាឧបករណ៍កែទុក្ខផ្លូវចិត្តបាន មិនឲ្យកើត ភាវៈ វិបត្តិកើតឡើងក្នុងចិត្ត ឬចិត្តកើតវិបត្តិ ព្រោះពិសរបស់សេដ្ឋកិច្ចជាហេតុ ដោយ អាស្រ័យ សតិ សម្បជញ្ញៈ ជាជំនួយសំខាន់ គឺមានសតិបញ្ញាដឹងថា វាជាយ៉ាងនោះឯង គឺប្រព្រឹត្ត ទៅតាមហេតុ បច្ច័យ ។
វិបត្តិនយោបាយ និងសន្តិសុខពិភពលោក (World Political Conflict and Peace Crisis) ពុទ្ធសាសនិកសម្លឹងមើលនយោបាយថាជាព្រះធម៌ខទី ៣ ក្នុងព្រះធម៌ ដែលមានន័យ ៤ យ៉ាង គឺ សម្លឹងមើលឃើញថា នយោបាយជារឿងតួនាទីរបស់មនុស្សត្រូវធ្វើ ឬប្រតិបត្តិឲ្យត្រឹមត្រូវតាម ច្បាប់ ឬតាមច្បាប់ធម្មជាតិ និងច្បាប់សង្គម ដែលសមស្របត្រូវត្រង់តាមច្បាប់ធម្មជាតិ ទើបបង្កឲ្យ កើត ផលល្អដល់មនុស្សបាន និងសម្លឹងមើលការគ្រប់គ្រងតាមរបបប្រជាធិបតេយ្យ ថានឹងត្រូវ កាន់ យកព្រះធម៌ជាធំ ដែលហៅថាធម្មាធិបតេយ្យ មិនលើកដំកើងឲ្យប្រកាន់ខ្លួន និងប្រកាន់មតិ សង្គម (អត្តាធិបតេយ្យ និងលោកាធិប តេយ្យ) ដែលប្រាស់ចាកធម៌ជាធំ ។ បច្ចេកបុគ្គល ឬ ក្រុម បុគ្គលក៏ជាធំបាន គឺឲ្យមានអំណាចគ្រប់គ្រង ឬចាត់ការសង្គមបាន តែត្រូវឋិតនៅក្រោមព្រះធម៌ ឲ្យកាន់ យកព្រះធម៌ជា ធំ មិនប្រកាន់ខ្លួននិងសង្គម គឺមនុស្សចំនួនច្រើនជាធំ និងមនុស្ស គ្រប់រូប គ្រប់ភាគី ត្រូវប្រព្រឹត្តប្រតិបត្តិតាមព្រះធម៌ ។ អ្នកនយោបាយត្រូវកាន់ព្រះធម៌ជាធំ ប្រជាជនឯង ក៏ត្រូវប្រកាន់យកព្រះធម៌ជាធំ ។
ប្រសិនបើអ្នកនយោបាយនិងសមាជិកក្នុងសង្គមខ្វះព្រះធម៌ ប្រជាធិបតេយ្យក៏ក្លាយជាអណា ធិបតេយ្យ ។ នោះគឺអ្នកនយោបាយនិងសមាជិកក្នុងសង្គម នឹងត្រូវឆ្លងកាត់ការបង្វឹកអប់រំខ្លួន ឲ្យមានបញ្ញាធម៌ មានគុណធម៌និងចរិយធម៌ នោះគឺ គ្រប់ភាគី ត្រូវជា អ្នកមានចំណេះដឹង និងមាន គំនិតបានល្អ តាមគោលអរិយសច្ចៈ ៤ ឬអរិយសច្ចមានអង្គ ៨ ឬ គោលពោធិបក្ខិយធម៌ ៣៧ ប្រការ មានសតិបដ្ឋាន ៤ ជាដើម ឬន័យមួយទៀត អ្នកនយោបាយ និងសមាជិតសង្គម នឹងត្រូវ តាំងខ្លួននិងដម្កល់ខ្លួនទុកក្នុងធម៌គឺ គោលកុសលកម្មបថ ១០ មាន កាយសុចរិត ៣ វចីសុចរិត ៤ និងមនោសុចរិត ៣ ហើយគេចចេញពីអកុសលកម្មបង ១០ គឺ កាយទុច្ចរិត ៣ វចីទុច្ចរិត ៤ និងមនោទុច្ចរិត ៣ ប្រសិនបើសមាជិក ក្នុងសង្គមគ្រប់ ជាន់ថ្នាក់ ប្រកាន់ យកព្រះធម៌ជាធំ គឺបញ្ញាធម៌ គុណធម៌ និងចរិយាធម៌ ដូចពោលខាងដើម ជឿថា ភាវៈវិបត្តិ នយោបាយ ពិភពលោក នឹងមិនកើត ឬកើតតែនឹងកែខៃដោយសន្តិ មនុស្សនិងសង្គមក៏ នឹងមាន សន្តិសុខនិងមានសេចក្តី សុខបាន ។
ឋិតនៅក្នុងទស្សនៈនៃពុទ្ធសាសនិក ដែលស្គាល់ពុទ្ធធម៌ ក៏រមែងមើលឃើញថា នយោបាយ គឺព្រះធម៌ វិបត្តិនយោបាយក៏គឺវិបត្តិព្រះធម៌ ឬវិបត្តិមនុស្ស ដែលធ្វេសប្រហែស ខ្វះខាត ការយល់ ដឹងព្រះធម៌ និងប្រព្រឹត្តប្រតិបត្តិតាមព្រះធម៌ ទើបបានទទួលផលល្អមិនបានសំបូណ៌ ឬខ្វះខាត ព្រះធម៌ ៤ ប្រការ គឺ សភាវធម៌ សច្ចធម៌ បដិបត្តិធម៌ និងបដិវេធម៌ នោះឯង។
៤. សរុប
ឋិតនៅក្រោមវិជ្ជានិងគំនិត និងគោលបដិបត្តិ ដែលមាននាមថាត្រៃសិក្ខា គឺ គោលចម្រើន បញ្ញា ចម្រើនសមាធិ និងចម្រើនសីល ឬដែលដឹងឮជាទូទៅថា គោលសីល សមាធិ បញ្ញា ឬ ឲ្យលះបង់ អកុសលធម៌ទាំងពួង តែចម្រើនកុសលធម៌ និងធ្វើចិត្តឲ្យបរិសុទ្ធស្អាត ឬអរិយសច្ច ៤ មគ្គមានអង្គ ៨ និងគោលហេតុផលដែលនាមថា ឥទ្ធប្បច្ចយតាធម៌ជាដើម សុទ្ធសឹងតែជាវិជ្ជានិង គំនិត និង គោលប្រតិបត្តិក្នុងការអភិវឌ្ឈន៍ខ្លួន អភិវឌ្ឈន៍មនុស្ស ឲ្យបានយល់ដឹងព្រះធម៌ គឺដឹង សភាវធម៌ យល់ព្រះធម៌ គឺយល់ដឹងសច្ចធម៌ ប្រព្រឹត្តប្រតិបត្តិព្រះធម៌ និងបដិវេធធម៌ គឺ បានផល តាមព្រះធម៌ ។ សង្គមមនុស្សដោយពិតជាសង្គមដែលស្តុកស្តំព្រះធម៌ទាំងបញ្ញាធម៌ គុណធម៌ និង ចរិយាធម៌ ដែលនឹងនាំមកជាឧបករណ៍ក្នុងការកែខៃបញ្ហា និងបង្វឹកអប់រំខ្លួនឯង និងមនុស្ស លោក ទាំងពួង បានទាំងបញ្ញាផ្នែកខាងក្នុងនិងខាងក្រៅខ្លួន តែចំណុចខ្សោយរបស់សង្គមពុទ្ធ ឬសង្គមលោក ដោយរួម ដូចជាសង្គមខ្មែរ ក៏គឺខ្វះការសិក្សា ខ្វះការយល់ដឹងព្រះធម៌ និងខ្វះការ ប្រព្រឹត្ត ប្រតិបត្តិ ព្រះធម៌ ដោយហេតុនេះ បដិវេធធម៌គឺសន្តិសុខ ទើបមិនបានសម្បូណ៌…។ វិបត្តិ ពិភពលោក ដោយ ពិតគឺ វិបត្តិខាងក្នុងកាយចិត្តរបស់មនុស្ស កែខៃវិបត្តិនៅលើខ្លួនមនុស្សបាន វិបត្តិពិភពលោកនឹង បានធូរស្បើយនៅទីបំផុត៕
